ភ្នំពេញ ៖ រឿងរ៉ាវឆ្លើយឆ្លងគ្នារវាងសម្តេច ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា និងលោក ស៊ន តារា កំពុងតែបន្តទៅបន្តមក ។ សម្រាប់ការឆ្លើយតបនេះ បើតាមសម្តេចគឺថា មិនចង់តបតអ្វីទេជាមួយបុគ្គលដូច ស៊ន តារា ដែលបានតាំងខ្លួនចង់ដណ្តើមធ្វើជាបេក្ខជននាយករដ្ឋមន្រ្តីពី លោក ហ៊ុន ម៉ាណែត ។ ប៉ុន្តែតបនេះ ដោយសារ ស៊ន តារា បានកំពុងស្ថិតនៅមាត់ជ្រោះមរណៈដែលជឿស៊ប់ទៅលើក្រុមប្រឆាំងនៅប្រទេសហើយ ។
ក្នុងពិធីប្រគល់សញ្ញាបត្រដល់គរុនិស្សិតបច្ចេកទេស និងនិស្សិតនៃវិទ្យាស្ថានជាតិ បណ្ដុះបណ្ដាលបច្ចេកទេស នាថ្ងៃ២៧ កុម្ភៈ សម្តេចតេជោ បានផ្តាំទៅកាន់អ្នកចង់ធ្វើនយោបាយយ៉ាងដូច្នេះថា បើអ្នកមិនស្គាល់នយោបាយទេកុំធ្វើនយោបាយល្អជាង។ ជាមួយ ហ៊ុន សែន អ្នកដែលបង្ក្រាប ហ៊ុន សែន បានមកដល់ម៉ោងនេះមិនទាន់ចេញពីផ្ទៃម្តាយទេ ។
សម្តេចបញ្ជាក់ថា «ខ្ញុំមិនចង់និយាយតជាមួយអ្នកណាទេ កុំឲ្យគេថាតជាមួយកូនក្មេង(ស៊ន តារា) ក៏ប៉ុន្តែកូនក្មេងឯងកំពុងចូលអន្ទាក់យ៉ាងស៊ប់តែម្តង ហើយកូនក្មេងឯងរង់ចាំមើលទៅ ។ មកដល់ពេលនេះដាក់ខ្លួនដណ្តើមតួនាទីជានាយករដ្ឋមន្ត្រីគឺបានបង្ហាញពីភាពគ្រប់គ្រាន់ ក្នុងឆ្លុះបញ្ចាំងពីអ្វីហើយ” ។
សូមបញ្ជាក់ថា ការតបសារជាថ្មីរបស់សម្តេចទៅកាន់ លោក ស៊ន តារា នេះ ដោយសារក្នុងការឡាយថ្មីមួយសូរទៀតរបស់ ស៊ន តារា បានវាយប្រហារទៅសម្តេចថា ពេលផេកហ្វេសប៊ុកសម្តេចឡាយម្តងៗគ្មានអ្នកចូលមើលច្រើនដូចលោកឡាយឡើយ៕ ដោយ៖ រិន ចំរើន