ភ្នំពេញ ៖ តាមរយៈលោកអូ មីយុង (OU MYUNG) អតីតឧបនាយករដ្ឋមន្ត្រី និងប្រតិភូឧស្សាហកម្មកូរ៉េ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជាបានស្នើសុំឲ្យជួយធ្វើការផ្សព្វផ្សាយ ដល់អ្នកវិនិយោគកូរ៉េ សម្លឹងមកកម្ពុជាបន្ថែមទៀត។
ក្នុងជំនួបជាមួយលោក អូ មីយុង (OU MYUNG) អតីតឧបនាយករដ្ឋមន្ត្រី និងប្រតិភូឧស្សាហកម្មកូរ៉េនាថ្ងៃ១៤ មករា សម្តេចតេជោ បានលើកឡើងថា កម្ពុជា មានសុខសន្តិភាព ស្ថិរភាពនយោបាយ និងមិនមានគ្រោះធម្មជាតិ ដូចជាគ្រោះរញ្ជួយដី ផ្ទុះភ្នំភ្លើង ឬខ្យល់ព្យុះនោះទេ។ កត្តាទាំងនេះគឺបានផ្តល់អំណោយផលច្រើនសម្រាប់វិនិយោគកូរ៉េ។
សម្តេចថា អ្វីដែលកម្ពុជាខ្វះខាតនោះ គឺអ្នកវិនិយោគកូរ៉េមិនទាន់មានការយល់ដឹងច្បាស់ អំពីស្ថានភាពវិនិយោគនៅកម្ពុជា។ ដូច្នេះជាការល្អប្រសើរសម្រាប់អ្នកវិនិយោគ។
សម្ដេចតេជោបញ្ជាក់ថា “ស្នើសុំឲ្យឯកឧត្តម និងប្រតិភូទាំងមូល ជួយធ្វើការផ្សព្វផ្សាយ សូមឲ្យអ្នកវិនិយោគកូរ៉េ សម្លឹងមកកម្ពុជាបន្ថែម”។
សម្ដេចតេជោបន្តទៀតថា កម្ពុជា និងកូរ៉េក៏មានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី, ភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RCEP) ដោយកម្ពុជាអនុញ្ញាតឲ្យក្រុមហ៊ុនកូរ៉េ ជាម្ចាស់ភាគហ៊ុន ១០០% ដោយមិនតម្រូវឲ្យមានភាគហ៊ុនក្នុងស្រុកនោះទេ។ កម្ពុជា ក៏អនុញ្ញាតឲ្យក្រុមហ៊ុនទាំងអស់ ប្រើប្រាស់រូបិយប័ណ្ណបរទេស នោះគឺអនុញ្ញាតឲ្យប្រើប្រាស់ដុល្លារ សម្រាប់បើកប្រាក់ខែឲ្យពលករដោយមិនតម្រូវឲ្យមានការទៅប្ដូរប្រាក់ នៅធនាគារឡើយ។
ជាមួយគ្នានោះដែរ កម្ពុជា ក៏មានវត្ថុធាតុដើមដូចជាស្វាយចន្ទី ស្រូវ កៅស៊ូ ដំឡូង និងកម្លាំងពលកម្មវ័យក្មេងជាច្រើនផងដែរ។ ក្នុងន័យនេះសម្ដេចតេជោ បានស្នើសុំ លោក អូ មីយុង និងប្រតិភូទាំងមូល ជួយជំរុញការវិនិយោគលើវិស័យឧស្សាហកម្មកែច្នៃ និងវិស័យឧស្សាហកម្មបច្ចេកវិទ្យាជាន់ខ្ពស់មកកម្ពុជាផងដែរ ។
នាឱកាសនោះ លោក អូ មីយុង ក៏បានទទួលស្គាល់ថា កម្ពុជា ពិតជាមានភាពអនុគ្រោះខ្លាំងសម្រាប់ការវិនិយោគមកពីកូរ៉េ ដោយសារប្រទេសទាំង២មានកិច្ចព្រមព្រៀង ពាណិជ្ជកម្មសេរីជាមួយគ្នា៕ ដោយ៖ រិន ចំរើន