ក្រសួងពាណិជ្ជកម្មនឹងរៀបចំយុទ្ធនាការទិញផលិតផលខ្មែររដូវកាលទី៨ តាមរយៈការដាក់តាំងបង្ហាញផលិតផលខ្មែរ និងបន្លែផ្លែឈើលើកទី១៦

ភ្នំពេញ៖ ក្រសួងពាណិជ្ជកម្ម នឹងបន្តរៀបចំយុទ្ធនាការទិញផលិតផលខ្មែររដូវកាលទី៨ តាមរយៈការដាក់តាំងបង្ហាញផលិតផលខ្មែរ និងបន្លែផ្លែឈើលើកទី១៦ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៤-២៧ ខែកុម្ភៈ ឆ្នាំ២០២៣ នៅក្រុងសៀមរាប ខេត្តសៀមរាប។

សេចក្តីជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្មបញ្ជាក់ថាព្រឹត្ងតិការណ៍នេះ
ដើម្បីជំរុញសកម្មភាពពាណិជ្ជកម្មក្នុងស្រុក ឱ្យមានភាពរស់រវើក និងឱ្យកាន់តែប្រសើរឡើងនូវការទទួលស្គាល់ និងគាំទ្រផលិតផលខ្មែរ ស្របតាមយុទ្ធសាស្រ្តសមាហរណកម្មពាណិជ្ជកម្មរបស់រាជរដ្ឋាភិបាល កម្ពុជា ក្នុងការជំរុញលើកកម្ពស់វិស័យពាណិជ្ជកម្ម និងការអភិវឌ្ឍវិស័យឯកជន។

សេក្តីជូនដំណឹងដដែលបន្តថា
ការរៀបចំព្រឹត្តិការណ៍នេះ ក្នុងគោលបំណងបង្កើនសកម្មភាពពាណិជ្ជកម្មនៅមូលដ្ឋាន ឱ្យមានភាពប្រទាក់ក្រឡាពីកសិដ្ឋានមកទីផ្សារ ជាវេទិកាផ្គូផ្គងរវាងអ្នកផលិត អ្នកត្រូវការផលិតផលយកទៅចែកចាយបន្ត និងបំផុសស្មារតីអ្នកប្រើប្រាស់ទូទៅ ឱ្យចូលរួមគាំទ្រ និងប្រើប្រាស់ផលិតផលក្នុងស្រុកជំនួសការនាំចូលពីបរទេសជាជំហានៗ។

ក្នុងឱកាសនេះ ក្រសួង បានអញ្ជើញផលិតករ ម្ចាស់កសិដ្ឋាន អ្នកកែច្នៃ សមាគម អាជីវកម្ម និងសហគមន៍ផលិតបន្លែ និងផ្លែឈើខ្មែរ ដែលត្រូវការស្តង់ដាក់តាំងផលិតផលសម្រាប់ស្វែងរកដៃគូពាណិជ្ជកម្ម ឬមានគម្រោងចុះកិច្ចសន្យាទិញ-លក់ សូមទាក់ទងនាយកដ្ឋានកិច្ចការពិព័រណ៍ អគ្គនាយកដ្ឋានជំរុញពាណិជ្ជកម្ម នៃក្រសួងពាណិជ្ជកម្ម ៕ ដោយ៖ ពុទ្ធិពល