ភ្នំពេញ ៖ សម្តេច ហ៊ុន សែន ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជាបាន ផ្តាំទៅកញ្ញា សេង ធារី អ្នកជំនាញច្បាប់មានងារជានារីអប្សរាក្បាលត្រងោលដែលមានដើមកំណើតជាជនជាតិខ្មែរតែបានទៅរស់នៅបរទេសជាច្រើន ខណៈបច្ចុប្បន្នកំពុងជាប់ពន្ធនាគារខេត្តព្រះវិហារថា បើចង់ធ្វើកូដកម្មអត់អាហារម្តងទៀតនោះក៏ធ្វើឲ្យងាប់ទៅ គ្មានអ្នកណាហាមឃាត់ទេ។
នៅក្នុងពិធី ជួបសំណេះសំណាលជាមួយកម្មករ និយោជិតសរុប ១៨,៣១៣នាក់ នៅតំបន់ព្រៃស្ពឺ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញនៅថ្ងៃទី ២៨ ខែមិថុនា ឆ្នាំ ២០២៣សម្តេច ហ៊ុន សែន ក៏បានលើកពីជនបរទេសមួយចំនួនចង់អន្តរាគមន៍ឲ្យដោះលែងអ្នកកំពុងជាប់ពន្ធនាគារ។ ជាក់ស្ដែងរឿងអប្សរាក្បាលត្រងោល (សេង ធារី) យកទៅដាក់គុកនៅព្រះវិហារ ហើយថ្ងៃមុនមានអ្នកចូលទៅសួរសុខទុក្ខ ហើយបានបញ្ជូនសារចេញមកក្រៅចង់ធ្វើកូដកម្មទៀត។
សម្ដេចថ្លែងថា “នាងឯងចង់ធ្វើកូដកម្ម អត់អាហារចង់ងាប់ ចង់ស្អីក៏ទៅតាមចិត្តខ្លួនឯងទៅ បញ្ជូនសារចេញមក យើងយកបានសារហ្នឹងតើ ខ្ញុំបានមើលសារនោះដែរតើ សារនោះពួកអនុរក្សដកហូតទុក គេចង់ធ្វើកូដកម្មទៀត។ អើបើវាចង់អត់បាយឲ្យវាអត់ទៅ វាមិនមែន ពោះរបស់យើងឯណា”។
បើតាម សម្តេច ហ៊ុន សែន ពីមុន សេង ធារី កោត្រងោលស្លៀកពាក់អប្សរា រួចដើរតាមផ្លូវ ដែលពេលនោះមិនទាន់ដល់ម៉ោង។ ប៉ុន្តែ នៅពេលដែលដល់ម៉ោងវ៉ៃខ្នោះគ្រឹប គ្មានបរទេសមកជួយបានទេ កុំចាត់ទុកថា សំណុំរឿងរសើបប៉ះពាល់ជាមួយប្រទេសនេះប្រទេសនោះ គឺអត់ទេព្រោះនាងជាជនជាតិខ្មែរ។
សម្ដេចបញ្ជាក់បន្ថែមថា ទោះបីបរទេសមកធ្វើកំហុសនៅស្រុកខ្មែរ ក៏ខ្មែរមានសិទ្ធិកាត់ទោសដាក់គុកនៅស្រុកខ្មែរដែរ។ ជាមួយគ្នានេះដែរ នាយករដ្ឋមន្ត្រី ក៏នឹងមិនលើកលែងទោសជាដាច់ខាត ដល់អ្នកជាប់ឃុំដែលមានអន្តរាគមន៍ពីបរទេស។
សូមបញ្ជាក់ថា នេះមិនមែនជាលើកដំបូងរបស់សេង ធារីដែលគំរាមធ្វើកូដកម្មអត់អាហារក្នុងពន្ធនាគារដែលជាប់ពាក់ព័ន្ធនឹងដំណើរនិវត្តន៍របស់លោក សម រង្ស៊ីចូលស្រុកវិញ កាលពីថ្ងៃ៩ ខែវិច្ឆិកា ឆ្នាំ២០១៩គឺមានច្រើនលើកហើយ៕