តុលាការកំពូលនឹងបើកការជំនុំជម្រះសំណុំរឿង គ.ជ.ប និង CPP ប្តឹងលោក សុន ឆ័យ នៅថ្ងៃស្អែក

ភ្នំពេញ៖ សំណុំរឿងករណីគណៈកម្មាធិការជាតិរៀបចំការ បោះឆ្នោត(គ.ជ.ប) និងគណបក្សប្រជាជនកម្ពុជា ប្តឹងលោក សុន ឆ័យ អនុប្រធានគណបក្ស ភ្លើងទៀន ពីបទបរិហាកេរ្តិ៍ នឹងត្រូវបានតុលាការកំពូលលើកយកមកជំនុំជំរះ នៅវេលាម៉ោង ៨:០០ នាទី ព្រឹក ថ្ងៃសុក្រ ទី១៧ ខែកុម្ភៈ ឆ្នាំ២០២៣ ។ នេះ បើតាមសេចក្តីប្រកាសព័ត៌មានរបស់គណបក្សភ្លើងទៀននៅថ្ងៃទី ១៦ ខែកុម្ភៈ នេះ ។

សូមរំលឹកថា សាលាឧទ្ធរណ៍កាលពីថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២២នេះ បានសម្រេចម្តងរួចហើយដោយ តម្កល់សាលក្រមសាលាដំបូងរាជធានីភ្នំពេញ ក្នុងសំណុំរឿងបរិហារកេរ្តិ៍ជាសាធារណៈរបស់លោក សុន ឆ័យ «ទុកជាបានការ» ប៉ុន្តែបានសម្រេចកែប្រែបន្ថែមលើប្រាក់ពិន័យ និងលើប្រាក់សំណង់ជំងឺចិត្ត កាន់តែច្រើនជាង ជូនដល់ដើមបណ្តឹង។

ពាក់ព័ន្ធនឹងបញ្ហាខាងលើនេះ សាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២២ បានប្រកាសសាលក្រមលើសំណុំរឿងបរិហារកេរ្តិ៍ជាសាធារណៈ ទាំង២របស់លោក សុន ឆ័យ ដែលត្រូវបានប្តឹងដោយ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត និងគណបក្សប្រជាជនកម្ពុជា។ សំណុំរឿងប្តឹងដោយគ.ជ.ប ចៅក្រមបាន ផ្ដន្ទាទោស លោក សុន ឆ័យ ពិន័យជាប្រាក់ចំនួន៩លានរៀល។ ចំណែកក្នុងសំណុំរឿងប្តឹងដោយ គណបក្សប្រជាជនកម្ពុជា ចៅក្រមបានសម្រេចផ្ដន្ទាទោស លោក សុន ឆ័យ ពិន័យជាប្រាក់ចំនួន៨លានរៀល ព្រមទាំងបង្គាប់ឲ្យសងសំណងជម្ងឺចិត្តឲ្យដើមបណ្តឹងរដ្ឋប្បវេណីចំនួន ៣០០០លានរៀលផងដែរ។

ជាមួយគ្នានេះ ចៅក្រមសាលាដំបូងរាជធានីភ្នំពេញ លោក អួង វុទ្ធា ក៏បានចេញដីកាសម្រេចរឹបអូសជាបណ្តោះអាសន្នលើអចលនវត្ថុចំនួន ០២កន្លែង ជាទ្រព្យសម្បត្តិរបស់លោក សុន ឆ័យ អនុប្រធានគណបក្សភ្លើងទៀន បន្ទាប់ពីមានការអះអាងតាមបណ្តាញសារព័ត៌មានថា លោកនឹងមិនសងតាមការសម្រេចរបស់តុលការ ចំពោះបទបរិហាកេរ្តិ៍ជាសាធារណៈ នោះឡើយ។

គ.ជ.ប និងគណបក្សប្រជាជនកម្ពុជា បានដាក់ពាក្យប្តឹងទៅតុលាការ ស្វែងរកយុត្តិធម៌ ធ្វើឡើងបន្ទាប់ពី លោក សុន ឆ័យ បានចោទប្រកាន់ថា ការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី៥ ឆ្នាំ២០២២ កន្លងទៅ មានការទិញ និងលួចបន្លំសន្លឹកឆ្នោត៕ ដោយ៖ ពុទ្ធិពល