លោក យ៉េង វីរៈ: យើងគោរពសិទ្ធិមនុស្ស សិទ្ធបុគ្គលក្នុងការធ្វើនយោបាយ

ភ្នំពេញ: ក្រោយប្រកាសលាលែងចេញពីគណបក្សរបស់លោក សាម អ៊ីន និង លោក សែម ហាក់, លោក យ៉េង វីរៈ ប្រធានគណបក្សប្រជាធិបតេយ្យមូលដ្ឋាន (គបម) ធ្វើការបកស្រាយ ទាក់ទងនឹងសមាសភាពរបស់សមាជិកថ្នាក់ដឹកនាំរបស់ គបម។

លោកបញ្ជាក់ថា គបម ជាគណបក្សអហិង្សា យើងមិនថ្កោលទោសឬ ហាមឃាត់សិទ្ធិសេរីភាពរបស់អ្នកនយោបាយយើងទេ ព្រោះយើងបង្កើតវប្បធម៌នយោបាយថ្មី មិនជេរ មិនលាបពណ៌ មិនយករឿងផ្ទាល់ខ្លួនលេងល្បែងនយោបាយ។ យើងគោរពសិទ្ធិមនុស្ស សិទ្ធបុគ្គលក្នុងការធ្វើនយោបាយ។ យើងជាគណបក្សដែលគាំទ្រការដឹកនាំបែបប្រជាធិបតេយ្យពិតប្រាកដ។

លោកបន្តថាតែមិនមែនបានន័យថាខ្ញុំមិនចែករំលែកការខកចិត្តនិងសោកស្តាយរបស់បងប្អូនអ្នកគាំទ្រ គបម ចំពោះការបាត់បង់សមាជិករបស់យើងនោះទេ។

តែទោះជាយ៉ាងណា លោកសូមធានាចំពោះបងប្អូន សមាជិក និងអ្នកគាំទ្រទាំងអស់ថា លោកមិនចាកចេញទៅណានោះទេ។

រូបលោកផ្ទាល់នឹងរិតតែខិតខំ ប្រឹងប្រែងទ្វេដង ក្នុងតួនាទីជាប្រធានគណបក្ស ដើម្បីសម្រេចគោលបំណង និងគោលនយោបាយយើង គឺស្តារឡើងវិញនូវគោលការណ៍ប្រជាធិបតេយ្យនៅកម្ពុជា ចាប់ផ្តើមពីការបង្កើតសម្លេងរបស់យើងនៅតាមក្រុមប្រឹក្សាឃុំ-សង្កាត់ និងសភាជាតិ។

លោកថ្លែងថា លើសពីនេះទៅទៀត គឺយើងនឹងរក្សាជំហររឹងមាំបំផុតសម្រាប់បេក្ខជនដែលមានស្នាដៃរបស់យើងនៅតាមក្រុមប្រឹក្សាឃុំដែលទើបជាប់ឆ្នោត និងអនុវត្តតួនាទីយ៉ាងខ្ជាប់ខ្ជួនក្នុងអាណត្តិទី៥នេះ៕