លោក នាង ផាត ៖ ដំណើរទស្សនកិច្ចរបស់មេបញ្ជាការកងកម្លាំងស្វ័យការពារជើងគោកជប៉ុន មកកាន់កម្ពុជា ជាជំហានថ្មីមួយក្នុងការជំរុញកិច្ចទំនាក់ទំនងលើកងទ័ពកម្ពុជា-ជប៉ុន

ភ្នំពេញ៖ លោក នាង ផាត រដ្ឋលេខាធិការប្រចាំការក្រសួងការពារជាតិថ្លែងថា ដំណើទស្សនកិច្ចផ្លូវការ និងមិត្តភាពរបស់ មេបញ្ជាការកងកម្លាំងស្វ័យការពារជើងគោកជប៉ុន មកកាន់ព្រះរាជាណាចក្រកម្ពុជាដែលនេះគឺជាជំហានថ្មីមួយក្នុងការជំរុញកិច្ចទំនាក់ទំនងលើកងទ័ពទាំងពីរ កម្ពុជា-ជប៉ុន ជាពិសេសការពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការរវាងកងទ័ពជើងគោកនៃប្រទេសទាំងពីរ ឲ្យកាន់តែមានភាពជិតស្និទ្ធ ។

ការថ្លែងរបស់លោក នាង ផាត ខាងលើនេះ ធ្វើឡើង កាលពីថ្ងៃទី ១៥ ខែកុម្ភៈ ឆ្នាំ២០២៣នេះ ក្នុងជំនួបស្វាគមន៍ លោក YOSHIDA Yoshihide មេបញ្ជាការកងកម្លាំងស្វ័យការពារជើងគោកជប៉ុន ចូលជួបសំដែងការគួរសម និងពិភាក្សាការងារ នៅទីស្ដីការក្រសួងការពារជាតិ។

លោក នាង ផាត បានថ្លែងអំណរគុណដល់កងកម្លាំងស្វ័យការពារជើងគោកជប៉ុន ដែលជានិច្ចកាលតែងបានគាំទ្រលើវិស័យហ្វឹកហ្វឺនបណ្ដុះបណ្ដាលធនធានមនុស្ស ក្នុងជួរកងយោធពលខេមរភូមិន្ទ ទាំងការបណ្ដុះបណ្ដាលរយៈពេលវែង និងជំនាញផ្សេងៗផងនោះ ក៏មានជំនាញវិស្វកម្ម ដែលជាផ្នែកមួយនៃការពង្រឹងសមត្ថភាពកងទ័ពកម្ពុជា នៅក្នុងការចូលរួមបេសកកម្មមនុស្សធម៌ ថែរក្សាសន្តិភាព ក្នុងក្របខណ្ឌអង្គការសហប្រជាជាតិ ។

ជាការឆ្លើយតប លោក YOSHIDA Yoshihide បានសម្ដែងនៅភាពសប្បាយរីករាយចំពោះដំណើរទស្សនកិច្ចជាផ្លូវការ និងមិត្តភាពលើកទី១នេះ នៅកម្ពុជា ព្រមទាំងបានបង្ហាញនូវការកត់សម្គាល់ចំពោះវឌ្ឍនភាពនៃការអភិវឌ្ឍរីកចម្រើនខ្លាំង របស់ប្រទេសកម្ពុជា នឹងបានគោរពកោតសរសើរចំពោះភាពជាដៃគូរ និងទំនាក់ទំនងកិច្ចសហប្រតិបត្តិការដ៏ល្អរវាងកម្ពុជា-ជប៉ុន ក្នុងរយៈកាលកន្លងមកជាពិសេសផ្ដើមចេញពីចំណងមិត្តភាពផ្ទាល់ រវាងប្រមុខរាជរដ្ឋាភិបាល នៃប្រទេសទាំងពីរដែលធ្វើឲ្យទំនាក់ទំនងនេះកាន់តែមានភាពជិតស្និទ្ធថែមទៀត។

ក្នុងនោះលោកក៏បានគូសបញ្ជាក់អំពីការបន្តជួយដល់កងទ័ពកម្ពុជាលើការកសាងពង្រឹងសមត្ថភាពតាមរយៈការហ្វឹកហ្វឺនលើជំនាញសំខាន់ៗ ដើម្បីឆ្លើយតបនឹងស្ថានការណ៍សន្តិសុខសង្គ្រាមមិនមែនប្រពៃណី ដូចជាការវាយប្រហារដោយប្រើប្រាស់ប្រព័ន្ធអ៉ីនធើណេត និងបច្ចេកវិទ្យាទំនើប បញ្ហាគ្រោះមហន្តរាយ និងជំងឺរាតត្បាតនានាព្រមទាំងការគាំទ្រឱ្យមានការរៀបចំលំហាត់រួមក្នុងកម្រិតណាមួយនៅពេលអនាគត ។

ជាមួយគ្នានោះដែរ លោក ក៏បានថ្លែងអំណរគុណចំពោះកម្ពុជាក្នុងនាមជាប្រទេសទី១ នៅអាស៊ីអាគ្នេយ៍ ដែលបានគាំទ្រគំនិតផ្តួចផ្តើម “យុទ្ធសាស្ត្រតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិកសេរី និងបើកចំហរ (FOIP)” របស់ជប៉ុន ដើម្បីសន្តិភាព ស្ថិរភាព ការអភិវឌ្ឍ និងវិបុលភាពរួមនៅក្នុងតំបន់ និងលើសកលលោក ។

លោក បញ្ជាក់ថា កងស្វ័យការពារជើងគោកជប៉ុន និងបន្តខិតខំប្រឹងប្រែងធ្វើឲ្យទំនាក់ទំនងកងទ័ពប្រទេសទាំងពីរ ពិសេសកងទ័ពជើងគោក នៃប្រទេសទាំងពីរ ឲ្យកាន់តែល្អប្រសើរតាមរយៈនៃការបង្កើនកិច្ចសហប្រតិបត្តិការនានាឱ្យកាន់តែច្រើនឡើងថែមទៀត ៕ ដោយ៖ ពុទ្ធិពល