ភ្នំពេញ ៖ សម្ដេច ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការសម្របសម្រួលថ្នាក់ជាតិប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេវរកម្ម (គ.ស.ហ) បានលើកឡើងថា អង្គការ FATF សម្រេចដកកម្ពុជាចេញពីបញ្ជីប្រផេះ មានតម្លៃស្មើនឹងផ្នែកមួយ នៃអាយុជីវិតជាតិ ទាំងផ្នែកសេដ្ឋកិច្ច និង នយោបាយ។
ក្នុងឱកាសអញ្ជើញដឹកនាំកិច្ចប្រជុំ គ.ស.ហ. នាថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៣ សម្ដេច ស ខេង បានកត់សម្គាល់ថា ក្នុងរយៈពេល២ឆ្នាំកន្លងមកនេះ ទោះបីកម្ពុជាបន្តប្រឈមនឹងផលប៉ះពាល់នានាបង្កឡើងដោយសារជំងឺកូវីដ-១៩ និងមានភាពមមាញឹកក្នុងការងារពាក់ព័ន្ធការ បោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ ក៏ដូចជាគ្រោះទឹកជំនន់ និងការរៀបចំកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំអន្តរជាតិនានាក៏ដោយ ក៏ថ្នាក់ដឹកនាំចំណុះគណៈកម្មាធិការសម្របសម្រួលថ្នាក់ជាតិប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេវរកម្ម បានខិតខំបំពេញការងារយ៉ាងល្អប្រសើរ។
សម្ដេច ក៏បានសម្ដែងកោតសរសើរចំពោះសមិទ្ធផលការងារដ៏គួរឲ្យកត់សម្គាល់ គ.ស.ហ. គឺកិច្ចខិតខំប្រឹងប្រែងឈានទៅសម្រេចបានការដកកម្ពុជាពីបញ្ជីប្រផេះ ប្រឆាំងការសម្អាតប្រាក់ជាផ្លូវការ។
សម្ដេច ស ខេង បានមានប្រសាសន៍ថា «ការដកចេញពីបញ្ជីប្រផេះនេះ មានតម្លៃស្មើនឹងផ្នែកមួយនៃអាយុជីវិតជាតិ ទាំងផ្នែកសេដ្ឋកិច្ច និងនយោបាយ ដូច្នេះ គណៈកម្មាធិការសម្របសម្រួលថ្នាក់ជាតិ ត្រូវតែបន្តការប្ដេជ្ញាចិត្តរក្សាឲ្យបានស្ថានភាពល្អប្រសើរ តាមរយៈការរួមគ្នាបំពេញភារកិច្ចប្រកបដោយទំនួលខុសត្រូវ»។
នាឱកាសនោះ លោក ជា ចាន់តូ ទេសាភិបាលធនាគារជាតិនៃកម្ពុជា និងជាអនុប្រធានអចិន្ត្រៃនៃ គ.ស.ហ ក៏បានធ្វើរបាយការណ៍លម្អិតជូន សម្ដេច ស ខេង និងអង្គប្រជុំ អំពីសកម្មភាពការងាររបស់ គ.ស.ហ. និងទិសដៅការងារសំខាន់ៗ មួយចំនួនទៀត ក្នុងបេសកកម្ម ដើម្បីបញ្ចៀសកម្ពុជាមិនឲ្យធ្លាក់ចូលទៅក្នុងបញ្ជីប្រផេះប្រឆាំងការសម្អាតប្រាក់ជាថ្មីទៀត។
សូមបញ្ជាក់ថា អង្គការឃ្លាំមើលការលាងលុយ និងឧក្រិដ្ឋកម្មហិរញ្ញវត្ថុអន្តរជាតិ (FATF) ដែលមានមូលដ្ឋាននៅទីក្រុងប៉ារីស កាលពីខែកុម្ភៈ ឆ្នាំ២០២៣ បានប្រកាសជាផ្លូវការ ក្នុងការដកប្រទេសកម្ពុជាចេញពី «បញ្ជីប្រផេះ» នៃក្រុមប្រទេសដែលមានហានិភ័យខាងលាងលុយកខ្វក់។ ប្រទេសកម្ពុជា ធ្លាប់ត្រូវបានអង្គការ FATF ដាក់ឲ្យស្ថិតក្នុង «បញ្ជីប្រផេះ» នៃក្រុមប្រទេសដែលមានហានិភ័យខាងលាងលុយកខ្វក់ រយៈពេល៤ឆ្នាំជាប់ៗគ្នា ចាប់តាំងពីឆ្នាំ២០១៩ មក៕