គ​.​ជ​.​ប សម្រេច​ដាក់ឱ្យ​ប្រើប្រាស់​បច្ចេកវិទ្យា​សម្រាប់​ដំណើរការ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ​សង្កាត់​អាណត្តិ​ទី​៥ ឆ្នាំ​២០២២

គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត ហៅ​កាត់​ថា គ​.​ជ​.​ប បានសម្រេច​ដាក់ឱ្យ​ប្រើប្រាស់​ប្រព័ន្ធ​បច្ចេកវិទ្យា​ក្នុង​ដំណើរការ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ​សង្កាត់​អាណត្តិ​ទី​៥ ឆ្នាំ​២០២២​ខាងមុខនេះ​។ នេះ​បើ​យោងតាម​សេចក្តីសម្រេច​ ដែល​ចុះហត្ថលេខា​ដោយ​លោក ប្រាជ្ញ ចន្ទ ប្រធាន គ​.​ជ​.​ប ចុះ​ថ្ងៃទី​៣១ ខែមករា ឆ្នាំ​២០២២​។​

​បើតាម គ​.​ជ​.​ប ប្រព័ន្ធ​បច្ចេកវិទ្យា​ក្នុង​ដំណើរការ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ​សង្កាត់​អាណត្តិ​ទី​៥ ឆ្នាំ​២០២២ រួមមាន​ ៖ កម្មវិធី​គ្រប់គ្រង​ការចុះបញ្ជី​បេក្ខជន នៃ​គណបក្ស នយោបាយ​, កម្មវិធី​ចេញ​ឯកសារ​បញ្ជាក់​អត្តសញ្ញាណប័ណ្ណ​បម្រើ​ឲ្យ​ការបោះឆ្នោត និង​កម្មវិធី​ត្រួតពិនិត្យ ផ្ទៀងផ្ទាត់ និង​បូកសរុប​លទ្ធផល​នៃ​ការបោះឆ្នោត​។​

គ​.​ជ​.​ប បាន​បញ្ជាក់ថា ការសម្រេច​ដាក់​ដាក់ឱ្យ​ដំណើរការ​ប្រព័ន្ធ​ខាងលើនេះ គឺធ្វើឡើង​ក្នុង​គោលដៅ​ដើម្បី​បង្កើន​ប្រសិទ្ធភាព និង​តម្លាភាព​ក្នុង​ក្របខ័ណ្ឌ​បច្ចេកទេស​ទាក់ទង​នឹង​ការបោះឆ្នោត ព្រមទាំង​កាត់បន្ថយ​បាន​នូវ​បញ្ហា​ប្រឈម​មួយចំនួន​ក្នុង​ដំណើរការ​បោះឆ្នោត​។​

​សូម​ជម្រាបជូន​ថា ដំណើរការ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ​សង្កាត់​អាណត្តិ​ទី​៥ ឆ្នាំ​២០២២ នៅ​ថ្ងៃទី​៥ ខែមិថុនា ឆ្នាំ​២០២២​ខាងមុខនេះ​៕​