សម្ដេច ហ៊ុន សែន ៖ កូនបក្សប្រឆាំងមិនភ្លើដូចមេចុះ ខណៈកូនបក្សបានមកសុំរួមរស់ជាមួយបក្សប្រជាជនបន្តបន្ទាប់

ភ្នំពេញ ៖ សម្ដេច ហ៊ុន សែន ក្នុងនាមជាប្រធានគណបក្សប្រជាជនកម្ពុជាបានលើកឡើងថា សមាជិក-សមាជិកា ឬកូនចៅរបស់គណបក្សប្រឆាំងមិនភ្លើដូចមេទៀតឡើយ ខណៈពួកគេបានដកខ្លួន មកសុំរួមរស់ជាមួយគណបក្សប្រជាជនកម្ពុជា ជាបន្ដបន្ទាប់។

ក្នុងពិធីប្រគល់សញ្ញាបត្រជូនដល់និស្សិតជ័យលាភី នៃសាកលវិទ្យាល័យភូមិន្ទកសិកម្មព្រែកលៀប និងវិទ្យាស្ថានជាតិកសិកម្មកំពង់ចាម នាថ្ងៃទី១៥ ឧសភា សម្ដេចមានប្រសាសន៍ ដោយសារមេក្រុមប្រឆាំងល្ងង់ ខ្វះការយល់ដឹង ទើបអ្នកដើរតាមខ្លួនជាច្រើន បានមកសុំរួមរស់ជាមួយគណបក្សប្រជាជនកម្ពុជាវិញ។

សម្ដេច ហ៊ុន សែន គូសបញ្ជាក់ថា «ប៉ុន្ដែឥឡូវនេះ កូនមិនសូវជាភ្លើទេ កូនដកខ្លួនចូលបក្សប្រជាជន ហូហែរ មកចឹង មេកាន់តែភ្លើ កូនគេអ្នកចេះដឹងដែរ គេដកខ្លួនមកជាមួយគណបក្សប្រជាជន។ មេឯង ពូកែធ្វើភ្លើទៀតទៅ ចាំតែអាញភ្លើជាមួយតើ»។

នាឱកាសនោះ សម្ដេច ហ៊ុន សែន ក៏បានប្រកាសស្វាគមន៍ចំពោះសមាជិក-សមាជិកា របស់គណបក្សនយោបាយនានា មករួមរស់ជាមួយគណបក្សប្រជាជនកម្ពុជ ប៉ុន្តែមានបុគ្គលម្នាក់ដែលសម្ដេចមិនទទួលយកជាដាច់ខាចផងដែរ។

សម្ដេច គូសបញ្ជាក់ទៀតថា «សមាជិក-សមាជិកាគណបក្សនានា ដែលបានផ្ដាច់ខ្លួន ហើយមកចូលរួមជីវភាពជាមួយគណបក្សប្រជាជនកម្ពុជា ខ្ញុំនៅតែបន្តស្វាគមន៍ មានតែមនុស្សម្នាក់គត់ដែលខ្ញុំអត់យក ក្រៅពីនោះខ្ញុំយកទាំងអស់ ឲ្យតែប្រកាសផ្ដាច់ខ្លួនចេញអាជ្រុលនិយមហ្នឹង គឺខ្ញុំទទួលយកទាំងអស់»។

បុគ្គលដែលសម្តេចមិនប្រកាសនោះអាចសំដៅដល់អតីតមេបក្សសង្គ្រោះជាតិ គឺលោក សម រង្ស៊ី៕