ភ្នំពេញ៖ ក្រោមកិច្ចសហការរវាងក្រសួងពាណិជ្ជកម្ម និងក្រុមហ៊ុន Alibaba ក្រសួងពាណិជ្ជកម្ម ឱ្យដឹងថា ក្រុមហ៊ុន Alibaba នឹងបើកថ្នាក់បណ្ដុះបណ្ដាលតាមប្រព័ន្ធអេឡិចត្រូនិចមួយឈ្មោះថា Alibaba Netpreneur Masterclass នៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ។
ការបើកថ្នាក់បណ្តុះបណ្តាលនេះ ដោយប្រកាសលេខ ២២៨ ព.ណ ផសព.ប្រក ចុះថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២២ ស្ដីពីការបង្កើតក្រុមការងារចំពោះកិច្ចសិក្សាពីលទ្ធភាព និងសម្របសម្រួលការនាំចេញផលិតផលខ្មែរទៅកាន់ទីផ្សារបរទេសតាមរយៈថ្នាលបច្ចេកវិទ្យាក្រុមហ៊ុន Alibaba។
តាមសេចក្តីជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្មនៅថ្ងៃទី ៥ ខែមិថុនា បញ្ជាក់ថា ក្នុងគោលបំណងផ្ដល់ដល់សហគ្រិន និងម្ចាស់អាជីវកម្មប្រព័ន្ធអេឡិចត្រូនិចទាំងអស់ នូវបទពិសោធន៍ និងជំនាញថ្មីៗ ក្នុងការប្រើប្រាស់បច្ចេកវិទ្យាឌីជីថលដើម្បីលើកកម្ពស់អាជីវកម្ម និង សេដ្ឋកិច្ចក្នុងតំបន់ឱ្យមានភាពវិជ្ជមានប្រសើរឡើង។
តាមរយៈថ្នាក់បណ្ដុះបណ្ដាលនេះ សហគ្រិន និងម្ចាស់អាជីវកម្មនឹង យល់ដឹងកាន់តែស៊ីជម្រៅអំពីសេដ្ឋកិច្ចឌីជីថល ស្វែងយល់ពីជំហានផ្សេងៗដើម្បីជម្រុញអាជីវកម្មអោយមានភាពយូរអង្វែងក្នុងសម័យឌីជីថល ទទួលបានវិញ្ញាបនបត្របញ្ជាក់ការសិក្សាក្រោយថ្នាក់បណ្ដុះបណ្ដាលចប់ ទទួលបានឱកាសចូលរួមថ្នាក់បណ្ដុះបណ្ដាលផ្ទាល់នៅទីស្នាក់ការកណ្ដាលក្រុមហ៊ុន Alibaba ប្រទេសចិន សម្រាប់បុគ្គលឆ្នើម។
កាលបរិច្ឆេទស្នើសុំដាក់ពាក្យសិក្សា គឺចាប់ពី ថ្ងៃទី ៥ ខែមិថុនា រហូតដល់ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣ តាមរយៈតំណភ្ជាប់ https://agi.alibaba.com/alibabanetpreneurmasterclass2023 របស់ក្រុមហ៊ុន Alibaba។ សម្រាប់លទ្ធផលអ្នកដែលត្រូវបានជ្រើសរើសចូលរៀននឹងទទួលបាននៅ ថ្ងៃទី ១៧ ខែកក្កដា ឆ្នាំ២០២៣។
ចំពោះកាលបរិច្ឆេទចូលរៀន នឹងចាប់ផ្ដើមពី ថ្ងៃទី ២៧ ខែកក្កដា ឆ្នាំ២០២៣ ដល់ ថ្ងៃទី ២៤ ខែសីហា ឆ្នាំ២០២៣ ដែលមានរយៈពេលពី ៦ ទៅ ៨ ម៉ោងក្នុងមួយសប្ដាហ៍ ហើយតម្រូវអោយរៀនជាភាសាអង់គ្លេស។ គួរបញ្ជាក់ផងដែរថា ការចូលរៀនថ្នាក់បណ្ដុះបណ្ដាលនេះគឺមិនមានបង់ថ្លៃទេ។ ចំពោះអ្នកដែលបញ្ចប់ការសិក្សានឹងទទួលបានវិញ្ញាបនបត្រនៅ ថ្ងៃទី ៣០ ខែកញ្ញា ឆ្នាំ២០២៣៕