សម្ដេច ស ខេង ៖ ក្រុមប្រឆាំងជ្រុលនិយមបន្តធ្វើសកម្មភាពញុះញង់ ដើម្បីផ្តួលរំលំរាជរដ្ឋាភិបាល

ភ្នំពេញ ៖ ក្នុងនាមជាសេនាធិការឲ្យរាជរដ្ឋាភិបាលកម្ពុជាសម្ដេច ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃបានលើកឡើងថា ក្រុមប្រឆាំងជ្រុលនិយមបានបន្តធ្វើសកម្មភាពញុះញង់ អុចអាល ប៉ុនប៉ងបង្កឲ្យមានចលាចល និងអស្ថិតរភាពក្នុងសង្គម ដើម្បីបម្រើមហិច្ចតាផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់កើតចេញពីការបោះឆ្នោត។

ក្នុងកិច្ចប្រជុំផ្សព្វផ្សាយសេចក្ដីសម្រេចចិត្ត នៃមហាសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេស របស់គណបក្សប្រជាជនកម្ពុជា នៅខេត្តព្រៃវែង នាថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២២ សម្ដេច ស ខេង បានមានប្រសាសន៍ថា “ទន្ទឹមគ្នានឹងបញ្ហាប្រឈមនៃសភាពការណ៍តំបន់ និងអន្តរជាតិនោះ នៅក្នុងប្រទេសឯណេះវិញ ក្រុមប្រឆាំងជ្រុលនិយមនៅតែបន្តធ្វើសកម្មភាពញុះញង់ អុចអាល បំប៉ោង បំភ្លៃការពិតក្នុងសង្គម ប៉ុនប៉ងបង្កឲ្យមានចលាចល និងអស្ថិតរភាពក្នុងសង្គម ដើម្បីបម្រើមហិច្ចតាផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ដែលកើតចេញពីការបោះឆ្នោតដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ ស្របតាមគោលការណ៍លទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស”។

សម្ដេចបន្តថា ប៉ុន្តែទោះបីជាយ៉ាងណា រាជរដ្ឋាភិបាលកម្ពុជានៅបន្តរក្សាបានសុខសន្តិភាព និងស្ថិរភាពជាតិ សម្រេចបានវឌ្ឍនភាពការងារជាតិជាច្រើន ដូចជា ៖ ការគ្រប់គ្រងជំងឺកូវីដ-១៩ ការបើកសកម្មភាពសេដ្ឋកិច្ច និងសង្គមឡើងវិញ ការរៀបចំកិច្ចប្រជុំកំពូលអាស៊ាន និងការដាក់ចេញគោលនយោបាយជួយសម្រាលទុក្ខលំបាកប្រជាពលរដ្ឋដោយសារវិបត្តិកូវីដ-១៩ និងឥទ្ធិពលសង្គ្រាមខាងក្រៅប្រទេសជាដើ។

សូមបញ្ជាក់ថា គោលបំណងរបស់ក្រុមប្រឆាំងនៅក្រៅប្រទេសដែលគេគ្រប់គ្នាសុទ្ធតែដឹងថា ជាលោក សម រង្ស៊ី នោះ ជាញឹកញាប់បានអំពាវនាវឲ្យអ្នកគាំទ្រខ្លួន ទាំងក្នុងនិងក្រៅប្រទេស ក្រោកឈរតតាំងជាមួយរាជរដ្ឋាភិបាល ជាពិសេសកងកម្លាំងប្រដាប់អាវុធបង្វែរចុងកាណុងកាំភ្លើងមករាជរដ្ឋាភិបាល ដើម្បីទំលាក់ចេញពីអំណាច៕ ដោយ៖ រិន ចំរើន