កម្ពុជាធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំប្រឹក្សាភិបាលមជ្ឈមណ្ឌលថាមពលអាស៊ាន លើកទី២៥

ភ្នំពេញ៖ កម្ពុជាធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំប្រឹក្សាភិបាលមជ្ឈមណ្ឌលថាមពលអាស៊ាន លើកទី២៥ (25th ACE Governing Council Meeting) តាមប្រព័ន្ធអនឡាញ។ កិច្ចប្រជុំនេះធ្វើឡើងកាលពីថ្ងៃទី ១ ខែកុម្ភៈ ឆ្នាំ ២០២៣ ដឹកនាំដោយ លោក វិចទ័រ ហ្សូនា អនុរដ្ឋលេខាធិការ និងជាឧត្តមមន្ត្រីថាមពលអាស៊ានរបស់កម្ពុ។

បើតាមក្រសួងរ៉ែ និងថាមពល សម្រាប់កិច្ចប្រជុំនាពេលនេះ គឺមានការអញ្ជើញចូលរួមពីឧត្តមមន្ត្រីថាមពលអាស៊ានទាំង១០ លេខាធិការដ្ឋានអាស៊ាន មជ្ឈមណ្ឌលថាមពលអាស៊ាន និងភាគីពាក់ព័ន្ធដទៃទៀតក្នុងគោលបំណងនៃកិច្ចប្រជុំនេះ គឺដើម្បីត្រួតពិនិត្យលើការងារគ្រប់គ្រងនិងដំណើរការរបស់មជ្ឈមណ្ឌលថាមពលអាស៊ាន ក្នុងឆ្នាំ២០២២ រួមមានរបាយការណ៍ហិរញ្ញវត្ថុប្រចាំឆ្នាំ រចនាសម្ព័ន្ធគ្រប់គ្រងធនធានមនុស្ស ការធ្វើសវនកម្មរបស់មជ្ឈមណ្ឌល ការគ្រប់គ្រងនិងអនុវត្តគម្រោងជាមួយដៃគូនានា ព្រមទាំងធ្វើការកំណត់កម្មវិធីការងារអាទិភាពនិងផែនការថវិការសម្រាប់ឆ្នាំ២០២៣ របស់មជ្ឈមណ្ឌល ដើម្បីគាំទ្រដល់ការអនុវត្តផែនការសកម្មភាពកិច្ចសហប្រតិបត្តិការថាមពលអាស៊ាន ដំណាក់កាលទី២ (២០២១-២០២៥) ឱ្យទទួលបានជោគជ័យតាមផែនការត្រឹមឆ្នាំ២០២៥។

កិច្ចប្រជុំក៏បានអនុម័តលើកម្មវិធីការងារអាទិភាពនិងថវិការសម្រាប់ឆ្នាំ២០២៣ របស់មជ្ឈមណ្ឌលផងដែរ៕ ដោយ៖ ពុទ្ធិពល