កម្ពុជា-វៀតណាម រៀបចំវេទិកាពាណិជ្ជកម្មឆ្នាំ២០២៣

ភ្នំពេញ៖ កម្ពុជា-វៀតណាម រៀបចំ វេទិកាពាណិជ្ជកម្មកម្ពុជា-វៀតណាម ឆ្នាំ២០២៣ ក្នុងគោលបំណង ដើម្បីអញ្ជើញអ្នកជំនួញ និងអ្នកវិនិយោគកម្ពុជា-វៀតណាម ទាំងផ្នែកឯកជន ទាំងរដ្ឋាភិបាលនៃប្រទេសទាំងពីរ ព្រមទាំងភាគីពាក់ព័ន្ធផ្សេងៗទៀត ដើម្បីមកពិគ្រោះ ពិភាក្សាគ្នា រិះរកមធ្យោបាយដើម្បីជំរុញកំណើនសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគ នៅក្នុងប្រទេសកម្ពុជា និងវៀតណាម។

វេទិកាពាណិជ្ជកម្ម កម្ពុជា-វៀតណាម ឆ្នាំ២០២៣ “Cambodia-Viet Nam Trade Forum 2023” នេះ ត្រូវបានរៀបចំឡើងនារសៀលថ្ងៃ ទី៧ ខែឧសភា ឆ្នាំ២០២៣ នៅស្ថានទូតសាធារណរដ្ឋសង្គមនិយមវៀតណាមប្រចាំព្រះរាជាណាចក្រកម្ពុជា និង ដោយមានកិច្ចសហការរវាងក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាម ជាមួយស្ថានទូតវៀតណាមប្រចាំព្រះរាជាណាចក្រកម្ពុជា។

លោក ជា វុទ្ធី អគ្គលេខាធិការរង គណៈកម្មាធិការវិនិយោគកម្ពុជា គណៈកម្មាធិការតំបន់សេដ្ឋកិច្ចពិសេសកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.) ដែលបានចូលរួមក្នុងវេទិកានេះ បាន គូសបញ្ជាក់អំពីកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលរបស់ប្រទេសទាំងពីរក្នុងការពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយសំដៅជំរុញនិងធានាបាននូវវឌ្ឍនភាពប្រកបដោយចីរភាព។

ជាមួយគ្នានេះ លោក បានជម្រាបជូនអង្គវេទិកាទាំងមូលនូវកាលានុវត្តភាពវិនិយោគនៅកម្ពុជា ជាពិសេសកិច្ចសម្រួលធុរកិច្ច ការផ្តល់ជូននូវការលើកទឹកចិត្តប្រកបដោយភាពទាក់ទាញ និងការធានា ការថែទាំការវិនិយោគ ដូចមានចែងនៅក្នុងច្បាប់ ស្តីពីវិនិយោគនៃព្រះរាជាណាចក្រកម្ពុជា។

លោកបន្ថែមថា អនុក្រឹត្យស្តីពីការអនុវត្តច្បាប់ស្តីពីវិនិយោគនៃព្រះរាជាណាចក្រកម្ពុជានឹងចូលជាធរមាននាពេលដ៏ខ្លីខាងមុខ។ លោក ក៏បានជំរុញលើកទឹកចិត្តឱ្យអ្នកជំនួញ និងអ្នកវិនិយោគទាំងកម្ពុជា ទាំងវៀតណាម រួសរាន់ចាប់យកឱកាសវិនិយោគនៅកម្ពុជា និង សង្ឃឹមយ៉ាងមុតមាំថា វេទិកាពាណិជ្ជកម្មកម្ពុជា-វៀតណាមនេះ នឹងរួមចំណែកពង្រីកនូវទំហំសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគនៃប្រទេសទាំងពីរ ឱ្យកាន់តែធំបន្ថែមទៀត ព្រមទាំងទទួលបាននូវលទ្ធផលជាវិជ្ជមាន នាពេលដ៏ខ្លីខាងមុខនេះ។

គួរបញ្ជាក់ដែរថា សមាសភាពចូលរួមក្នុងវេទិកាខាងលើ រួមមាន ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំកម្ពុជា, តំណាងក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្មវៀតណាម, តំណាងក្រសួងពាណិជ្ជកម្មកម្ពុជា និងវិស័យឯកជនទាំងអ្នកជំនួញ និងអ្នកវិនិយោគ កម្ពុជា-វៀតណាម សរុបប្រមាណជាង ២០០នាក់៕