លោក ប៉ែន បូណា៖ VOD បានផ្សាយព័ត៌មានមិនពិតដែលវាយប្រហារធ្ងន់ធ្ងរទៅលើបុគ្គលសាធារណៈ និងទៅលើប្រព័ន្ធគ្រប់គ្រងរដ្ឋទាំងមូល

ភ្នំពេញ៖ លោក ប៉ែន បូណា រដ្ឋលេខាធិការក្រសួងព័ត៌មាន បានស្នើដល់ អ្នកសារព័ត៌មានសរសេរឲ្យបានច្បាស់ កុំបង្កើតភាពមន្ទិលក្នុងសំណេររបស់ខ្លួនឲ្យមហាជនយល់ច្រឡំក្នុងចេតនាណាមួយឲ្យសោះ ខណៈលោក មើលឃើញថា VOD ផ្សាយព័ត៌មានមិនពិតដែលវាយប្រហារធ្ងន់ធ្ងរទៅលើបុគ្គលសាធារណៈ និងទៅលើប្រព័ន្ធគ្រប់គ្រងរដ្ឋទាំងមូល។

លោក ប៉ែន បូណា ដែលជាអ្នកសារព័ត៌មានជើងចាស់មួយរូបបានសរសេរនៅលើទំព័រហ្វេសបុករបស់លោកនៅថ្ងៃទី ១៤ ខែកុម្ភៈនេះថា ស្នូលនៃសាច់រឿងនេះគឺ VOD បានផ្សាយព័ត៌មានមិនពិតដែលវាយប្រហារធ្ងន់ធ្ងរទៅលើបុគ្គលសាធារណៈ និងទៅលើប្រព័ន្ធគ្រប់គ្រងរដ្ឋទាំងមូល។ ប៉ុន្តែ ពេលតួអង្គសំខាន់ដែលរងគ្រោះដោយសារព័ត៌មានមិនពិតរបស់ខ្លួន( លោក ហ៊ុន ម៉ាណែត) ចេញមកប្រតិកម្មហើយសុំឲ្យកែតម្រូវនិងសុំទោស ឬបង្ហាញភស្តុតាងបើខ្លួនមាន, VOD មិនធ្វើអ្វីទាំងអស់។

លោកបន្តថា ប្រតិកម្មរបស់ភាគីរងគ្រោះដោយសារព័ត៌មានមិនពិតមានដល់ទៅពីរលើក ( គឺលោកហ៊ុន ម៉ាណែត និងសម្តេច ហ៊ុន សែន) ដោយមានទាំងភស្តុតាងមកបង្ហាញយ៉ាងច្បាស់លាស់ និងទុកពេលវេលាយ៉ាងគ្រប់ គ្រាន់។ ប៉ុន្តែ VOD នៅតែមិនបានយកព័ត៌មានទាំងនោះមកផ្សាយឡើយដោយទុកឲ្យព័ត៌មានមិនពិតរបស់ខ្លួនអូសបន្លាយជាច្រើនថ្ងៃ។ នេះជាកំហុសវិជ្ជាជីវៈធ្ងន់ធ្ងរ។

លោកបញ្ជាក់ទៀតថា ក្នុងន័យនេះ លោកស្នើសុំ កុំនិយាយថា រដ្ឋាភិបាលវាយប្រហារទៅលើសារព័ត៌មាន ប៉ុន្តែ គឺសារព័ត៌មាន(VOD) ទេដែលវាយប្រហារលើរាជរដ្ឋាភិបាលតាមរយៈផ្សាយព័ត៌មានមិនពិត បង្កើតកំហុសដាក់អ្នកដទៃហើយមិនកែព្រមកែតម្រូវនិងមិនព្រមសុំទោស។

លោកថ្លែងថា៖ « អ្នកសារព័ត៌មានត្រូវស្វែងរកភាពច្បាស់លាស់ឲ្យឃើញមុនសរសេរសាច់រឿង គឺមិនមែនចេញពីភាពច្បាស់លាស់ទៅបង្កើតភាពមន្ទិលទៅវិញទេ។ ដូច្នេះ សូមអ្នកសារព័ត៌មាន និងអង្គការសង្គមស៊ីវិលទាំងឡាយ យល់ឲ្យច្បាស់និងសរសេរឬអត្ថាធិប្បាយឲ្យត្រឹមត្រូវតាមសាច់រឿង ហើយកុំបង្កើតភាពមន្ទិលដើម្បីកេងចំណេញនយោបាយ»៕
ដោយ៖ ពុទ្ធិពល