សម្តេច ហ៊ុន សែន បញ្ជាឲ្យបាញ់ទម្លាក់យន្តហោះគ្មានមនុស្សបើកហោះចូលទឹកដីកម្ពុជា

ភ្នំពេញ ៖ សម្តេច ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជាបានចេញសារជាសំឡេង ជាបន្ទាន់មួយបញ្ជាឲ្យសម្តេច ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ លោក វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ និងលោក ហ៊ីង ប៊ុនហៀង មេបញ្ជាការ បញ្ជាការដ្ឋានអង្គរក្ស ឲ្យបាញ់ទម្លាក់យន្តហោះគ្មានមនុស្សបើកដែលបានហោះចូលទឹកដីកម្ពុជានៅខេត្តរតនគិរី ជាប់ព្រំដែនវៀតណាម ។

តាមរយៈសារសំឡេងរបស់សម្តេច ហ៊ុន សែន នៅថ្ងៃទី ២៧ ខែមិថុនានេះ បញ្ជាក់ថា ការណ៍ដែលមានយន្តហោះគ្មានមនុស្សបើក ហៅថា ឌ្រូននោះ ហោះចូលទឹកដីកម្ពុជាដោយគ្មានការអនុញ្ញាតនេះ ក្រោយពីវៀតណាមមានបញ្ហារបៀបវាយប្រហារតាមបែបភេរវកម្មនៅជាប់ព្រំដែនកម្ពុជាកាលពីប្រមាណជា២សប្តាហ៍មុន ។

បើតាមសម្តេច ភាគីកម្ពុជាបានសួរនាំទៅខាងភាគីវៀតណាមអំពីបញ្ហានេះ តែវៀតណាមអះអាងថា មិនមែនជាឌ្រូនរបស់ខ្លួននោះទេ។ តាមការដាក់ការសង្ស័យរបស់សម្តេចគឺយន្តហោះគ្មានមនុស្សបើកហោះចូលមកខេត្តរតនគិរីជាច្រើនគ្រឿង ជាបន្តបន្ទាប់នាក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ គឺជាឌ្រូននៃពួកបច្ចាមិត្តដែលបានធ្វើសកម្មភាពវាយប្រហារនៅក្នុងទឹកដីវៀតណាម ដោយមួយចំនួនកំពុងបាក់ទ័ពរត់ចូលទឹកដីកម្ពុជានៅតាមព្រំដែនជាប់វៀតណាម ។

សម្តេចគូសបញ្ជាក់យ៉ាងដាច់ណាត់ថា “ក្នុងសភាពការណ៍បែបនេះ ខ្ញុំចេញបទបញ្ជាឲ្យសម្តេចពិជ័យសេនា ទៀ បាញ់ ឲ្យឯកឧត្តម វង្ស ពិសេន ឲ្យឯកឧត្តមហ៊ីង ប៊ុនហៀង បញ្ចេញនូវអាវុធសម្រាប់ការបាញ់យន្តហោះ ទៅកាន់ទីកន្លែងដែលត្រូវយន្តហោះឌ្រូនហោះចូល។ យើងត្រូវប្រើអាវុធដ៏ទំនើបរបស់យើង ដើម្បីបាញ់ទំលាក់ឌ្រូនណាក៏ដោយដែលហោះចូលក្នុងទឹកដីកម្ពុជា។ សូមចាត់ចែងជាបន្ទាន់ បញ្ចេញកំលាំងឲ្យបានឆាប់ ទាំងកំលាំងនិងអាវុធដែលនៅនឹងបញ្ជាការដ្ឋានអង្គរក្ស និងកំលាំងនិងអាវុធនៅអង្គភាពប្រឆាំងភេរវកម្មដែលអាវុធទាំងនោះ គឺជាអាវុធទំនើបដែលមានសមត្ថភាពបាញ់ទំលាក់យន្តហោះ ហើយក៏មានសមត្ថភាពបាញ់ឌ្រូន។ សូមបញ្ចេញកំលាំងជាបន្ទាន់ ដើម្បីអនុវត្តនូវវិធានការណ៍ចាំបាច់ ដើម្បីការពារនូវការឈ្លានពាន ឬការស៊ើបការណ៍ណាមួយពីសំណាក់ឌ្រូនដែលយើងមិនដឹងពីប្រភពថាវាមកពីខាងណា”។

ជាមួយគ្នានេះ សម្តេចនាយករដ្ឋមន្រ្តីកម្ពុជា បញ្ជាបន្ថែមទៀតទៅលោក ហ៊ីង ប៊ុនហៀង ឱ្យបញ្ចេញកំលាំង៥០០នាក់ និងអាវុធ២០០ដើមទៀត ដោយដាក់ពង្រាយគ្រប់ច្រកល្ហក់សម្រាប់ការទំលាក់យន្តហោះគ្មានមនុស្សបើកនេះ។

សម្តេចថា “ដូច្នេះ នាយឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀងត្រូវចាត់ការជាបន្ទាន់ បញ្ជូនកំលាំងឡើងភ្លាមចំនួន៥០០នាក់ជាមួយអាវុធយ៉ាងហោចបំផុត២០០ដើម ហើយបើចាំបន្ថែមទៀតគឺត្រូវតែបង្កើន”៕