គណបក្សភ្លើងទៀន សម្តែងការសោកស្តាយចំពោះការមិនបានចូលរួមរួបោះឆ្នោតឆ្នាំ២០២៣

ភ្នំពេញ៖ គណបក្សភ្លើងទៀនបានសម្តែងការសោកស្តាយចំពោះការបាត់បង់ឱកាសចូលរួមប្រកួតប្រជែងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ ដែលនឹងប្រព្រឹត្តិទៅនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ បន្ទាប់ក្រុមប្រឹក្សាធម្មនុញ្ញ សម្រេចបដិសេធ។

លោក គឹមសួរ ភិរិទ្ធ អ្នកនាំពាក្យគណបក្សភ្លើងទៀនប្រាប់ Khmer CM នៅថ្ងៃទី២៥ ខែឧសភានេះថា គណបក្សគ្មានអ្វីក្រៅតែពីការសោកស្តាយនោះទេ ខណៈដែលគណបក្សបានដាក់ក្តីរំពឹងថាក្រុមប្រឹក្សាធម្មនុញ្ញនឹង សម្រេចឱ្យគណបក្សបានចូលរួមប្រកួតប្រជែងការបោះឆ្នោតដ៏មានសារៈសំខាន់ខាងមុខនេះ ។

លោកបន្តថា មិនត្រឹមតែគណបក្សមានការសោកស្តាយប៉ុណ្ណោះនោះទេ សកម្មជន និងអ្នកគាំទ្ររបស់គណបក្សក៏នឹងមានការសោកស្តាយដូចគ្នាដែរ ព្រោះពួកគេសង្ឃឹមថា នឹងមានឱកាស ដើម្បីបានបោះឆ្នោតតាមបែបលទ្ធិប្រជាធិតេយ្យ ឱ្យគណបក្សមានសម្លេងនៅក្នងរដ្ឋសភា ព្រោះគណបក្សភ្លើងទៀន ជាគណបក្សមួយមានសម្លេងគាំទ្រច្រើននៅក្នុងពេលបោះឆ្នោតឃុំសង្កាត់នាពេលកន្លង។

លោកបន្ថែមថា សម្រាប់កិច្ចការងារបន្តបន្ទាប់ ថ្នាក់ដឹកនាំគណបក្សនឹងបើកកិច្ចប្រជុំពិភាក្សាថា នឹងធ្វើអ្វីបន្តទៀត ព្រោះការសម្រេចរបស់ក្រុមប្រឹក្សាធម្មនុញ្ញ គឺជាការសម្រេចចុងក្រោយ បន្ទាប់ពីត្រូវបានសម្រេចបដិសេធដោយគ.ជ.ប ។

យ៉ាងនេះក្តី លោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា នៅថ្ងៃទី២៥ ខែឧសភានេះ ក៏បានបញ្ជាក់ថា ការសម្រេចបដិសេធចោលបណ្តឹងរបស់បក្សភ្លើងទៀន ពីក្រុមប្រឹក្សាធម្មនុញ្ញគឺជារឿងត្រឹមត្រូវ ដោយមិនអាចបង្កើតវប្បធម៌គ្មានតម្លាភាពក្នុងការអនុវត្តច្បាប់បានឡើយ។ លោកថា « ច្បាប់គឺច្បាប់»។

កិច្ចប្រជុំពេញអង្គក្រុមប្រឹក្សាធម្មនុញ្ញ នៅថ្ងៃទី២៥ ខែឧសភានេះ ក្រោមអធិបតីភាព លោក អ៊ឹម ឈុនលឹម ដែលជាប្រធាន បានសម្រេចបដិសេធចោលគណបក្សភ្លើងទៀន ព្រោះយល់ឃើញថា ខុសទៅនឹងគតិច្បាប់៕