៣ឆ្នាំ! ក្រសួងអធិការកិច្ច ទទួលពាក្យបណ្ដឹងពីពលរដ្ឋចំនួន៤៧បណ្ដឹង ខណៈដោះស្រាយរួច៤០បណ្ដឹង

ភ្នំពេញ៖ លោក ហូត ហាក់ រដ្ឋមន្រ្តីក្រសួង អធិការកិច្ច បានគូសបញ្ជាក់ថា រយៈពេល៣ឆ្នាំចុងក្រោយនេះ ក្រសួងបានទទួលពាក្យបណ្ដឹង ពីប្រជាពលរដ្ឋ បានចំនួន៤៧បណ្ដឹង ក្នុងនោះដោះស្រាយចប់រួចរាល់បានចំនួន៤០បណ្ដឹង និងនៅសល់៧បណ្ដឹងទៀត កំពុងបន្តនីតិវីធីដោះស្រាយ។

ក្នុងវេទិកាពិភាក្សាលើប្រធានបទ «អធិការកិច្ចក្នុងបរិបទកំណែទម្រង់» កាលពីព្រឹកថ្ងៃទី៤ ខែមករា ឆ្នាំ២០២៤ នៅទីស្ដីការក្រសួង លោក ហូត ហាក់ បានថ្លែងថា សមត្ថកិច្ចទទួលពាក្យបណ្ដឹងនៅពេលស្រាវជ្រាវ និយាយជារួមមិនមែនសំដៅតែរឿងដីធ្លីទេ បណ្ដឹងបរិហារកេរ្តិ៍ បណ្ដឹងតវ៉ា គ្រប់រូបភាពដែលទាក់ទងជាមួយបេសកកម្មរបស់ក្រសួង គឺក្រសួងមាន
សមត្ថកិច្ចពិនិត្យនិងដោះស្រាយ។ ប៉ុន្តែជាបទពិសោធន៍ ជាក់ស្ដែងកន្លងមកគឺចំនួន៩០% នៃបណ្ដឹងដែលចូលមកគឺច្រើនតែ ជាបណ្ដឹងពាក់ព័ន្ធទំនាស់ដីធ្លី។

លោក បន្តថា «ចំពោះតួរលេខពាក់ព័ន្ធជាមួយបណ្ដឹងដីធ្លី ខ្ញុំគ្រាន់តែជម្រាបជូនថា ក្នុងរយៈពេល៣ឆ្នាំចុងក្រោយនេះ ក្រសួងយើងខ្ញុំទទួលបាន៤៧បណ្ដឹង ហើយដែលក្នុងនោះ៤០បណ្ដឹង យើងបានដោះស្រាយបិទបញ្ចប់សំណុំរឿង ដោយឈរលើ យុទ្ធសាស្រ្តឈ្នះៗ»។

លោក ហូត ហាក់ បញ្ជាក់ថា ពាក្យបណ្ដឹងដែលក្រសួងទទួលបាន គឺភាគច្រើន សុទ្ធតែជាបណ្ដឹងយ៉ិនស៊ិន ពោលគឺជាបណ្ដឹងចាស់ៗ ដែលមានលក្ខណៈយូរអង្វែង ហើយជាបណ្ដឹងដែលមានលក្ខណៈស្មុគស្មាញ ដោយគូវិវាទនៃបណ្ដឹងទាំងនេះ គឺមិនមែនជាអ្នកធម្មតា ពោលគឺជាអ្នកដែលមានបណ្ដាស័ក្កិប៉ះជាមួយអ្នកមានបណ្ដាស័ក្កិដូចគ្នា និងគូវិវាទមួយទៀតគឺពលរដ្ឋធម្មតាប៉ះជាមួយអ្នកមានបណ្ដាស័ក្កិជាដើម។

ក្នុងឱកាសនោះ លោករដ្ឋមន្រ្តី បានសង្កត់ធ្ងន់ថា ក្រសួងអធិការកិច្ចនិងអង្គភាពប្រឆាំងអំពើពុករលួយ(ACU) សហគ្នាបានយ៉ាងល្អ ក្នុងគោលដៅខុសគ្នា ដោយACU ដោះស្រាយរឿងក្ដៅៗ ក្រសួងអធិការកិច្ចដោះស្រាយរឿងត្រជាក់ៗ ពោលគឺក្រសួងអធិការកិច្ចចុះទៅដល់គោលដៅមុនជាប្រចាំដើម្បីមើលស្ថានការណ៍ជាក់ស្ដែង(ឃើញខុសតិចតួចប្រាប់ឱ្យកែ ខុសល្មមកត់ត្រាទុក ខុសធ្ងន់ធ្ងរចាត់វិធានការ) តែបើACU វិញ បើចុះទៅដល់ហើយ ឃើញខុសធ្ងន់ធ្ងរ គឺត្រូវចាត់ចែងតាមច្បាប់តែម្ដងអត់ទុកយូរនោះទេ។

លើសពីនេះទៀត លោករដ្ឋមន្រ្តី បានបញ្ជាក់ថា ក្រសួងបាននិងកំពុងដាក់ចេញនូវផែនការសកម្មភាព ចំនួន៤ចំណុចសំខាន់ៗ រួមមាន៖ទី១ ការពង្រឹងសមត្ថភាពស្ថាប័ន ទី២.ការកសាងនិងអភិវឌ្ឍន៍ធនធានមនុស្សរបស់ក្រសួង ឱ្យទៅជាមូលធនមនុស្ស ទី៣.ការកសាងច្បាប់និងលិខិតបទដ្ឋានគតិយុត្តិនានា ដែលពាក់ព័ន្ធជាមួយនឹងការងារអធិការកិច្ច ដោយក្នុងនោះក្រសួងបាននិងកំពុងកសាងសេចក្ដីព្រាងច្បាប់ ស្ដីពីអធិការកិច្ច និងទី៤. ការកសាងនិងថែរក្សាបរិយាកាសុខដមរមនីយកម្ម នៅក្នុងក្រសួងក៏ដូចជាអង្គភាពទាំងនៅថ្នាក់ជាតិ និងនៅថ្នាក់ក្រោមជាតិ៕