ភ្នំពេញ៖ ក្រោយមានការរិះគន់ និងចុះផ្សាយជុំវិញមន្ត្រីរដ្ឋបាលព្រៃឈើបាន បានព្រមានដកហូតយកសត្វក្ងោកប្រមាណជិត ២០ក្បាល របស់ លោក យឹម សំអឿន (ម្ចាស់សត្វក្ងោក)រស់នៅក្នុងស្រុកបរិបូរណ៍ ខេត្តកំពង់ឆ្នាំងកាលពីពេលថ្មីនេះ លោក កែវ អូម៉ាលីស្ស ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាប្រធានរដ្ឋបាលព្រៃ បានចាត់ទុកថា នេះ គឺជាអនុវត្តច្បាប់របស់ប្រទេសកម្ពុជា ។
លោក កែវ អូម៉ាលីស្ស ថ្លែងតាមរយៈវីដេអូកាលពីថ្ងៃទី២៦ ខែកុម្ភៈ បានឱ្យដឹងថា ករណីខាងលើនេះ ក្រុមការងាររដ្ឋបាលព្រៃឈើបានស៊ើបអង្កេត និងស្រាវជ្រាវ ជាយូណាស់មកហើយមុនឈានដល់ចុះបង្ក្រាប និងដកហូតកាលពីពេលថ្មីៗនេះ ។ ហើយការចុះនេះទៀតសោត ក្រុមការងាររដ្ឋបាលព្រៃឈើ សហការជាមួយនឹង តំណាងអយ្យការខេត្តកំពង់ឆ្នាំ និងក៏មានការចូលរួរួមពីអង្គការ Wildlefe Alliance ផងដែរ ។
លោកបន្តថា ជាលទ្ធផល ឃើញថា ករណីខាងលើនេះ ជាបទល្មើស ការជួញដូរ និងធ្វើពាណិជ្ជកម្ម ដែលមានទាំងក្ងោកខ្មែរ ដែលជាប្រភេសត្វកម្រ និងមានសត្វក្ងោកប្រភេទឥណ្ឌា ដែលផ្ទុយនឹងអនុសញ្ញា និង ច្បាប់អន្តរជាតិ។ ការធ្វើពាណិជ្ជកម្ម សត្វព្រៃដោយកម្រនេះ ត្រូវបានហាមឃាត់ និងមានទោសទណ្ឌនៅក្នុងច្បាប់ស្តីពីព្រៃឈើ អាចមានទោសទណ្ឌ ជាប់ពី ពន្ធនាគារពី ១ ឆ្នាំ ទៅ ៥ ឆ្នាំ ។
លោកបញ្ជាក់ថា ការអនុវត្តខុសច្បាប់នេះ បានជះឥទ្ធិពល អវិជ្ជមានមកលើប្រទេសកម្ពុជា ផងដែរ ពីព្រោះប្រទេសកម្ពុជា ត្រូវការអនុវត្តច្បាប់ ប្រឆាំងការជួញដូរសម្អាតប្រាក់ ក៏ដូចជាអនុវត្តអនុសញ្ញាសាយប្រេស បើយើងមិនអនុវត្តទេ គឺថា យើងប្រឈមនឹងការព្យួរប្រទេសក្នុងការធ្វើពាណិជ្ជកម្មរុក្ខជាតិ និងសត្វព្រៃ ។
លោកថ្លែងថា៖ « មួយទៀត យើងប្រឈមនឹងការ ដាក់ប្រទេសកម្ពុជានៅក្នុងបញ្ជីប្រផេស ឬក្នុងបញ្ជីខ្មៅ ។ ប៉ុន្តែ បើយើងបានអនុវត្តល្អ ធ្វើ ឱ្យកម្ពុជា បានចាកចេញពីបញ្ជីប្រផេះ នាពេលថ្មីៗនេះ ។ ម្យ៉ាងទៀត ការនាំចូលសត្វក៏នឹងមានការនាំមកជាមួយនឹងជំងឺផ្សេងៗ ដែលបច្ចុប្បន្ននេះ មានករណីផ្ទុះជំងឺផ្តាសាយបក្សី។ អីចឹងការ នាំចូលដោយមានការអនុញ្ញាតគឺជាភាពត្រឹមត្រូវ ដើម្បីធានាភាពស្របច្បាប់ ក៏ដូចជា ការទប់ស្កាត់នូវជំងឺផ្សេងៗផងដែរ»។
ចំពោះការចោទប្រកាន់ផ្សេងពីសំណាក់សាធារណមតិមកលើក្រុមមន្ត្រីរដ្ឋបាលព្រៃឈើ និងអំពីការសង្ស័យផ្សេងៗ រដ្ឋបាលព្រៃឈើ លោក អញ្ជើញខាងអង្គភាព ACU ដើម្បីមកបញ្ជាក់អំពីភាពត្រឹមត្រូវ បើមានខុសត្រូវយ៉ាងណា អង្គភាពរបស់លោក មានភាពរីករាយក្នុងការចូលរួមសហការជាមួយជានិច្ច ។
ជាមួយគ្នានេះ លោកក៏សំណូមពរដល់សាធាណជនទំាងអស់ ចូលរួមបង្ការ និងទប់ស្កាត់ការជួញដូរសត្វព្រៃមានដោយកម្រ និងជិតផុតពូជ។ សត្វព្រៃទាំងនេះ គួរតែទុកនៅក្នុងព្រៃ ដើម្បីរស់រាន ការចាប់យកមកចិញ្ចឹម ឬធ្វើពាណិជ្ជកម្ម គឺជាអំពើមួយខុសច្បាប់។ ការចិញ្ចឹម យើងអនុញ្ញាត បើចិញ្ចឹមនោះ គឺមានប្រភពច្បាស់លាស និង ជាប្រភេទដោយបង្គួរដែលច្បាប់ធ្លាប់បានអនុញ្ញាតដូចជាចិញ្ចឹមជ្រូកព្រៃ ក្រចៀកកាំ និងឈ្លូសផងដែរ។
រដ្ឋបាលព្រៃឈើ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កាលពីថ្ងៃទី ២៣ ខែកុម្ភៈ បានចេញលិខិតអញ្ជើញលោក យឹម សំអឿន មានអាយុ ៣៤ ឆ្នាំ ដែលមានទីលំនៅភូមិសន្លង់ ឃុំត្រពាំងចាន់ ស្រុកបរិបូរណ៍ ខេត្តកំពង់ឆ្នាំ ឱ្យចូលខ្លួន បន្តនិតិវិធី បញ្ចប់សំណុំរឿងបទល្មើសសត្វព្រៃ ពីបទ យកធ្វើជាកម្មសិទ្ធិចិញ្ចឹម បង្កាត់ពូជសត្វព្រៃ ដោយគ្មានលិខិតអនុញ្ញាពីរដ្ឋបាលព្រៃឈើ ។
គណនីឈ្មោះ Yuth Visnuk Samoeunrn ដែលត្រូវបានគេស្គាល់ថា ជាលោក យឹម សំអឿន និងម្ចាស់សត្វក្ងោកកាលពីថ្ងៃទី ២៦ ខែកុម្ភៈ ឆ្នាំ ២០២៣ បានសរសេររៀបរាប់នៅលើបណ្តាញសង្គមថា «តើអាចទេ រឺក៏ខ្ញុំត្រូវតែមានទោស តែខ្ញុំមិនបានលក់ និងក៏មិនដាច់ចិត្តលក់ក្ងោកខ្ញុំទេក្ងោកពួកវានៅអាមួយខ្ញុំតាំង2014 ម្លេះជាយូរណាស់សំរាប់អ្នកចិញ្ចឹមដែលដឹងថាការស្រលាញ់ធំប៉ុនណា មកដល់ពេលនេះវានៅ21ដដែល»។
លោកសរសេរបន្តថា «ខ្ញុំទើបតែដឹងថាខ្លួនល្ងង់ ដែលលង់ជឿគេបោកប្រាស់ សុំទិញទាំងខ្លួនកំពុងមាន វិបត្តិហិរវត្ថុ តែខ្ញុំមិនដាច់ចិត្តមិនបានលក់ទៅអោយនរណាម្នាក់ទេ ហើយមិនដឹងពួកគាត់តាមប្រមាញ់ តាមរកកំហុសខ្ញុំពីពេលណាដែរ»។
លោកបន្ថែមថា «ខ្ញុំគ្មានប្រពន្ធក៏គ្មានកូនតែខ្ញុំមានបេះដូងស្រលាញ់សត្វមែនទុកដូចជាកូន មិនមែនការសំដែង តើខ្ញុំត្រូវតែជាប់គុគច្រវាក់ និង បង់ពិន័យ ហើយសុំទោសចំពោះមេព្រៃ ជាសារណៈមុខប្រជាជនកម្ពុជា ខ្ញុំសុំទោស ខ្ញុំជាប្រជាជនធម្មតា ដែលមិនចេះ មិនដឹង និងមិនបានរៀនច្បាប់ រឺ ត្រូវរៀនបញ្ចប់សលកវិទ្យាល័យច្បាប់ដែររឺទេ ដើម្បីរស់នៅដោយ សុខសន្តិភាព ដើម្បីក្លាយជាពលរដ្ឋល្អម្នាក់ តើគួរធ្វើយ៉ាង ?។
លោកដាក់ជាសំនួរថា « តើខ្ញុំគួរធ្វើយ៉ាងដូចម្តេច ដើម្បីក្លាយជាពលរដ្ឋល្អម្នាក់រស់នៅក្នុងសង្គម ដើម្បីអោយប្រទេសរីកចំរើន និងជាសរសទ្រូងប្រទេសជាតិ និង ជាធនធានមនុស្សនៅក្រោមម្លប់រាជរដ្ឋាភិបាល សម្តេចពុកអគ្គមហាសេនាបតីតេជោហ៊ុនសែន ប្រាប់ខ្ញុំបានទេខ្ញុំត្រូវធ្វើយ៉ាងណា?»៕ ដោយ៖ ពុទ្ធិពល