តំណាងអចិន្ត្រៃយ៍ខ្មែរនៅUN ៖ កម្ពុជា ការពារសារព័ត៌មាន មានវិជ្ជាជីវៈត្រឹមត្រូវ

ភ្នំពេញ ៖ លោក អ៊ិន តារា ឯកអគ្គរាជទូត និងជាតំណាងអចិន្ត្រៃយ៍កម្ពុជា ប្រចាំការិយាល័យអង្គការសហប្រជាជាតិ(UN) និងអង្គការអន្តរជាតិ នៅទីក្រុងហ្សឺណែវ បានលើកឡើងថា កម្ពុជា បានគាំពារសារព័ត៌មានដែលប្រកបដោយវិជ្ជាជីវៈត្រឹមត្រូវ មិនរំលោភសិទ្ធិអ្នកដទៃ និងមិនបំភ្លៃការពិត ។

ការលើកឡើងរបស់លោកនេះ បន្ទាប់ពីអ្នករាយការណ៍ពិសេស៣រូប របស់អង្គការសហប្រជាជាតិប្រចាំកម្ពុជា បានធ្វើសេចក្ដីអត្ថាធិប្បាយដោយលម្អៀង និងមានការរើសអើង ពាក់ព័ន្ធទៅនឹងការបិទស្ថានីយវិទ្យុវិអូឌីដែលទទួលមូលនិធិពីបរទេសកាលពីពេលថ្មីៗនេះ ។ លោក អ៊ិន តារា បង្ហាញការសោកស្ដាយផងដែរ ចំពោះអ្នករាយការណ៍ពិសេស៣រូប ។

តាមរយៈសេចក្ដីថ្លែងការណ៍នាថ្ងៃទី២១ ខែកុម្ភៈ ស្ថានបេសកកម្មអចិន្ត្រៃយ៍កម្ពុជា បានឲ្យដឹងថា ចំណាត់ការរដ្ឋបាលចំពោះអង្គភាពដែលបំពានច្បាប់ មិនសមនឹងទទួលបានការព្រួយបារម្ភអ្វីទាំងអស់។ អ្វីដែលគួរឲ្យព្រួយបារម្ភនោះគឺការផ្សាយព័ត៌មានមិនពិត និងការបង្កាច់បង្ខូចដោយចេតនា ដែលគ្រប់ប្រទេសទាំងអស់តែងតែថ្កោលទោស។ អង្គភាពសារព័ត៌មានមួយនេះបានចូលរួមផ្សព្វផ្សាយព័ត៌មានមិនពិត និងបំភ្លៃកិច្ចការផ្ទៃក្នុងរបស់កម្ពុជាស្តីពីការផ្ដល់ជំនួយមនុស្សធម៌។

ស្ថានបេសកកម្មអចិន្ត្រៃយ៍កម្ពុជាបន្ថែមថា ការលើកឡើងដោយលំអៀងរបស់អ្នករាយការណ៍ពិសេសនេះ បានមើលរំលងការពិតមិនអាចប្រកែកបាន ដែលមណ្ឌលផ្សព្វផ្សាយនោះបានរំលោភបំពានវិជ្ជាជីវៈសារព័ត៌មានយ៉ាងធ្ងន់ធ្ងរ ធ្វើឲ្យប៉ះពាល់ដល់កិត្តិយស និងកិត្យានុភាពរបស់រាជរដ្ឋាភិបាលកម្ពុជា ព្រមទាំងបានបដិសេធមិនកែប្រែកំហុស ដោយអនុលោមតាមបទប្បញ្ញត្តិនៃច្បាប់ស្ដីពីរបបសារព័ត៌មាន។ មាត្រា ១០ (ខ) នៃច្បាប់នេះ ចែងថា “ក្នុងករណីបុគ្គលសារធារណៈ គ្រប់ការពោលអះអាង ឬការទម្លាក់កំហុសដែលអ្នកសារព័ត៌មានយកមកចុះផ្សាយដោយផ្ទាល់ ឬយកមកចុះផ្សាយបន្តខុសពីការពិតដោយចេតនាអាក្រក់ប្រឆាំងនឹងបុគ្គលសាធារណៈនោះ គឺជាការប្រមាថ និងត្រូវបានហាមឃាត់”។

តំណាងអចិន្ត្រៃយ៍កម្ពុជា គូសបញ្ជាក់ថា ការអះអាងថាជាសារព័ត៌មាន“ឯករាជ្យ” មិនមែនជាអាជ្ញាប័ណ្ណដើម្បីបំពានច្បាប់ដោយនិទណ្ឌភាព ឬដើម្បីគេចវេសពីការទទួលខុសត្រូវ និងគណនេយ្យភាពឡើយ។ ចំណាត់ការស្របច្បាប់ចំពោះវិទ្យុមិនគោរពវិជ្ជាជីវៈនេះមិនធ្វើឲ្យចុះខ្សោយសេរីភាពសារព័ត៌មានដ៏រស់រវើកនៅកម្ពុជាទេ តែផ្ទុយទៅវិញ គឺជាការរួមចំណែកដល់ការពង្រឹងវិជ្ជាជីវៈសារព័ត៌មាន។

តំណាងអចិន្ត្រៃយ៍កម្ពុជា សង្កត់ធ្ងន់ថា «កម្ពុជាគាំពារសារព័ត៌មានដែលប្រកបដោយវិជ្ជាជីវៈត្រឹមត្រូវ មិនរំលោភសិទ្ធិរបស់អ្នកដទៃ និងមិនបំភ្លៃការពិត ហើយកម្ពុជាប្ដេជ្ញារៀបចំការបោះឆ្នោតជាតិខាងមុខនេះឲ្យប្រព្រឹត្តិទៅដោយសេរី យុត្តិធម៌ និងត្រឹមត្រូវ ដែលឆ្លុះបញ្ចាំងយ៉ាងពេញលេញនូវឆន្ទៈរបស់ប្រជាពលរដ្ឋ» ៕ ដោយ៖ រិន ចំរើន