ភ្នំពេញ៖ សាលាដំបូងរាជធានីភ្នំពេញនៅថ្ងៃទី ២២ ខែមេសា ឆ្នាំ ២០២៣នេះ បានសម្រេចអនុញ្ញាតឱ្យលោក ហ៊ុន កុសល ជាអ្នកគាំទ្រលោក កឹម សុខា នៅក្រៅឃុំជាបណ្តោះអាសន្ន ដោយដាក់ស្ថិតនៅក្រោមការត្រួតពិនិត្យរបស់តុលាការក្នុងបទប្រមាថអង្គព្រះមហាក្សត្រ និងញុះញង់។
ការអនុញ្ញាតឱ្យនៅក្រៅឃុំនេះ ធ្វើឡើង បន្ទាប់ពីលោកបានចេញវីដេអូសុំព្រះរាជទានទោសពីព្រះមហាក្សត្រ និងសុំខមាទោសពីសម្តេច ហ៊ុន សែន។
មួយវិញទៀត ការអនុញ្ញាតឱ្យនៅក្រៅឃុំនេះ ធ្វើឡើងបន្ទាប់ពីលោក យឹម ស៊ីណន ប្រកាសចូលជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា និងត្រូវបានតែងតាំងជាអនុរដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ
លោក ហ៊ុន កុសល អតីតសកម្មជនក្រុមប្រឆាំងត្រូវបានសមត្ថកិច្ចចាប់ជាមួយលោក យឹម ស៊ីណ នៅល្ងាចថ្ងៃទី ២១ ខែមីនា ឆ្នាំ២០២៣នេះ បន្ទាប់ពីបង្ហោះសារបែបញុះញង់តាមបណ្តាញសង្គមពាក់ព័ន្ធនឹងរូបភាពព្រះមហាក្សត្រ ព្រះរាជទានព្រះអគ្គីជ័យកីឡា សម្រាប់ព្រឹត្តិការណ៍ប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ឆ្នាំ២០២៣ នៅខេត្តសៀមរាប។
លោក ហ៊ុន កុសល និងលោក យឹម ស៊ីណន ត្រូវបានតុលាការចោទប្រកាន់២បទល្មើស រួមមានបទៈ ប្រមាថចំពោះអង្គព្រះមហាក្សត្រ និងបទញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម តាមមាត្រា៤៣៧ (ស្ទួន) នៃច្បាប់ស្តីពីវិសោធនកម្មក្រមព្រហ្មទណ្ឌ មាត្រា៤៩៤ និងមាត្រា៤៩៥ នៃក្រមព្រហ្មទណ្ឌ៕