តាមការព្យាករណ៍ រាជរដ្ឋាភិបាលថ្មី អាចនឹងចេញរូបរាង នៅដំណាច់ខែសីហា

ភ្នំពេញ ៖ កម្ពុជានឹងរៀបចំការបោះឆ្នោតថ្នាក់ជាតិនាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខនេះហើយ ប៉ុន្តែទោះបីជាមិនទាន់ដល់កំណត់នៃការបោះឆ្នោតក៏ដោយ ប៉ុន្តែសម្តេច ហ៊ុន សែន ក្នុងនាមជានាយករដ្ឋមន្ត្រីកម្ពុជាបច្ចុប្បន្ន និងជាប្រធានគណបក្សប្រជាជនកម្ពុជា(CPP) បានទម្លាយឲ្យដឹងថា តាមការព្យាការណ៍សមាសភាពរាជរដ្ឋាភិបាលថ្មីសម្រាប់អាណត្តិទី៧ នឹងត្រូវលិចរូបរាងនៅដំណាច់ខែសីហា ឆ្នាំ២០២៣ខាងមុខនេះហើយ ពោលក្រោយបោះឆ្នោតបន្តិច។

ក្នុងពិធីជួបសំណេះសំណាលជាមួយកម្មករនៅខេត្តកំពង់ឆ្នាំង នាព្រឹកថ្ងៃ៨ មិថុនា សម្តេចបានគូសបញ្ជាក់យ៉ាងដូច្នេះថា «ឥឡូវតាមការព្យាករណ៍រាជរដ្ឋាភិបាលកម្ពុជាថ្មី អាចនឹងចាប់កំណើតនៅដំណាច់ខែសីហា ឆ្នាំ២០២៣ ដែលកាលពីឆ្នាំ២០១៨ យើងបោះឆ្នោតនៅថ្ងៃ២៩ ខែកក្កដា ដល់យើងបង្កើតរាជរដ្ឋាភិបាលគឺបង្កើតនៅថ្ងៃទី៥ ខែកញ្ញា ។ អីចឹងឥឡូវដកថយពីថ្ងៃទី២៩ មកថ្ងៃ២៣កក្កដា ដូច្នេះបើគ្មានការបោះឆ្នោតនៅកន្លែងណាមួយទេ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប)សម្រេចក្រុមប្រឹក្សាធម្មនុញ្ញ សម្រេចគ.ជ.បប្រកាសបោះឆ្នោតផ្លូវការ ហើយប្រកាសបេក្ខជនជាប់ឆ្នោត ព្រោះមហាក្សត្រអាចកោះប្រជុំសភាលើកដំបូងបាន»។

សម្តេចបន្តថា តាមការព្យាករណ៍សមាសភាពរាជរដ្ឋាភិបាល អាចចេញជារូបរាងនៅថ្ងៃ២៩ ឬ៣០ សីហា អាចប្រជុំសភា ហើយថ្ងៃ៣១ សីហាអាចបង្កើតរាជរដ្ឋាភិបាលបាន ។

សម្តេច ហ៊ុន សែន គូសបញ្ជាក់ទៀតថា «តែព្រះមហាក្សត្រ ព្រះអង្គកោះប្រជុំសភារួចហើយ ព្រឹទ្ធបុរសនឹងចាប់ដំណើរបង្កើតក្បាលម៉ាស៊ីនសភា នឹងបង្កើតរាជរដ្ឋាភិបាលបានហើយ ។ អីចឹងទេ ចាប់ពីអាណត្តិទី៦នេះ នៅសល់រហូតដល់បង្កើតរាជរដ្ឋាភិបាលថ្មី យើងអាចគិតត្រឹម៣១ សីហាចុះ អីចឹងនៅសល់ប៉ុន្មានខែទៀតទេ»។

ជាមួយគ្នានោះដែរ សម្តេចបានអះអាងថា បានគោរពប្រជាធិបតេយ្យល្អជាងបណ្តាប្រទេសមួយចំនួន ដោយសារនៅកម្ពុជាបានគោរពច្បាប់រដ្ឋធម្មនុញ្ញ ដោយការបោះឆ្នោតមានរយៈពេល៥ឆ្នាំម្តង។នៅកម្ពុជាខុសបណ្តាប្រទេសមួយចំនួន បានធ្វើរដ្ឋប្រហាររដ្ឋធម្មនុញ្ញ ធ្វើការបោះឆ្នោតមុនកំណត់ក៏មានដែរ។

សម្រាប់ការបោះឆ្នោតជ្រើសរើសអ្នកតំណាងរាស្ត្រអាណត្តិទី៧ នៃរដ្ឋសភាខាងមុខនេះ សម្តេចតេជោ សង្ឃឹមថា គណបក្សប្រជាជនកម្ពុជា នឹងនៅតែមានការគាំទ្រពីសំណាក់ប្រជាពលរដ្ឋច្រើនលើសលុប។ សម្តេចថា «ខ្ញុំសង្ឃឹមថា ទេវតានឹងនៅជាមួយប្រជាជនកម្ពុជាជានិច្ច។ មានអ្នកខ្លះថា ទេវតាអីនៅជាមួយប្រជាជនយូរម្ល៉េះ តែកុំភ្លេចថា សូម្បីចូលឆ្នាំថ្មីម្តងព្រះរាជបុត្រ ឬកូនទេវតា ក៏នៅដដែលផងដែរព្រោះគេមិនអាចឲ្យកូនដំរីមកជំនួសបានទេ»។

ការបញ្ជាក់របស់សម្តេច ហ៊ុន សែន បែបនេះ ខណៈការបោះឆ្នោតជ្រើសរើសអ្នកតំណាងរាស្ត្រ អាណត្តិទី៧នៃរដ្ឋសភា កាន់តែរំកិលខិតជិតមកដល់ហើយ ពោលគឺនៅថ្ងៃទី២៣ ខែកក្កដាឆ្នាំ២០២៣ខាងមុខដោយមានគណបក្សនយោបាយចំនួន១៨ចូលរួមប្រកួតប្រជែងដណ្តើមសន្លឹកឆ្នោត៕