ភ្នំពេញ៖ សម្តេច ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានសួរទៅក្រុមប្រឆាំងនៅក្រៅស្រុកថា តើពួកគេចង់បំផ្លាញកម្ពុជាដល់ណាទៀត។ បន្ទាប់ពីសម្តេចបានទម្លាយការសម្ងាត់នៃការប្រជុំតាមប្រព័ន្ធZoom របស់ក្រុមប្រឆាំងនៅក្រៅស្រុកដែលពួកគេកំពុងត្រៀមប្រឆាំងជាមួយការបោះឆ្នោតនិងត្រៀមខ្លួនប្រកាសប្រឆាំងលទ្ធផលបោះឆ្នោតខាងមុខនេះ។
សម្តេចបានសរសេរក្នុងគ្រុបតេឡាក្រាមផ្លូវការរបស់សម្តេចកាលពីយប់ថ្ងៃទី៣០ មេសាថា «ការប្រជុំតាមzoom របស់ពួកអ្នកមិនអាចលាក់បាំងបានទេបើទោះពួកអ្នកនៅក្រៅប្រទេសនិងតាំងខ្លួនជាក្រុមស៊ីវិលក៏ដោយការប្រជុំថ្ងៃ៣០មេសា២០២៣នេះខ្ញុំជួយផ្សាយឲ្យពួកអ្នកទៅចុះ»។ ជាមួយគ្នានេះដែរ សម្តេចក៏សួរថា «តើពួកអ្នកចង់បំផ្លាញកម្ពុជាដល់ណាទៀត?»។
សម្តេច ថា«ពួកអ្នកចង់បានប្រជាធិបតេយ្យតែប្រឆាំងជាមួយការបោះនិងត្រៀមខ្លួនប្រកាសប្រឆាំងលទ្ធផលបោះឆ្នោត។ពួកអ្នកជាជនជាតិខ្មែររស់នៅបរទេសនិងមានសញ្ជាតិបរទេសមិនស្គាល់សេចក្តីត្រូវការប្រជាជននៅក្នុងប្រទេសនោះឡើយ»។
«សូមអ្នកកុំភ្លេចថាបរទេសគ្មានលទ្ធភាពសម្លាប់ខ្មែរដូចអ្នកចង់បាននោះឡើយ។សូមអ្នកកុំភ្លេចថាមនុស្សនៅជាមួយអ្នកក៏មានមនុស្សរបស់ខ្ញុំដែរ»។ នេះបើតាមការគូសបញ្ជាក់របស់សម្តេច។
ទន្ទឹមនឹងគ្នានេះដែរ សម្តេចក៏ព្រមានដែរថា អ្នកទាំងអស់នេះនៅពេលដែលមកលេងស្រុកខ្មែរនឹងលំបាកបន្តិចហើយព្រោះពួកគេត្រូវបានចាត់ទុកថាជាក្រុមជ្រុលនិយមបំផ្លាញជាតិ៕