ភ្ញៀវទេសចរអន្តរជាតិមកទស្សនាខេត្តសៀមរាបក្នុងខែមករានេះកើនឡើងជិត៥០%

សៀមរាប៖ ក្នុងរយៈពេលពេញ១ខែ នាខែមករា ដើមឆ្នាំ២០២៤នេះ មានភ្ញៀវទេសចរអន្តរជាតិ ទស្សនាក្នុងភូមិសាស្ត្រខេត្តសៀមរាបក្នុង ចំនួន ១១៥.៥៣២នាក់ មានការកើនឡើងជាង ៤៩ ភាគរយបើប្រៀបធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២៣ ដែលចំនួន ៧៧.៤៣៦នាក់ ប៉ុន្តែភ្ញៀវទេសចរជាតិ ថយចុះជាង២៥ភាគរយ បើប្រៀបធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២៣ ក្នុងនោះខែមករាឆ្នាំនេះ មានចំនួន ១៥៣.៩០០នាក់ នាក់ និង ខែមករាឆ្នាំមុន មានចំនួន ២០៦.០០០នាក់ ។

យោងតាមរបាយការណ៍មន្ទីរទេសចរណ៍ខេត្តសៀមរាប ចេញផ្សាយនៅថ្ងៃទី៥ ខែកុម្ភៈ បានឲ្យដឹងថា ក្នុងចំណោមភ្ញៀវទេសចរជាតិនិងអន្តរជាតិជិត ២៧ម៉ឺននាក់នោះ ពួកគាត់បានមកទស្សនាកម្សាន្តនៅតាមតំបន់ប្រាសាទ តំបន់រមណីយដ្ឋានធម្មជាតិភ្នំគូលែន តំបន់រមណីយដ្ឋានធម្មជាតិក្បាលស្ពាន តំបន់បឹងទន្លេសាប និង រមណីយដ្ឋានសហគមន៍តាមបណ្តាក្រុងស្រុក រួមទាំងរមណីយដ្ឋានកែច្នៃផ្សេងៗជាច្រើនកន្លែងទៀត ៕