ភ្នំពេញ: លោក សាម អ៊ីន ប្រធានគណៈកម្មាធិការនាយកស្ដីទី គណបក្សប្រជាធិបតេយ្យមូលដ្ឋាន (GDP) នៅថ្ងៃទី០២ ខែមេសា ឆ្នាំ២០២៣នេះ បានប្រកាសលាលែងពីតំណែង រួមទាំងសមាជិកភាព របស់គណបក្សនេះហើយ។
លោក សាម អ៊ីន បានសរសេរនៅលើហ្វេសបុករបស់ខ្លួនថា “Goodbye my love ក្រោយពីការវាយតម្លៃស្ថានការណ៍គ្រប់ជ្រុងជ្រោយ និងសួរបេះដូងខ្ញុំជាច្រើនដង ខ្ញុំបានសម្រេចចិត្តលាឈប់ពីតួនាទីប្រធានគណៈកម្មាធិការនាយក(ស្តីទី) និងពីសមាជិកភាព គណបក្សប្រជាធិបតេយ្យមូលដ្ឋាន ជាផ្លូវការ”។
លោកបញ្ជាក់ថាការលាឈប់នេះមានសុពលភាពចាប់ ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៣។ Goodbye my love, GDP.។ ទោះជាយ៉ាងណា លោកមិនបញ្ជាក់ពីមូលហេតុច្បាស់ពីការលាលែងនេះនោះទេ។ យ៉ាងនេះក្តីលោក បានប្រាប់សារព័ត៌មានក្នុងស្រុកថា ក្រសួង ដែលលោកសម្លឹងមើល និងចង់ចូលទៅបម្រើការងារ គឺក្រសួងបរិស្ថាន។
លោក បន្ថែមថា លោក ចង់ប្រើប្រាស់ចំណេះជំនាញជួយរដ្ឋាភិបាលលើផ្នែកព្រៃឈើនិងបរិស្ថាន ដ្បិតលោកទទួលបានសញ្ញាបត្រថ្នាក់បណ្ឌិតផ្នែកគោលនយោបាយព្រៃឈើពីប្រទេសអាល្លឺម៉ង់ ហើយលោកក៏ធ្លាប់មានបទពិសោធក្នុងការចូលរួមការពារព្រៃឈើជាមួយប្រជាពលរដ្ឋតាមសហគមន៍នានាដែរ៕