ភ្នំពេញ៖ ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ មន្ទីរពេទ្យបង្អែកស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ នាថ្ងៃទី៣ មេសានេះ សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រកាសគាំទ្រ ចំពោះការលើកឡើងរបស់លោក អាន់វ៉ា អ៊ីប្រាហ៊ីម នាយករដ្ឋមន្ត្រីម៉ាឡេស៊ី ដែលថា ប្រទេសមហាអំណាចគួរបញ្ឈប់ការដៃចូលកិច្ចការផ្ទៃក្នុងប្រទេសនានា ។
សម្តេចបញ្ជាក់បន្តថា «ខ្ញុំនិយាយដូចឯកឧត្ដម អាន់វ៉ា អ៊ីប្រាហ៊ីម ដែលជានាយករដ្ឋមន្ត្រីម៉ាឡេស៊ី មកទស្សនកិច្ចកម្ពុជា ពេលមុនប៉ុន្មានថ្ងៃមុន គាត់បាន ប្រកាសថា ប្រទេសមហាអំណាចគួរបញ្ឈប់ការដៃចូលកិច្ចការផ្ទៃក្នុងប្រទេសនានា ។ ខ្ញុំគាំទ្រណាស់ ខ្ញុំមានដៃគូមួយដ៏ល្អនៅក្នុងអាស៊ានទៀតហើយ រឿងអីរឿងរបស់កម្ពុជា ហើយលូកដៃមកទាំងបំពាន»។
សម្តេច ហ៊ុន សែន ថ្លែងថា កន្លងទៅ មានប្រទេសមហាអំណាចមួយចំនួន បានមកប្រដៅកម្ពុជា អំពីប្រជាធិបតេយ្យ និងការបែងចែកអំណាចសម្រាប់ស្ថាប័នទាំងបី ប៉ុន្តែខ្លួនឯងបែរជាមកជ្រៀតជ្រែក នៅក្នុងកិច្ចការងារតុលាការទៅវិញ ហើយមកបង្ខំនាយករដ្ឋមន្ត្រី ឬមន្ត្រីរាជរដ្ឋាភិបាល ឲ្យទៅជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងតុលាការ។
សម្តេចកូសបញ្ជាក់ថា «អញ្ចឹងម្ខាងអ្នកឯងមកប្រដៅខ្ញុំអញ្ចឹង និងម្ខាងអ្នកឯងមកសង្កត់ខ្ញុំអញ្ចុះ»។ សម្តេចបន្តទៀតថា កិច្ចការរបស់កម្ពុជា កម្ពុជាត្រូវមានជំហរឯករាជ្យរបស់ខ្លួន និងទំនាក់ទំនងដៃគូទូលំទូលាយ គ្រប់មុខព្រួញទាំងអស់ ហើយកម្ពុជាអត់ធ្វើសត្រូវនឹងប្រទេសណាទេ ៕