សឹង្ហបុរី៖ ការប្រឈមមុខដាក់គ្នារវាងប្រទេសមហាអំណាច បានបង្កការ រំខានដល់ភាពសុខដុម និងវិបុលភាពនៃប្រទេសតូចតាចដទៃទៀត។ នេះ គឺជាការលើកឡើងរបស់សម្តេច ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការពារជាតិក្នុងសម័យប្រជុំពេញអង្គលើកទី ៧ ក្នុងកិច្ចសន្ទនាសាំងគ្រីលា ក្រោមប្រធានបទ៖“ការអភិវឌ្ឍគំរូ សម្រាប់សន្តិសុខប្រកបដោយកិច្ចសហប្រតិបត្តិការ ខណៈពេលចូលរួមកិច្ចប្រជុំកំពូលសន្តិសុខអាស៊ី លើកទី ២០ នៅប្រទេសសឹង្ហបូរី នៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៣។
សម្តេច ទៀ បាញ់ បន្តថា ជាការពិត គូប្រជែងមុខជាមិនបានទទួលផលចំណេញឡើយ ព្រោះពួកគេ ជៀសមិនផុតពីការពឹងពាក់គ្នាទៅវិញទៅមក យូរអង្វែងតទៅទៀត។ សម្តេច បានបញ្ជាក់ទៀតថា៖ ថ្មីៗ នេះ សម្តេច ហ៊ុន សែន ធ្លាប់បានលើកឡើងថា យើងពិតជាមិនចង់ឃើញចិន ក៏ដូចជាអាមេរិកចុះខ្សោយនោះទេ។
សម្តេចបន្ថែមថា ការចុះខ្សោយរបស់អ្នក ណាម្នាក់ ឬក៏របស់អ្នកទាំងពីរ នឹងបង្កឲ្យមានហានិភ័យសម្រាប់ប្រទេស ទូទាំងតំបន់ និងពិភពលោកជាក់ជាមិនខាន។ ក្នុងនាមជាសមាជិកមួយ នៃអាស៊ានកម្ពុជាចង់ឃើញការផ្លាស់ប្តូរឥរិយាបទរបស់គូប្រជែងទាំងអស់ ពីការផ្ចាញ់ផ្ចាលគ្នា ទៅជាការរួមគ្នាគិតគូអំពីផលប្រយោជន៍ទៅវិញទៅមក អំពីស្ថិរភាព និងវិបុលភាពរបស់តំបន់ និងពិភពលោក។
សម្តេច ថ្លែងថា៖ “យើងក៏ចង់ ឲ្យមានការបន្ធូរភាពតានតឹង និងធ្វើឲ្យប្រក្រតីឡើងវិញ នូវស្ថានភាពនៅសមុទ្រចិនខាងត្បូង និងការស្វែង រកវិធីសាស្រ្តណាមួយ ដែលអាចទទួលយកបានដើម្បីបញ្ឈប់សង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែន ផងដែរ។ ការបង្កើត និងដំណើរការ នៃយន្តការមួយចំនួន ដែលធ្វើឡើងដោយ ប្រទេសធំៗក្នុងតំបន់ កំពុងត្រូវបានយល់ឃើញ ក្នុងទិដ្ឋភាពផ្សេងៗគ្នា”។
បើតាម សម្តេច ទៀ បាញ់ ជាការប្រសើរប្រសិនបើយន្តការ ឬភាពជាដៃគូទាំងនោះបម្រើឲ្យសន្តិភាព ស្ថិរភាព និងវិបុលភាពក្នុងតំបន់។ ផ្ទុយទៅវិញ សកម្មភាពដែលមានចរិត ជាការធ្វើឲ្យអន្តរាយដល់ប្រទេសណាមួយទៀត នឹងរឹតតែបង្កើនភាពតានតឹងក្នុងតំបន់ ទោះបី ជាមានការអះអាងថាវិធានការទាំងនោះគឺដើម្បីតុល្យភាពផ្នែកយុទ្ធសាស្ត្រក៏ដោយ។
ទាក់ទងទៅនឹងប្រទេសមីយ៉ាន់ម៉ា សម្តេច ទៀ បាញ់ បាន បញ្ចាក់ថា៖ បញ្ហាមីយ៉ាន់មា គឺជាភាពប្រឈមមួយដែលកំពុងធ្វើឲ្យប៉ះពាល់ដល់ ភាពជឿជាក់ និងមជ្ឈភាព (Centrality) របស់អាស៊ាន។ នៅក្នុងទស្សនៈសម្តេចពិជ័យសេនា បានបន្ថែមថា៖ តួនាទីរបស់អាស៊ានក្នុងការជំរុញឲ្យមានដំណោះស្រាយ គឺពិតជាសំខាន់ណាស់ តែមិនអាចធានាជោគជ័យទាំងស្រុងនោះទេ បើសិនគ្មានឆន្ទៈពិតប្រាកដពីមីយ៉ាន់ម៉ាខ្លួនឯង។
សម្តេចសង្កត់ធ្ងន់ថា ការស្វែងរកទំនុកចិត្តគ្នាទៅវិញទៅមក ក្នុងចំណោមតួអង្គទាំងឡាយរបស់មីយ៉ាន់ម៉ា អាចជាគន្លឹះ នៃដំណោះស្រាយ។ តាមបទពិសោធន៍របស់កម្ពុជានាអតីតកាល គោលន យោបាយ ឈ្នះ ឈ្នះ ដោយផ្អែកលើសម្បទាន រួមទាំងការផ្ដល់កិត្តិយស និងទុកចិត្តគ្នាទៅវិញទៅមក គឺជាមូលដ្ឋានដ៏រឹងមាំ សម្រាប់សន្តិភាព ភាពសុខដុមរមនា និងវិបុលភាព ស្ថិតស្ថេរយូរអង្វែង។ នេះក៏ជាគំរូមួយទៀត ដែលកើតឡើងដោយការរួមបញ្ចូលគ្នាមិនអាចខ្វះបាន រវាង ឆន្ទៈនយោបាយ ឯកភាពជាតិ និងការជ្រោមជ្រែងដោយសុទ្ធចិត្តពីខាង ក្រៅឈរលើការគោរពផលប្រយោជន៍រួមជាធំ។
ទាក់ទងទៅនឹងការប្រែប្រួលអាកាសធាតុ សម្តេច ទៀ បាញ់ មានប្រសាសន៍ថា៖ ពិតមែនថាការបំផ្លាញធម្មជាតិ និងការបំពុលបរិស្ថាន កើតមាននៅគ្រប់ ទិសទី តែប្រទេសឧស្សាហកម្មធំៗ គឺជាប្រភពចម្បងនៃការការប្រែប្រួល ធាតុអាកាស។ យើងបានឃើញកិច្ចខិតខំប្រឹងប្រែងជាបន្តបន្ទាប់ដើម្បី កាត់បន្ថយហានិភ័យធ្ងន់ធ្ងរសម្រាប់ផែនដីយើង តែហាក់មិនទាន់បាន ទទួលលទ្ធផលជាដុំកំភួននៅឡើយទេ។ ជារឿយៗ យើងបានឃើញរបាយការណ៍ស្តីពីស្ថានភាពនៃបម្រែបម្រួលធាតុអាកាស កាន់តែធ្ងន់ធ្ងរឡើង។ ដូច្នេះតម្រូវឲ្យមានការខិតខំរួមគ្នាច្រើនថែមទៀតនៅក្នុងបញ្ហានេះជាពិសេសប្រទេសឧស្សាហកម្មធំៗ ត្រូវធ្វើជាគំរូនៅក្នុងការខិតខំ កាត់បន្ថយឧស្ម័នផ្ទះកញ្ចក់ និងការបំពុលបរិស្ថានតាមរូបភាពផ្សេងៗទៀត៕