សៀមរាប៖ អគារសម្ភពថ្មី នៃមន្ទីរពេទ្យគន្ធបុប្ផាសៀមរាប ដែលចំណាយថវិកាសាងសង់ និងបំពាក់បរិក្ខារវិជ្ជសាស្រ្តសរុបចំនួនប្រមាណជាង ៣ លានដុល្លារអាមេរិក មានសមត្ថភាពផ្ទុកគ្រែសរុបចំនួន១២០គ្រែ ដែលអាចឆ្លើយតបនឹងតម្រូវការសេវាជូនស្ត្រីមានផ្ទៃពោះ និងទារក ត្រូវបានសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការ។
ពិធីសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការត្រូវបានធ្វើឡើងនៅថ្ងៃទី ១៥ ខែកុម្ភៈ ឆ្នាំ ២០២៤ ក្រោមអធិបតីភាព លោក ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល, អនុប្រធានក្រុមប្រឹក្សាបរធនបាលនៃមូលនិធិគន្ធបុប្ផាកម្ពុជា និងជាតំណាងលោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាបរធនបាលនៃមូលនិធិគន្ធបុប្ផាកម្ពុជា។
ក្នុងឱកាសនោះ លោក ឈាង រ៉ា បានថ្លែងថា ៖«សមិទ្ធផលថ្មីនេះបានរួមចំណែកយ៉ាងសំខាន់ក្នុងវិស័យសុខាភិបាល ដែលជាមុំអាទិភាពមួយនៃយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជានីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ដែលបន្តរក្សាបានសន្តិភាព ស្ថិរភាពនយោបាយ សេដ្ឋកិច្ច សង្គម និងអភិវឌ្ឍន៍»។
អគារសម្ភពថ្មីនៃមន្ទីរពេទ្យគន្ធបុប្ផាសៀមរាប បានចំណាយថវិកាបំពាក់បរិក្ខារវេជ្ជសាស្រ្ត និងសាងសង់ចំនួន ៣,២ លានដុល្លារអាមេរិកនេះ មានកម្ពស់ ៣ជាន់ និង១២០គ្រែ ដែលមានសមត្ថភាពអាចពិនិត្យ ព្យាបាល សម្រាល (ធម្មជាតិ ឬវះកាត់) ស្រ្តីមានផ្ទៃពោះ និងសង្គ្រោះបន្ទាន់ទារកទើបកើត ផងដែរ។
ការបរិច្ចាគរបស់លោកអ្នកគឺពិតជាបានរួមចំណែកយ៉ាងសំខាន់ ក្នុងការចូលរួមរក្សានិរន្តរភាពរបស់មន្ទីរពេទ្យគន្ធបុប្ផាដែលកំពុងមានបេសកកម្មសង្រ្គោះជីវិតកុមារនៅកម្ពុជា ដោយឥតគិតថ្លៃ៕