ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីកម្ពុជា បានលើកឡើងថា កម្ពុជានឹងមានលទ្ធភាពពង្រឹងទំហំពាណិជ្ជកម្មជាមួយម៉ាល់ឌីវ។ ការពង្រឹងនេះ ក្នុងគោល បំណងនាំចេញអង្ករ។
ក្នុងឱកាសបំពេញទស្សនកិច្ចជាលើកដំបូងនៅម៉ាល់ឌីវ សម្តេចតេជោបានថ្លែងចំពោះមុខ ប្រធានាធិបតីម៉ាល់ឌីវ លោក មហាម៉េត អ៉ីប្រាហ៉ីម សាឡេះ ក្នុងសន្និសីទសារព័ត៌មានរួមគ្នានាថ្ងៃ១៧ មករាថា កម្ពុជា-ម៉ាល់ឌីវ នឹងមានលទ្ធភាព ដើម្បីពង្រឹងទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ផងដែរ។
សម្ដេចតេជោគូសបញ្ជាក់ថា «យើងពិតជាមាន លទ្ធភាព ដើម្បីពង្រឹងទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ដោយសារតែកម្ពុជាមាននូវទិន្ន័យនាំចូលមកម៉ាល់ឌីវ ដូចជា៖ អង្ករ និងវិស័យកសិកម្មដទៃទៀតដែលមិន មែនគ្រាន់តែសម្រាប់ប្រជាជនម៉ាល់ឌីវនោះទេ ប៉ុន្ដែសម្រាប់វិស័យទេសចរណ៍មកទស្សនកិច្ចនៅម៉ាល់ឌីវ ដោយសារអង្ករកម្ពុជាស្ថិតជាអង្ករជាប់លេខ១ លើ ពិភពលោកចំនួន៥ដង ហើយកំពុងស្ថិតនៅជាប់ចំណាត់ថ្នាក់លេខ១នៅឡើយ”។
ជាមួយនឹងលទ្ធភាពនៃការពង្រឹងនេះ សម្តេចក៏សង្ឃឹមថា អង្ករកម្ពុជានឹងទទួលបានការពេញនិយមសម្រាប់ប្រជាជនម៉ាល់ឌីវផង និងសម្រាប់អ្នកទេសចរណ៍ដែលមកទស្សនកិច្ចនៅទីនេះផងដែរ។
ជាមួយគ្នានេះ សម្ដេចក៏បានឆ្លៀតបង្ហាញថា កម្ពុជា មានស្វាយចន្ទីរ ចេក ដែលអាចបម្រើដល់វិស័យទេសចរណ៍ ដែលពួកគេមកទទួលទាននៅម៉ាល់ឌីវ ហើយអាចនាំចេញពីកម្ពុជាមកបានផងដែរ។
សម្ដេចបន្ដថា កម្ពុជា ក៏នៅមានផ្នែកសម្លៀកបំពាក់ ដែលម៉ាល់ឌីវ អាចបញ្ជាទិញពីកម្ពុជា៕ ដោយ៖ រិន ចំរើន