គណៈមេធាវីកម្ពុជារៀបចំចាប់ឆ្នោតប្រចាំឆ្នាំ២០២២ និងប្រគល់រង្វាន់ដល់ថ្នាក់ដឹកនាំនិងបុគ្គលិករបស់ខ្លួន

ភ្នំពេញ៖ គណៈមេធាវីកម្ពុជាកាលពីថ្ងៃទី១៣ មករា ម្សិលមិញនេះ បានរៀបចំចាប់ឆ្នោតប្រចាំឆ្នាំ២០២២ និងប្រគល់រង្វាន់ដល់ថ្នាក់ដឹកនាំនិងបុគ្គលិកគណៈមេធាវីកម្ពុជា។ កម្មវិធីនេះធ្វើឡើងក្រោមវត្តមានចូលរួមរបស់លោក លី ច័ន្ទតុលា ប្រធានគណៈមេធាវីកម្ពុជា ដោយមានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំ និងបុគ្គលិកគណៈមេធាវីជាច្រើនរូប នាទីស្នាក់ការគណៈមេធាវីកម្ពុជា។

កម្មវិធីចាប់ឆ្នោតខាងលើនេះ គឺត្រូវបានលោក លី ច័ន្ទតុលា បង្កើតឡើងក្នុងគោលបំណងលើកទឹកចិត្តចំពោះថ្នាក់ដឹកនាំ និងបុគ្គលិកគណៈមេធាវី ដែលបានខិតខំប្រឹងប្រែងបំពេញការងារអស់រយៈពេល១ឆ្នាំកន្លងមក។

នៅចំពោះមុខថ្នាក់ដឹកនាំ និងបុគ្គលិករបស់គណៈមេធាវីដែលបានចូលរួមក្នុងកម្មវិធីនេះ លោក លី ច័ន្ទតុលា បានសំណូមសុំឱ្យថ្នាក់ដឹកនាំនិងបុគ្គលិកគណៈមេធាវីទាំងអស់បន្តមានសាមគ្គីភាពផ្ទៃក្នុងក្នុងគណៈមេធាវី និងបន្តខិតខំប្រឹងប្រែងបំពេញការងារ ជូនសហភាតាមេធាវីឱ្យបានឆាប់រហ័ស ដើម្បីលើកតម្កើងឧត្តមភាពនិងកិត្យានុភាពនៃវិជ្ជាជីវៈមេធាវី។

សូមរំលឹកជូនថា លោក លី ច័ន្ទតុលា បានបន្តជាប់ឆ្នោតជាប្រធានគណៈមេធាវីកម្ពុជា អាណត្តិទី១៤ (២០២២-២០២៤) តាមរយៈលទ្ធផលបោះឆ្នោតគាំទ្រពីសមាជិកចំនួន ២,០១៦ នាក់ ក្នុងចំណោម ២,០៤៥ នាក់ ក្នុងមហាសន្និបាតប្រចាំឆ្នាំលើកទី២៧ របស់ខ្លួន កាលពីថ្ងៃទី ១៦ ខែតុលា នៅសណ្ឋាគារសុខា រាជធានីភ្នំពេញ។

ក្នុងអាណត្តិដឹកនាំរបស់លោកជាប្រធានគណៈមេធាវី លោកបានខិតខំប្រឹងប្រែងយ៉ាងខ្លាំងក្លាក្នុងការលើកកម្ពស់សមត្ថភាព និងកិត្យានុភាពវិជ្ជាជីវៈមេធាវី ក៏ដូចជាគិតគូរពីសុខមាលភាពរបស់មេធាវីផងដែរ។ អ្វីជាការកត់សម្គាល់នោះ លោកបានខិតខំប្រឹងប្រែងយ៉ាងខ្លាំងក្លាក្នុងការបណ្តុះ បណ្តាលនិងពង្រឹងសមត្ថភាពវិជ្ជាជីវៈមេធាវី តាមរយៈការរៀបចំនូវសិក្ខាសាលាបណ្តុះបណ្តាលជាច្រើនដោយមានការអញ្ជើញចូលរួមពីសំណាក់វាគ្មិនដែលជាអ្នកជំនាញវិជ្ជាជីវៈច្បាប់ដែលបម្រើការងារនៅក្នុងវិស័យតុលាការ ឬតាមក្រសួងស្ថាប័នជាតិ និងអន្តរជាតិ មកធ្វើបទបង្ហាញនិងចែករំលែកចំណេះជំនាញ និងបទពិសោធន៍ ដល់មេធាវីដែលកំពុងតែប្រកបវិជ្ជាជីវៈបច្ចុប្បន្នដើម្បីទទួលបាននូវធាតុចូលបន្ថែមដើម្បីយកទៅប្រើប្រាស់នៅក្នុងវិស័យមួយនេះ៕