ភ្នំពេញ៖ ខុទ្ទកាល័យលោក កែ គឹមយ៉ាន ឧបនាយករដ្ឋមន្ត្រី បានចេញសេចក្តីថ្លែងការណ៍បដិសេធ និងថ្កោលទោសចំពោះខ្លឹមសារនៃបទសម្ភាសន៍រវាងជនអគតិ មុំ អស្សនី និងតាំង សារ៉ាដា បុគ្គលិក The Cambodia Daily Khmer ដែលមានគំនិតខ្មៅកខ្វក់ ភូតកុហក ញុះញង់ បំបែកបំបាក់ផ្ទៃក្នុងថ្នាក់ដឹកនាំរាជរដ្ឋាភិបាល គណបក្សប្រជាជនកម្ពុជា ចេតនាទុច្ចរិតបំផ្លាញសន្តិភាព។
យោងតាមសេចក្តីថ្លែងការណ៍ចុះថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៣ បានឱ្យដឹងថា ខុទ្ទកាល័យ លោកឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន បានបដិសេធ និងថ្កោលទោសយ៉ាងដាច់អហង្ការចំពោះខ្លឹមសារនៃបទសម្ភាសន៍រវាងជនអគតិ មុំ អស្សនី និងតាំង សារ៉ាដា បុគ្គលិក The Cambodia Daily Khmer កាលពីយប់ថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២៣ វេលាម៉ោង ៨:០០យប់ ក្រោមប្រធានបទ សមុទ្រខ្មែរកំពុងរងនូវការបំពាន និងការប្រព្រឹត្តបទឧក្រិដ្ឋអ្វីខ្លះ?
សេចក្តីថ្លែងការណ៍នេះបញ្ជាក់ថា រាល់ខ្លឹមសារការបកស្រាយរបស់ ជនអគតិនេះតែងតែផ្សារភ្ជាប់លើកឡើងអំពីឈ្មោះរបស់ថ្នាក់ដឹកនាំរាជរដ្ឋាភិបាលកម្ពុជា និងគណបក្សប្រជាជនកម្ពុជា ដែលជាគំនិតខ្មៅកខ្វក់ ភូតកុហក ញុះញង់ បំបែកបំបាក់ផ្ទៃក្នុងថ្នាក់ដឹកនាំរាជរដ្ឋាភិបាល កម្ពុជា និងថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា ជាពិសេសគឺចេតនាទុច្ចរិតប៉ុនប៉ងបំផ្លាញសុខសន្តិភាព របស់ប្រទេសជាតិ។
សេចក្តីថ្លែងការណ៍ នេះបន្តថា ជនអគតិ មុំ អស្សនី គ្រាន់តែធ្លាប់បានបម្រើការងាររយៈពេលខ្លីជាង០២ខែ ក្នុងឆ្នាំ ២០០៩ នៅក្នុងខុទ្ទកាល័យ លោកឧបនាយករដ្ឋមន្ដ្រី កែ គឹមយ៉ាន ហើយត្រូវបានបណ្ដេញចេញពីការងារដោយមូលហេតុជននេះគ្មានវិន័យ គ្មានសីលធម៌ ដើរនិយាយកុហកភូតភរ និងបោកប្រាស់សាធារណជន ព្រមទាំងបានប្រព្រឹត្តអំពើល្មើសច្បាប់ជាច្រើន។
បើតាម សេចក្តីថ្លែងការណ៍ដដែល ការលើកឡើងរបស់ជនអគតិ មុំ អស្សនី ដោយធ្វើការប្រៀបធៀបអំពីឋានន្តរសក្តិ និងចំនួនមេបញ្ជាការរង តាមអង្គភាពទ័ពពីពេលមុនប្រៀបធៀបនឹងបច្ចុប្បន្ន គឺជារឿងដែលមិនត្រឹមត្រូវ ព្រោះការរៀបចំកងទ័ពត្រូវដើរស្របតាមសភាពការណ៍វិវត្តន៍នៃប្រទេសជាតិ ស្របតាមយុទ្ធសាស្ត្រនិងសៀភៅ ស ការពារជាតិ ហើយក៏មិនអាចយកបញ្ហាសក្តិធំនិងចំនួនមេបញ្ជាការរងច្រើន មកវាយតម្លៃអវិជ្ជមានលើសមត្ថភាពដឹកនាំរបស់ លោកនាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត ដែលបាននឹងកំពុងដឹកនាំការកែទម្រង់និងទំនើបកម្មវិស័យកងទ័ពឲ្យស្របតាមសភាពការណ៍តំបន់និងសកលលោកនាពេលបច្ចុប្បន្ន។
បើតាម សេចក្តីថ្លែងការណ៍នេះ លោក ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន បានប្រកាន់ជំហរឥតងាករតាមមាគ៌ានយោបាយរបស់ គណបក្សប្រជាជនកម្ពុជា និងរាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្ដេច ហ៊ុន សែន ជានាយករដ្ឋមន្តី្រនិងជាប្រធានគណបក្ស និងគាំទ្រជានិច្ចលោក ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រី បន្តវេននៅពេលអនាគត។
ខុទ្ទកាល័យ លោក ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន បានអំពាវនាវដល់សមត្ថកិច្ចពាក់ព័ន្ធ ចាត់វិធានការណ៍ផ្លូវច្បាប់ឲ្យបានតឹងរឹងបំផុតចំពោះជនអគតិរូបនេះនិងស្នើសុំសាធារណៈជនទាំងអស់កុំជឿ នូវពាក្យសំដីរបស់ជនអគតិវង្វេងជាតិ មុំ អស្សនី និងក្រុមក្បត់ជាតិទាំងនេះ ដែលតែងតែនិយាយបង្កាច់ បង្ខូចឥទ្ធិពលរបស់ថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា ក្នុងគោលបំណងទុច្ចរិត ធ្វើប្រជាភិថុតនយោបាយ ញុះញង់ បំបែកបំបាក់ការឯកភាពជាតិ និងភាពសុខក្សេមក្សាន្តរបស់ប្រជាជនដែលឧបាយកលទាំងអស់នេះ តែងតែត្រូវបានលាតត្រដាង និងទទួលបរាជ័យតាំងពីដើមរហូតមក៕