សៀមរាប៖ អាជ្ញាធរជាតិអប្សរា បាន ឱ្យដឹងថា ក្រុមអ្នកបច្ចេកទេស នាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យា អាជ្ញាធរជាតិអប្សរា បានធ្វើការជួសជុលឡើងវិញ កម្រាលថ្មភក់និងចម្លាក់តោនៅជាន់ទី១(ជ្រុងខាងត្បូង) ប្រាសាទបាគងដែលរងការខួចខាត។
បើតាម អាជ្ញាធរជាតិអប្សរា ការងារជួសជុលនេះ ក្រុមអ្នកបច្ចេកទេសបានរើកម្រាលថ្មភក់ផ្នែកខាងលើដែលបាក់បែក និងចម្លាក់តោដែលប្រេះ ស្រុតផ្អៀង ដើម្បីពង្រឹងស្រទាប់ក្រោម ធ្វើការជួសជុលថ្មប្រេះបែកបាក់ ហើយរៀបផ្គុំឡើងវិញតាមទីតាំងដើមវិញ ព្រមទាំងបិទបាយអតាមចន្លោះប្រហោងការពារជម្រាបទឹកផងដែរ។
អាជ្ញាធរជាតិអប្សរាបន្តថា នេះគឺជាផ្នែកមួយនៃកិច្ចការអភិរក្ស ដែលអាជ្ញាធរជាតិអប្សរាបានអនុវត្តន៏ជាប្រចាំ ក្នុងគោលគំនិតដើម្បីថែរក្ស លើកតម្លៃប្រាសាទបុរាណផង និងដើម្បីរក្សាសុខសុវត្ថិភាពដល់ភ្ញៀវទេសចរផង។
ប្រាសាទបាគងត្រូវបានកសាងឡើងនាចុងសតវត្សរ៍ទី៩ ក្នុងរជ្ជកាលព្រះបាទឥន្ទ្រវរ្ម័នទី១ ដើម្បីឧទ្ទិសថ្វាយចំពោះលិទ្ធិព្រហ្មញ្ញសាសនា៕