កម្ពុជា-វៀតណាម បានពិភាក្សាជុំវិញគោលបំណងជំរុញការវិនិយោគ និងពាណិជ្ជកម្ម ព្រមទាំងជជែកពិភាក្សា លើការពិនិត្យរៀបចំឱ្យវិនិយោគិនកម្ពុជា និងវិនិយោគិនវៀតណាមអាចជួបជជែកពិភាក្សាការងារ និងស្វែងយល់អំពីសក្ដានុពលសម្រាប់ការវិនិយោគក្នុងប្រទេសទាំងពីរ។
កិច្ចពិភាក្សានេះ ធ្វើឡើងនៅថ្ងៃទី ៣ ខែមករា ឆ្នាំ ២០២៤ រវាង លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា លោក Nguyen Huy Tang ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋសង្គមនិយមវៀតណាមប្រចាំកម្ពុជា។
នាឱកាសនោះ ឯកអគ្គរដ្ឋទូតវៀតណាម លោក Nguyen Huy Tang បានបង្ហាញក្ដីរំពឹងថា ប្រទេសទាំងពីរ នឹងអាចជំរុញការវិនិយោគ និងពាណិជ្ជកម្មរវាងគ្នាបន្ថែមទៀត ហើយឯកឧត្តមក៏បង្ហាញទិសដៅចង់ឱ្យមានវិនិយោគិនកម្ពុជា ចូលទៅវិនិយោគនៅប្រទេសវៀតណាមផងដែរ។
លោកឧបនាយករដ្ឋមន្ត្រី លោក ស៊ុន ចាន់ថុល ក៏បានលើកឡើងពីក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាដើរតួនាទីជាអ្នកសម្របសម្រួលកិច្ចការងារវិនិយោគ រវាងស្ថាប័នរាជរដ្ឋាភិបាលកម្ពុជាជាមួយវិស័យឯកជន។ ក្នុងនោះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា អាចដើរតួនាទីសម្របសម្រួលរៀបចំឱ្យវិនិយោគិនកម្ពុជា និងវិនិយោគិនពីបណ្ដាប្រទេសនានាអាចជួបគ្នា ដើម្បីជជែកពិភាក្សាស្វែងយល់ពីសក្ដានុពលផ្សេងៗក្នុងការវិនិយោគផងដែរ។
ក្នុងន័យនេះ លោកឧបនាយករដ្ឋមន្ត្រីនឹងពិនិត្យលទ្ធភាព ឱ្យវិនិយោគិនពីប្រទេសទាំងពីរ អាចជួបជជែកពិភាក្សាដើម្បីស្វែងយល់ពីឱកាសវិនិយោគរវាងគ្នានិងគ្នាផងដែរ៕