សម្តេច ហ៊ុន សែន ៖ យើងមិនរង់ចាំទាល់តែមានសន្ដិភាពពេញលេញ ទើបយើងកែទម្រង់

ភ្នំពេញ ៖ សម្តេច ហ៊ុន សែន នាយករដ្ឋមន្ដ្រីកម្ពុជា បានលើកឡើងថា កម្ពុជា មិនរង់ចាំទាល់តែមានសន្តិភាពពេញលេញ ទើបធ្វើកំណែទម្រង់នោះទេ ខណៈការរស់រានរបស់កម្ពុជានាពេលនេះ គឺបានមកពីធ្វើកំណែទម្រង់នេះឯង។

ក្នុងពិធីប្រកាសដាក់ឲ្យអនុវត្តចក្ខុវិស័យ និងយុទ្ធសាស្ត្រ នៃកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដំណាក់កាលទី៤(២០២៣-២០២៧) នៅសណ្ឋាគារសុខាភ្នំពេញ នាព្រឹកថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៣ សម្ដេច ហ៊ុន សែន មានប្រសាសន៍ថា «យើងមិនរង់ចាំទាល់តែមានសន្ដិភាពពេញលេញ ទើបយើងធ្វើការកែទម្រង់នោះទេ។ ខ្ញុំអាចនិយាយបានការរស់រានរបស់យើងខ្ញុំ មកដល់ពេលនេះ គឺកើតចេញពីការកែទម្រង់នោះឯង។ ខ្ញុំអាចនិយាយបានថា ក្នុងជីវិតរបស់ខ្ញុំនេះ គឺជាជីវិតប្រឈមគ្រោះថ្នាក់គ្រប់ពេល មិនមែនគ្រាន់តែបញ្ហាយកក្បាលខ្ញុំទៅដោះដូរជាមួយនឹងការរស់រានជីវិត ចេញពីរបបខ្មែរក្រហមនោះឡើយ ហើយក៏មិនមែនការយកក្បាលខ្ញុំទៅដោះជាមួយសន្ដិភាពដែលអ៊ុនតាក់មិនអាចសម្រេចបាននោះដែរ។ ប៉ុន្ដែក្បាលរបស់ខ្ញុំ ក៏បានដោះដូរជាមួយនឹងកំណែទម្រង់ដែលត្រូវបានធ្វើនៅពេលខ្ញុំ ចាប់ផ្ដើមដំណែងជាផ្លូវការនូវនាយករដ្ឋមន្ដ្រី»។

សម្ដេចបន្ដថា ពេលនោះ ជីវិតរបស់សម្ដេច ពិតជាគ្រោះថ្នាក់ និងផុយស្រួយណាស់ ក្នុងការធ្វើកំណែទម្រង់នេះ នៅត្រង់ថា នៅពេលគ្រប់គ្រងតំណែងធ្វើជានាយករដ្ឋមន្ដ្រី សម្ដេចបានដាក់ចេញនូវកញ្ចប់ចំនួន២ រួមមាន៖ ទី១-កំណែទម្រង់ខាងនយោបាយ គឺត្រូវដោះស្រាយជម្លោះកម្ពុជា តាមរយៈនៃការចរចា និងទី២-កំណែទម្រង់ខាងសេដ្ឋកិច្ច។

សម្ដេច ហ៊ុន សែន ក៏បានអរគុណចំពោះភាគីបារាំង បានផ្ដល់ទីកន្លែងសម្រាប់សម្ដេចចរចាជាមួយ សម្ដេច នរោត្ដម សីហនុ នាពេលនោះ តាមរយៈនៃជំនួបចំនួន២លើក គឺបានបង្កើតឲ្យមានឱកាសខាងនយោបាយ រហូតដល់មានកិច្ចព្រមព្រៀងទីក្រុងប៉ារីស និងប្រតិបត្តិការសម្រាប់ដោះស្រាយបញ្ហាកម្ពុជា តាមផ្លូវនយោបាយ។ សម្ដេចបន្ដថា កំណែទម្រង់សេដ្ឋកិច្ច គឺចាប់ផ្ដើមឡើងកំណែទម្រង់ខាងដីធ្លី មិនមែនជាបញ្ហាងាយស្រួលនោះឡើយ។

សម្ដេចនាយករដ្ឋមន្ដ្រី បន្ថែមថា ក្នុងសម័យប៉ុលពត ដីធ្លីទាំងអស់ ត្រូវបានរឹបអូសដាក់ទៅជាសម្បត្តិរដ្ឋ ក្រោយរបបប្រល័យពូជសាសន៍ផ្ដួររំលំ សម្ដេចគ្មានជម្រើសអ្វី ក្រៅពីអនុវត្តកិច្ចការងារទាំងឡាយណាសង្គ្រោះជីវិតមនុស្ស។ សម្ដេចថា «នៅពេលនោះ២០គ្រួសារ មានគោមួយនឹម តើខ្ញុំធ្វើរបៀបម៉េច? ដើម្បីរស់ ហើយអ្នកទាំងអស់គ្នាបានឃើញហើយទីក្រុងភ្នំពេញសព្វថ្ងៃនេះ មានការកកស្ទះដោយឡាន ប៉ុន្ដែទីក្រុងភ្នំពេញជាង៤០ឆ្នាំមុន គឺគ្មានមនុស្សនៅឡើយ ៕