លោក យង់ ពៅ៖ ការបណ្តេញតំណាងក្រុមហ៊ុនហ្វេសប៊ុកចេញពីកម្ពុជា គឺជាការសម្រេចចិត្តនយោបាយដ៏ត្រឹមត្រូវរបស់ថ្នាក់ដឹកនាំ

ភ្នំពេញ៖ លោក យង់ ពៅ អគ្គលេខាធិការនៃរាជ្យបណ្ឌិតសភាកម្ពុជា បានលើកឡើងថា ការសម្រេចបណ្តេញតំណាងក្រុមហ៊ុនហ្វេសប៊ុកប្រចាំកម្ពុជាចេញពីប្រទេស គឺជាការសម្រេចចិត្តផ្នែកនយោបាយដ៏ត្រឹមត្រូវរបស់ថ្នាក់ដឹកនាំប្រទេស។

ការលើកឡើងរបស់ លោក យង់ ពៅ ធ្វើឡើងបន្ទាប់ពី ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ប្រកាសបណ្តេញតំណាងក្រុមហ៊ុន Facebook ចេញពីប្រទេសកម្ពុជា និងបញ្ឈប់រាល់សកម្មភាពជាតំណាងក្រុមហ៊ុន ជាមួយរាជរដ្ឋាភិបាលចាប់ពីថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣។

ទោះជាយ៉ាងណា លោក ថា ថ្នាក់ដឹកនាំនៃ រាជរដ្ឋាភិបាលគ្រាន់តែ សម្រេចបណ្តេញតំណាងក្រុមហ៊ុន Facebook ចេញពីប្រទេសកម្ពុជា ប៉ុណ្ណោះ ខណៈដំណើការកម្មវិធីហ្វេសប៊ុកនៅដដែល និងមិនទាន់ត្រូវបានប្រមុខថា្នក់ដឹកនាំប្រទេសបិទនៅឡើយនោះទេ។ ដូច្នេះ ប្រជាពលរដ្ឋខ្មែរនៅតែអាចប្រើប្រាស់បានជាធម្មតាម។

បើតាម លោក យង់ ពៅ ពលរដ្ឋខ្មែរទូទៅប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុក ដូចនឹងអាហារប្រចាំថ្ងៃ ថែមទាំងទទួលបានប្រយោជន៍ច្រើន លើសពីនយោបាយ ដូចជាការផ្សព្វផ្សាយផលិតផលផ្ទាល់ខ្លួន ជាថ្នាក់រៀនអនឡាញ និងគ្រប់ពេលវេលា ដោយទទួលបាន ចំណេះដឹង+ចំណេះធ្វើ (កសិកម្ម ពាណិជ្ជកម្ម សេវាកម្ម…) ទំនាក់ទំនងសាច់ញាតិ វេទិកាកម្សាន្ត និងបញ្ចេញអារម្មណ៍ជាដើម។

លោកបន្ថែមថា រីឯរាជការសាធារណៈវិញក៏ទទួលផលច្រើនផងដែររួមមាន ឆ្លុះបញ្ចាំងពីចំណុចខ្វះខាតនានា តាមរយៈប្រតិកម្មពីពលរដ្ឋ ប្រព័ន្ធផ្សព្វផ្សាយពីគោលនយោបាយ វិធានការ ច្បាប់រដ្ឋ ប្រព័ន្ធផ្សព្វផ្សាយ ពីមរតកវប្បធម៌ ទេសចរណ៍ និងយល់ដឹងពីនិន្នាការ ឥរិយាបថសង្គម។ល។

ជុំវិញបញ្ហានេះ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ (ក.ប.ទ.) នៅយប់ថ្ងៃទី៣០ ខែមិថុនា បានប្រកាសសម្រេចបណ្តេញតំណាងក្រុមហ៊ុន Facebook ចេញពីប្រទេសកម្ពុជា និងបញ្ឈប់រាល់សកម្មភាព ដូចជាភាពជាតំណាងរបស់ក្រុមហ៊ុន ទំនាក់ទំនងជាមួយរាជរដ្ឋាភិបាល និងកិច្ចសហការដៃគូក្នុងវិស័យឯកជន នៅប្រទេសកម្ពុជា ចាប់ពីថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣នេះតទៅ។

ក្រសួងបញ្ជាក់ថា ការសម្រេចនេះ ដោយពិនិត្យឃើញភាពមិនប្រក្រតីនៃសេវារបស់ក្រុមហ៊ុនហ្វេសប៊ុក (Facebook) សម្រាប់អ្នកប្រើប្រាស់នៅកម្ពុជា ដូចជា ការបង្កើតគណនីក្លែងបន្លំ ហានិភ័យលើទិន្នន័យឯកជន ការប្រើប្រាស់និងការប្រមូលទិន្នន័យឯកជន ការផ្សព្វផ្សាយព័ត៌មានក្លែងក្លាយ កង្វះគណនេយ្យភាពនិងតម្លាភាព និងការជ្រៀតជ្រែកចូលកិច្ចការនយោបាយ របស់ប្រទេសជាអាទិ៍។

តាមរយៈសារពិសេស នៅយប់ថ្ងៃទី៣០ ខែមិថុនានេះដែរ សម្តេច ហ៊ុន សែនបញ្ជាក់ថា គ្មានការបិទបណ្ដាញទំនាក់ទំនងសង្គមហ្វេសបុក ពីប្រទេសកម្ពុជានោះទេ ខណៈការវាយតម្លៃថាសម្ដេចនិងបិទ facebook ពីកម្ពុជាគឺជាការវាយតម្លៃដែលខុសឆ្គងមួយ។

ជាមួយគ្នានេះ ហ៊ុន សែន បានលើកឡើងថា សម្ដេចបានសម្រេចលុបទំព័រ facebook របស់សម្ដេចចេញដោយសារតែមានការអាខោនក្លែងក្លាយបន្លំច្រើន និងមានបញ្ហាច្រើនដែលត្រូវការពារ។ដូច្នេះ ការលុបចោលនេះក៏ដើម្បីឆ្លើយតបទៅនឹងវិធានការរបស់ក្រុមហ៊ុន META ដែលចង់ផ្អាកទំព័រ facebook សម្ដេចក្នុងរយៈពេល ៦ខែផងដែរ។

បន្ថែមពីនេះ សម្ដេច ហ៊ុន សែន បានបង្ហាញការមិនពេញចិត្តចំពោះក្រុមហ៊ុនមេត្តាដោយថាមានភាពលំអៀង ខណៈក្រុមប្រឆាំងបានប្រើប្រាស់ភាសាញុះញង់ ភាសាសង្គ្រាម និងប្រមាថដល់អង្គព្រះមហាក្សត្រ ក៏ប៉ុន្តែមិនត្រូវបានក្រុមហ៊ុននេះមានវិធានការនោះទេ។

សម្ដេចបានបន្ថែមថា ម្យ៉ាងវិញទៀត ដោយសារតែពេលនេះសម្ដេចបានប្រើប្រាស់ច្រើនទៅលើបណ្ដាញទំនាក់ទំនងសង្គមតេឡេក្រាមដែលបានផ្ញើសារជូនប្រជាពលរដ្ឋនិងមតិយោបល់ផ្សេងៗរបស់សម្ដេច ដូច្នេះសម្ដេចមិនចាំបាច់ពឹងតែលើ facebook ទៀតនោះទេ។

សម្ដេច ហ៊ុន សែនថ្លែងថា “ចាប់ពីថ្ងៃនេះទៅខ្ញុំមិនចាំបាច់គោរពនូវវិធានរបស់ហ្វេសប៊ុកនោះទេ។ អតីតប្រធានាធិបតីអាមេរិកលោកដូណាល់ត្រាំត្រូវបានគេព្យូរ facebook សម្រាប់ខ្ញុំមិនចាំបាច់ឲ្យអ្នកណាមកព្យួរនោះទេ គឺខ្ញុំលុបចោលខ្លួនឯងដល់មិនចាំបាច់ឲ្យក្រុមប្រឹក្សាភិបាលក្រុមហ៊ុន facebook យកទៅពិចារណាថាគួរព្យួរឬមិនព្យួរ។ មានអីត្រូវព្យួរទៀតបើខ្ញុំអត់មានផង”។

សម្តេច ហ៊ុន សែន បានសង្តត់ធ្ងន់ថា មិនមានការបិទ facebook ពីកម្ពុជានោះទេ ខណៈដែលរដ្ឋអាចត្រឹមមានវិធានការមិនឲ្យមានអ្នកតំណាងក្រុមហ៊ុននេះនៅក្នុងស្រុកតែប៉ុណ្ណោះ។ ក្នុងពេលជាមួយគ្នានោះ សម្ដេចបានផ្ដាំទៅក្រុមប្រឆាំងថា ពួកគេមិនទាន់យល់ និងស្គាល់ពីសម្ដេចតេជោច្បាស់ទេដែលមិនអាចធ្វើអ្វីឲ្យប៉ះពាល់ទៅដល់សម្ដេចបាន។

ជាមួយគ្នានេះ សម្ដេចដឹងថាក្រុមប្រឆាំងពិតជាឆ្លៀតឱកាសយករឿងនេះដើម្បីឲ្យប្រជាជនមានការថ្នាំថ្នាក់ជាមួយនឹងសម្ដេច ក៏ប៉ុន្ដែសម្ដេចបានយល់នឹងស្គាល់ពីតម្រូវការរបស់ប្រជាជន ខណៈក្រុមប្រឆាំងមិនអាចពិចារណាឬយល់អំពីសម្ដេចបាននោះទេទើបក្រុមនេះមិនអាចនឹងឈានជើងចូលកម្ពុជាបាន៕