ព្រះសីហនុ៖ បើតាមការបញ្ជាក់របស់តំណាងក្រុមហ៊ុនផ្គត់ផ្គង់ទឹកស្អាតអានកូចំពោះការតម្លើងក្បាលម៉ាស៊ីនបូមទឹក និងការតភ្ជាប់ទុយោទឹកទៅស្ថានីយចម្រោះទឹកស្អាត RCI នឹងបញ្ចប់រួចរាល់ចំនួន០១ម៉ាស៊ីនក្នុងចំណោម០២ម៉ាស៊ីននៅល្ងាចនេះ នឹងអាចធ្វើការផ្គត់ផ្គង់ទឹកឡើងវិញនៅតំបន់ប្រមាណ១០ទីតាំងក្នុងក្រុងព្រះសីហនុដែលរងផលប៉ះពាល់។
លោក ឃាង ភារម្យ អ្នកនាំពាក្យរដ្ឋបាលខេត្តព្រះសីហនុថ្លែងថា ក្រោមការដឹកនាំបញ្ជាផ្ទាល់ពីលោក គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្ត បានសង្គ្រោះទំនប់ទឹក៣ រួចផុតពីការគំរាមកំហែង នៅវេលាយប់រំលងអាធ្រាតចូលថ្ងៃទី៩ ខែមករា ឆ្នាំ២០២៣ និងបានបញ្ជូនការងារនេះទៅក្រុមហ៊ុនផ្គត់ផ្គង់ទឹកស្អាតអានកូ ដើម្បីធ្វើជួសជុលពង្រឹងទំនប់នេះបន្ត។
លោកបញ្ជាក់ទៀតថា ទំនប់ទី៣ គឺជាទំនប់យុទ្ធសាស្ត្រដែលការពារទំនប់ទី៤ ដូច្នេះ ទើបថ្នាក់ដឹកនាំខេត្តសម្រេចចិត្តចាត់អាទិភាព ជួសជុលទំនប់នេះមុនគេបំផុត។ ជាមួយគ្នានេះលោក អភិបាលខេត្ត បានបញ្ជូនក្រុមការងារបច្ចេកទេស និងគ្រឿងចក្របន្ថែមដើម្បីបង្កើនល្បឿនជួសជុលតភ្ជាប់ទំនប់ទី២ឱ្យបានឆាប់រួចរាល់។
លោកបន្ថែមថា ដោយឡែកចំពោះការជួសជុលបណ្តាញអគ្គិសនីគឺបានរៀបចំរួចរាល់ដោយរង់ចាំតែតភ្ជាប់ចរន្តចូលទៅម៉ាស៊ីនបូមទឹកតែប៉ុណ្ណោះ ដើម្បីអាចធ្វើការផ្គត់ផ្គង់ទឹកឡើងវិញនៅតំបន់ប្រមាណ១០ទីតាំងក្នុងក្រុងព្រះសីហនុដែលរងផលប៉ះពាល់។
ក្រោយការបាក់ទំនប់ទឹកទី២នៃ អាងស្តុកទឹករបស់ក្រុមហ៊ុនផ្គត់ផ្គង់ទឹកស្អាតអានកូ ស្ថិតនៅក្នុងសង្កាត់លេខ១ ក្រុងព្រះសីហនុ (តំបន់ក្បាលឆាយ) បានធ្វើឱ្យតំបន់
តំបន់អត់មានទឹកទៅដល់ដូចជា តំបន់ទំនប់រលក តំបន់ RCI (ស្នាក់ការគណបក្សថ្មី) តំបន់ក្រោយរោងចក្រ ញ៉ូស៊ីន តំបន់មុខផែ តំបន់ភ្នំសាយហាក់ តំបន់ វិមានឯករាជ្យ តំបន់សេតេពីកាស៊ីណូយ៉ាព័រ សំដៅផ្លូវ ៧០៥ តំបន់ស្នងការដ្ឋាននគរបាលខេត្ត តំបន់ឆ្នេរឯករាជ្យ
និង តំបន់ភ្នំខៀវលើ។
ទំនប់ទឹកស្អាតទី២ នៅក្បាលឆាយ កាលពីយប់ថ្ងៃទី ៧ ខែមករា ឆ្នាំ ២០២២ បាក់ធ្លាយទឹកអស់ជាង ៣លានម៉ែត្រគូប បំផ្លាញក្បាលបូម មួយកន្លែង សំរាប់នាំទឹកទៅស្ថានីយ៍ទី៣ បណ្ដាលអោយផ្អាកដំណើរការ ធ្វើអោយការផ្គត់ផ្គង់ទឹក នាំឱ្យ មានការខ្វះខាតទឹកប្រើប្រាស់មួយចំនួននៅក្នុងក្រុងព្រះសីហនុ ៕
ដោយ៖ ពុទ្ធិពល