ភ្នំពេញ៖ មេធាវី របស់គណបក្សប្រជាជនកម្ពុជា នៅថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៤នេះ បានដាក់ពាក្យបណ្តឹង ប្តឹងលោក ស៊ឹង សែនករុណា អនុប្រធានសមាគមការពារសិទ្ធិមនុស្សអាដហុក (Adhoc) ទៅកាន់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បី ឱ្យចោទប្រកាន់ និងផ្តន្ទាទោស តាមនីតិវិធីជាធរមាន ជាពិសេស ទាមទារសងជំងឺចិត្ត ២ពាន់លានរៀល។
ការដាក់ពាក្យបណ្តឹងប្តឹង លោក ស៊ឹង សែនករុណា នៅពេលនេះ ធ្វើឡើង បន្ទាប់ពីលោក ធ្វើបទសម្ភាសន៍ ជាមួយ សារព័ត៌មាន The Cambodia Dailly Khmer រិះគន់ និងចោទប្រកាន់ គណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សកាន់អំណាច ថា ប្រើប្រាស់ប្រព័ន្ធតុលាការ គៀបសង្កត់គណបក្សប្រឆាំង ជាដើម។
សម្តេច ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា (CPP) នៅថ្ងៃទី ៤ ខែកុម្ភៈ បានបញ្ជាក់ថា៖«គ្មានការយោគយល់ណាសម្រាប់ផ្តល់ឱ្យពួកអ្នកទៀតទេព្រោះនៅពេលអ្នកវាយប្រហារមកលើគណបក្សប្រជាជនឬមកលើខ្ញុំតើពួកអ្នកមានបានយោគយល់ដល់យើងដែរឬទេ?។
សម្តេច ហ៊ុន សែន បន្តថា៖«ក្នុងការចុះផ្សាយក៍មានការនិយាយដោយសឹង សែនករុណា។ខ្ញុំសូមឱ្យមេធាវីគណបក្សសឹក្សាផ្លូវច្បាប់ដើម្បីប្តឹងមនុស្សម្នាក់នេះទៀតប្រសិនមានមូលដ្ឋានគ្រប់គ្រាន់ខាងផ្លូវច្បាប់»។
សម្តេច ហ៊ុន សែនបន្ថែមថា៖«យើងសូមបញ្ជាក់ថាគណបក្សប្រជាជនកម្ពុជាមិនផ្តល់ឱកាសសម្រាប់មនុស្សណាក៍ដោយប្រមាថមើលងាយងាយគណបក្សតទៅទៀតទេ យើងត្រូវរកយុត្តិធម៍សម្រាប់ខ្លួនយើងតាមផ្លូវតុលាការ។(សិទ្ធរបស់អ្នកមានព្រំដែនជាមួយសិទ្ធរបស់ខ្ញុំ)»។
លោក ស៊ឹង សែនករុណា នៅថ្ងៃទី ៥ ខែកុម្ភៈនេះ បានសរសេរនៅលើគណនីហ្វេសបុករបស់ខ្លួនថា ៖«បេសកម្ម សកម្មភាព និងការផ្តល់បទសម្ភាសន៍ របស់ខ្ញុំក្នុងបំណងពង្រឹងការគោរព សិទ្ធិមនុស្ស ច្បាប់យុត្តិធម៌សង្គម និងប្រជាធិបតេយ្យ ដោយមិនបម្រើបក្សនយោបាយណាមួយនោះទេ ហើយក៏គ្មានចេតនាណាមួយវាយប្រហារបក្សនយោបាយណាមួយឡើយ »។
លោក បន្តថា «រាល់ការសម្រង់សម្តីរបស់ខ្ញុំ ទៅបន្ថែមបន្ថយបញ្ចេញបញ្ចូលវាយប្រហារចំៗលើឈ្មោះបក្សនយោបាយណាមួយនោះ វាមិនមែនជាចេតនា និងគោលបំណងរបស់ខ្ញុំនោះទេ ដូច្នេះខ្ញុំមិនទទួលស្គាល់ឡើយ »។
លោក បន្ថែមថា៖«សូមអរគុណច្រើន នូវទឹកចិត្តផ្ញើសារសួរសុខទុក្ខ និងព្រួយបារម្ភ ពីខាងគ្រួសារ បងប្អូន មិត្តភក្តិ បងប្អូនខាងសារព័ត៌មាន បងប្អូនខាងអង្គការសង្គមស៊ីវិលជាដៃគូជាតិ អន្តរជាតិ បងប្អូនមិត្តភក្តិទូតបរទេសមួយចំនួន ចំពោះសុវត្ថិភាពរបស់ខ្ញុំ ខ្ញុំបាទមិនអីនោះទេ» ៕