សម្តេចតេជោ ៖ មនុស្សអាក្រក់នៅក្រៅប្រទេសថា ប្រពន្ធខ្ញុំ កំពុងមានជំងឺជាទម្ងន់

ភ្នំពេញ ៖ ក្នុងពេលសម្តេចកិត្តិព្រឹទ្ធិបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន កំពុងមានទុក្ខជាទម្ងន់ដោយសារប្អូនស្រីពៅជាទីស្រឡាញ់ទទួលមរណភាព ត្រូវបានក្រុមប្រឆាំងនៅប្រទេសដែលមានចិត្តអាក្រក់បានឆ្លៀតកេងចំណេញនយោបាយនិយាយថា សម្តេចកិត្តិព្រឹទ្ធិបណ្ឌិតបានកំពុងធ្លាក់ខ្លួនឈឺជាខ្លាំង។ នេះជាការលើកឡើងរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា នារាត្រីថ្ងៃ៥ កុម្ភៈ ។

ដើម្បីជាសារដាស់តឿន កុំឲ្យមានមាត់ចេះតែហារនិយាយផ្តេសផ្តាសនោះ សម្តេចតេជោ តាមរយៈបណ្តាញសង្គមហ្វេសបានតបទៅផាំងៗថា “មុននេះ(យប់មិញ)បន្តិច ក្រុមអាក្រក់នៅក្រៅប្រទេសថា ភរិយាខ្ញុំ កំពុងមានជម្ងឺជាទម្ងន់ ក្នុងពេលដែលភរិយាខ្ញុំ មិនបានឃ្លាតឆ្ងាយពីប្អូនស្រី តាំងពីមុនចែកឋានរហូតមកនៅក្នុងក្តាមឈូស” ។

សម្តេចតេជោក៏បន្តដាស់សតិមនុស្សទាំងនោះទៀតថា “ខ្ញុំចង់ប្រាប់ទៅជនអាក្រក់ថា បើមេរបស់អ្នកអាក្រក់សូមអ្នករក្សាខ្លួនជាមនុស្ស និងខិតខំរក្សាសុខភាពរបស់អ្នកជាជាងមករករឿងគ្រួសារខ្ញុំ” ។

សម្តេចបន្ដទៀតថា ពួកមនុស្សទាំងនេះ ពិតជាអាក្រក់កែមិនបាន ទាំងមេទាំងកូនដែលគ្មានសារជាតិជាមនុស្សសោះ ។

ក្នុងឱកាសនេះដែរ សម្តេចក៏បានរំលឹកពីបងប្អូនបង្កើតរបស់សម្តេចកិត្តិព្រឹទ្ធិបណ្ឌិតថា សម្តេចកិត្តិព្រឹទ្ធិមានមានបងប្អូន៥នាក់ ក្នុងនោះស្រី៣នាក់ និងប្រុស២នាក់ ប៉ុន្តែជាអកុសល បងប្រុសទី៣ត្រូវបានប៉ុលពតសម្លាប់ ។

សូមបញ្ជាក់ថា លោកស្រី ប៊ុន សុថា ហៅ ប៊ុន សាមហ៊ីង ត្រូវជាប្អូនស្រីពៅបង្កើតរបស់សម្តេចកិត្តិព្រឹទ្ធិបណ្ឌិតបានទទួលមរណភាព នាថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៣ ក្នុងជន្មាយុ៦៧ឆ្នាំដោយរោគាពាធ ៕ ដោយ៖ រិន ចំរើន