ភ្នំពេញ៖ លោក ហ៊ុន ម៉ានី កូនប្រុសពៅរបស់សម្តេច ហ៊ុន សែន បដិសេធទទួលយកនូវទង្វើនយោបាយ អសីលធម៌របស់ក្រុមបក្សប្រឆាំង ក្រោយពីក្រុមនេះ បានបង្ហោះសារនៅលើបណ្តាញសង្គមហ្វេសប៊ុក ប្រមាថលើក្រុមគ្រួសាររបស់លោក និងសម្តេច ហ៊ុន សែន ដែលប្រមុខថ្នាក់ដឹកនាំនៃប្រទេសកម្ពុជា ។
លោក ហ៊ុន ម៉ានី បានសរសេរនៅលើទំព័រហ្វេសប៊ុករបស់ខ្លួននៅរសៀលថ្ងៃទី២៣ ខែមិថុនានេះថា “ទង្វើម្តងហើយម្តងទៀតដែលនាំអោយខ្ញុំត្រូវបង្ខំចិត្តអោយមានជំហរដាច់ខាតចំពោះការធ្វើនយោបាយអសីលធម៌”។
លោកបន្តថា “ក្នុងនាមខ្ញុំ ជាកូន ខ្ញុំពិតជាមិនអាចទទួលយកបានឡើយនូវការប្រើពាក្យពេចន៍ប្រមាថយ៉ាងធ្ងន់ធ្ងរដល់អាយុជីវិតក្រុមគ្រួសារខ្ញុំ ពីជនអគតិ មកពីបក្សប្រឆាំង។ ការប្រមាថ ម្តងហើយ ម្តងទៀតបែបនេះ ជាទង្វើដែលគ្មានក្រមសីលធម៌ និងមិនអាចអត់ឱនឲ្យបានជាដាច់ខាត”។
លោកបន្ថែមថា “ តើនេះជាការធ្វើនយោបាយអ្វី? តើនេះ ជានយោបាយ ដែលយើងគ្រប់គ្នាអាចទទួលយកបានទេ? ជាធម្មតា ការធ្វើនយោបាយ ត្រូវមានព្រំដែន ពោលជាការប្រកួតប្រជែងដោយមានក្រមសីលធម៌ និងការទទួលខុសត្រូវ ដោយស្គាល់ច្បាស់នូវព្រំដែនបែងចែករវាងទិដ្ឋភាពសង្គម និងទិដ្ឋភាពផ្ទាល់ខ្លួន”។
លោកបញ្ជាក់បន្ថែមថា “ ចំពោះការធ្វើនយោបាយដ៏អសីលធម៌បែបនេះ តើខ្ញុំត្រូវមានជម្រើសអ្វីក្រៅពីការប្រកាន់ជំហរច្បាស់លាស់ និងដាច់ណាត់ចំពោះជនអគតិទាំងនេះ? ក្នុងរយៈពេលច្រើនឆ្នាំមកនេះ អស់លោកម្តងហើយម្តងទៀតបានបង្រៀនខ្ញុំថា ការគិតគូររឿងនយោបាយដែលតម្កល់ផលប្រយោជន៍ជាតិ និងប្រជាជន គឺមិនគ្រប់គ្រាន់ទេជាពិសេសការធ្វើនយោបាយជាមួយពួកដូចអស់លោក”។
លោកថា “ខ្ញុំមិនចោលការតម្កល់ផលប្រទេសជាតិនិងប្រជាជននោះទេ តែចំពោះអស់លោកគឺត្រូវមានវិធានការផ្សេងដែលស្របនឹងចរិកអស់លោក។ ប្រជាជន និងជាពិសេសយុវជន យុវនារីខ្មែរស្គាល់ចរិករបស់ខ្ញុំ តែអស់លោកកំពុងតែបង្រៀនអោយខ្ញុំចេះធ្វើនយោបាយក្តៅហើយ”៕