សម្តេចតេជោ ៖ ស្រ្តីម្នាក់ឈ្មោះ ហែម ចន្ថាធ្លាប់ជេរប្រមាថ មកលើសម្តេចបានសុំទោស និងចូលរួមជាមួយបក្សប្រជាជន

ភ្នំពេញ ៖ ក្នុងវេទិកាជួបជាមួយក្រុមសិស្សជាប់និទ្ទេសA នាព្រឹកថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៣នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានលើកយ៉ាងច្រើនពីស្រ្តីម្នាក់ឈ្មោះ ហែម ចន្ថា មានស្រុកកំណើតនៅកំពង់ធំ បច្ចុប្បន្នរស់នៅក្រៅប្រទេសដែលធ្លាប់បានជេរប្រមាថមកលើសម្តេចនោះ គឺបានសុំទោស និងសុំមកចូលរួមក្នុងជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា ។

សម្ដេចតេជោបន្តថា “នាពេលថ្មីៗនេះលោកស្រី ហែម ចន្ថា អ្នកគាំទ្រគណបក្សប្រឆាំងនៅក្រៅប្រទេស បានសុំទោសខ្ញុំ ក្រោយធ្លាប់វាយប្រហារមកលើរាជរដ្ឋាភិបាល ហើយក៏សុំមករួមរស់ជាមួយគណបក្សប្រជាជនកម្ពុជា ហើយខ្ញុំក៏បានយល់ព្រមផងដែរ”។

តាមរយៈការឆ្លើយឆ្លងសារជាមួយស្រ្តីម្នាក់ឈ្មោះ ហែម ចន្ថា នាពេលថ្មីៗនេះ សម្តេចតេជោបានរំលឹកឡើងវិញថា តាមរយៈលោកស្រី ហែម ចន្ថា គឺមានពលរដ្ឋខ្មែរនៅក្រៅប្រទេសធ្លាប់ប្រមាថមកលើរាជរដ្ឋាភិបាល ចង់មកស្រុកកំណើត ប៉ុន្តែអត់ហ៊ានមកដោយសារខ្លាចចាប់ដាក់ពន្ធនាគារ ។ តាមរយៈការស្តាប់ការរៀបរាប់នេះ សម្តេចហៅពួកគេជាថ្មីម្តងទៀតឲ្យមកលេងស្រុកខ្មែរ គ្មានអ្នកណាទៅចាប់ចងនោះទេ ។

សម្តេចបន្តថា ពលរដ្ឋខ្មែរដែលជាអ្នកគាំទ្រគណបក្សប្រឆាំង ឬធ្លាប់ជេររាជរដ្ឋាភិបាលរស់នៅក្រៅប្រទេស មិនធ្លាប់មានដីការតុលាការតាមចាប់ខ្លួន គឺអាចធ្វើដំណើរមកលេងកម្ពុជា បានដោយសេរី គ្មានអ្នកណាហាមឃាត់នោះទេ៕ ដោយ៖​ រិន​ ចំរើន