កម្ពុជា ដែលជាប្រធានអាស៊ានឆ្នាំ២០២២នេះ បានចេញសេចក្តីថ្លែងការណ៍កម្រាស់ពីរទំព័រ លើកឡើងថា ប្រទេសជាសមាជីកអាស៊ានជំរុញឱ្យអាជ្ញាធរមីយ៉ាន់ម៉ា ឱ្យចាត់សកម្មភាពជាក់លាក់អនុវត្តប្រកបដោយប្រសិទ្ធភាព និងពេញលេញនូវកិច្ចព្រមព្រៀងជាឯកច្ឆន្ទប្រាំចំណុច(5PC)ដែលបានសម្រេចនៅក្នុងកិច្ចប្រជុំរបស់ថ្នាក់ដឹកនាំអាស៊ានកាលពីថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២១កន្លងទៅនេះ។ នេះបើយោងតាមសេចក្តីថ្លែងការណ៍របស់ប្រធានអាស៊ានស្តីពីស្ថានភាពនៅមីយ៉ាន់ម៉ា នៅថ្ងៃទី២ កុម្ភៈនេះ។
កិច្ចព្រមព្រៀងជាឯកច្ឆន្ទប្រាំចំណុច(5PC) រួមមាន៖ រួមមាន ទី១ បិទបញ្ចប់អំពើហិង្សា ទី២ រៀបចំកិច្ចសន្ទនាក្នុងន័យស្ថាបនាក្នុងចំណោមភាគីពាក់ព័ន្ធ ទី៣ បញ្ជូនជំនួយមនុស្សធម៌ចូលទៅក្នុងភូមា ទី៤ តែងតាំងប្រេសិតពិសេសដើម្បីសម្របសម្រួលកិច្ចពិភាក្សា និងទី៥ អនុញ្ញាតឲ្យប្រេសិតពិសេសចូលទៅក្នុងប្រទេសនេះ។
ការលើកឡើងរបស់ប្រធានអាស៊ានបែបនេះ គឺធ្វើឡើងបន្ទាប់ពីរយៈពេល១ឆ្នាំមកហើយ ដែលប្រទេសជាសមាជិកអាស៊ាន នៅតែមានក្តីព្រួយបារម្ភយ៉ាងខ្លាំងចំពោះការវិវត្តនានានៅក្នុងប្រទេសមីយ៉ាន់ម៉ា រួមទាំងរបាយការណ៍នៃការបន្តកើតមាននូវអំពើហិង្សា និងការធ្លាក់ចុះនៃស្ថានភាពមនុស្សធម៌។
សេចក្តីថ្លែងការណ៍ដដែល បានបន្តថា ប្រទេសជាសមាជិកអាស៊ាន អះអាងជាថ្មីនូវការប្តេជ្ញាចិត្តរបស់ខ្លួន និងការត្រៀមលក្ខណៈរួចរាល់ដើម្បីជួយដល់មីយ៉ាន់ម៉ា ស្របតាមឆន្ទៈនៃប្រជាជនមីយ៉ាន់ម៉ា ដោយឈរលើមូលដ្ឋាននៃកិច្ចព្រមព្រៀងជាឯកច្ឆន្ទប្រាំចំណុច (5PC) និងធម្មនុញ្ញអាស៊ាន ជាមួយការយល់ឃើញថា សន្តិភាព និងការបង្រួបបង្រួមជាតិយូរអង្វែងអាចសម្រេចទៅបាន លុះត្រាណាដំណោះស្រាយនយោបាយនោះប្រកបដោយបរិយាប័ន្ន ជាដំណោះស្រាយដែលមីយ៉ាន់ម៉ាធ្វើជាម្ចាស់ និងដឹកនាំ និងដែលមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ។
សម្រាប់ប្រធានអាស៊ាន ប្រទេសជាសមាជិកអាស៊ាន សូមគូសបញ្ជាក់អំពីភាពប្រញាប់ប្រញាល់នៃការបញ្ចប់អំពីហិង្សាជាបន្ទាន់ និងសម្រាប់គ្រប់ភាគីទាំងអស់ក្នុងការប្រកាន់យកភាពអត់ធ្មត់ឱ្យខ្ពស់បំផុត ក៏ដូចជាការធានាបាននូវការចែកចាយជំនួយមនុស្សធម៌ប្រកបដោយសុវត្ថិភាព និងទាន់ពេលវេលាទៅដល់ប្រជាជនដែលត្រូវការជំនួយបំផុត ដោយឈរលើមូលដ្ឋាននៃគោលការណ៍មនុស្សធម៌ អព្យាក្រឹតភាព ភាពមិនលំអៀង និងឯករាជ្យ។
សូមបញ្ជាក់ថា ប្រទេសមីយ៉ាន់ម៉ា បានធ្លាក់ចូលទៅក្នុងវិបត្ដិនយោបាយកាន់តែធ្ងន់ធ្ងរ ក្រោយពេលមានរដ្ឋប្រហារយោធាទម្លាក់អំណាចរដ្ឋាភិបាលស៊ីវិល ដែលជាប់ឆ្នោតតាមលទ្ធិប្រជាធិបតេយ្យ ហើយចាប់ឃុំខ្លួនលោកស្រី អ៊ុង សាន់ស៊ូជី និងមន្ដ្រីជាន់ខ្ពស់របស់រដ្ឋាភិបាល កាលពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២១។ អំពើរដ្ឋប្រហារយោធានេះ ត្រូវបានថ្កោលទោសយ៉ាងខ្លាំង ពីសហគមន៍អន្ដរជាតិ ជាពិសេស ប្រទេសមហាអំណាចលោកខាងលិច។ ជាមួយគ្នានេះ សហរដ្ឋអាមេរិក និងអង្គការសហប្រជាជាតិ ក៏បានសម្រេចដាក់ទណ្ឌកម្មយ៉ាងខ្លាំងក្លា ប្រឆាំងនឹងរបបគ្រប់គ្រងយោធា នៅក្នុងប្រទេសភូមាផងដែរ៕