ភ្នំពេញ៖ លោកបណ្ឌិត ប៉ា ចន្ទរឿន ប្រធានវិទ្យាស្ថានប្រជាធិបតេយ្យកម្ពុជា បានមើលឃើញថា ខ្មែរភាគច្រើនហៅខុស យល់ខុសនិងប្រតិបត្តិមិនត្រូវនៅថ្ងៃ ១៤ កុម្ភៈ ឬ Valentine’s Day។ ជាមួយគ្នានេះ លោក ស្នើសុំ គួរឈប់នាំគ្នាបកប្រែ ឬហៅ Valentine’s Day ថាជា “ទិវានៃក្តីស្រឡាញ់”។
លោកបណ្ឌិត បានសរសេរនៅលើទំព័រហ្វេសបុករបស់លោកនៅថ្ងៃទី ១៤ ខែកុម្ភៈថា គួរ ឈប់ នាំគ្នាបកប្រែ ឬហៅ Valentine’s Day ថាជា “ទិវានៃក្តីស្រឡាញ់” ពីព្រោះធាតុពិតនៃរបស់វាគឺជាទិវាសម្រាប់គូស្នេហ៍ ឬសង្សារ។ ហេតុនេះគួរនាំគ្នាហៅ Valentine’s Day ថា “ទិវាគូស្នេហ៍ ឬ ទិវាសង្សារ”។
លោកបណ្ឌិតបន្តថា ខ្មែរភាគច្រើនច្រឡំ ទិវាគូស្នេហ៍ ឬ ទិវាសង្សារ និង ទិវាឱពុក (Father’s Day), ទិវាម្តាយ (Mother’s Day), ទិវាបង/ប្អូនប្រុស (Brother’s Day), ទិវាបង/ប្អូនស្រី (Sister’s Day), ទិវាមិត្តភាព (Friendship’s Day), ទិវាស្វាមី (Husband’s Day, ទិវាភរិយា (Wife’s Day)…៕ ដោយ៖ ពុទ្ធិពល