គម្រោងស្ថាបនាឡើងវិញ “វិមានរំលឹកដល់អ្នកដែលទទួលអនិច្ចកម្មក្នុងសង្គ្រាមលោកលើកទី១ ពីឆ្នាំ១៩១៤ ដល់ឆ្នាំ១៩១៨”សម្រេចបានជារួមប្រមាណ៧៥%

ភ្នំពេញ៖ ការស្ថាបនាឡើងវិញនូវ “វិមានរំលឹកដល់អ្នកដែលទទួលអនិច្ចកម្មក្នុងសង្គ្រាមលោកលើកទី១ ពីឆ្នាំ១៩១៤ ដល់ឆ្នាំ១៩១៨” គិតមកដល់ត្រឹមថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៣ នេះ សម្រេចបានជារួមប្រមាណ៧៥% ក្រោមការយកចិត្តទុកដាក់ខ្ពស់ពីក្រុមការងារបច្ចេកទេសក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។ នេះ បើតាមលោក លី រស្មី រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។

លោកបន្តថា សារមន្ទីរជាតិភ្នំពេញ និងក្រុមជាងចម្លាក់ និងជាងស្ពាន់ ដែលកំពុងខិតខំធ្វើកិច្ចការយ៉ាងផ្ចិតផ្ចង់ សម្រិតសម្រាំងវិចិត្ររចនាតាមរូបដើមទាំងស្រុង ដើម្បីអភិរក្សសំណង់បេតិកភណ្ឌ ប្រវត្តិសាស្ត្រនេះឲ្យបានល្អប្រសើរ។

លោកបញ្ជាក់ថា “វិមានរំលឹកដល់អ្នកដែលទទួលអនិច្ចកម្មក្នុងសង្គ្រាមលោកលើកទី១ ពីឆ្នាំ១៩១៤ ដល់ឆ្នាំ១៩១៨” នេះត្រូវបានសាងសង់រួចរាល់នៅឆ្នាំ១៩២៥ និងត្រូវបានរបបកម្ពុជាប្រជាធិបតេយ្យបំផ្លាញចោលនៅឆ្នាំ១៩៧៥។ ក្រោមម្លប់សន្តិភាព រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចស្ថាបនាវិមាននេះឡើងវិញជានិម្មិតរូបនៃមិត្តភាពកម្ពុជា-បារាំង និងដើម្បីពង្រឹងចំណងមិត្តភាព កិច្ចសហប្រតិបត្តិការជាប្រវត្តិសាស្ត្រ រវាងកម្ពុជា និងបារាំង ឲ្យកាន់តែរឹងមាំឋិតថេរយូរអង្វែងតទៅ និងជាពិសេសរំលឹកដល់ពលិកម្មរបស់កម្ពុជាក្នុងការបញ្ជូនកងទ័ពទៅជួយច្បាំងបារាំង និងទទួលបានជ័យជម្នះក្នុងសង្គ្រាមលោកលើកទី១ នាពេលនោះ។

បើតាម លោក លី រស្មី ការសាងសង់នេះនឹងជួយលើកម្ពស់ទេសភាពនគរូបនីយកម្មក្រុងឲ្យកាន់តែមានសោភណភាព បង្កើតទីកន្លែងលម្ហែកម្សាន្ត និងធ្វើឲ្យរាជធានីភ្នំពេញទទួលបានត្រឡប់មកវិញនូវផ្នែកមួយនៃប្រវត្តិសាស្ត្រដែលជាទស្សនីយភាពថ្មីមួយនៃសិល្បៈដ៏ល្អត្រកាលពីអតីតកាលឲ្យរស់ឡើងវិញ និងដែលបានបាត់បង់ទៅជិតកន្លះសតវត្សរ៍កន្លងមកហើយ៕