កោះកុង៖ លោក សុខ សុទ្ធី អភិបាលរងខេត្តកោះកុង បានចាត់វិធានការក្តៅ ចំពោះសំណង់ត្រចៀកកំាឥតច្បាប់មួយកន្លែងរបស់ លោកឧកញ៉ា គា ធី ដែលមានទីតំាងស្ថិតនៅភូមិស្រែអំបិល ឃុំស្រែអំបិល ស្រុកស្រែអំបិល។
ការដាក់ចេញវិធានការក្តៅរបស់ លោក សុខ សុទ្ធិ នេះ ធ្វើឡើងក្នុងពេលលោកដឹកនំាក្រុមការងារ ដោយមានការចូលរួមពីមន្ទីរជំនាញពាក់ព័ន្ធ រដ្ឋបាលស្រុក អាជ្ញាធរមូលដ្ឋាន និងអ្នកពាក់ព័ន្ធ ប្រជុំពិភាក្សា និងចុះពិនិត្យទីតំាងសំណង់ខាងលើ កាលពីថ្ងៃទី៤ ខែមករា ឆ្នាំ២០២៣។
ក្នុងពេលចុះពិនិត្យទីតំាងសំណង់ជាក់ស្តែង លោក សុខ សុទ្ធី ថ្លែងថា សំណង់ត្រចៀកកំា ដែលសាងសង់ដោយគ្មានច្បាប់អនុញ្ញាត ត្រូវតែផ្អាកការសាងសង់ជាដាច់ខាត។ ម្ចាស់សំណង់ ត្រូវរៀបចំសំណុំឯកសារស្នើសូមច្បាប់អនុញ្ញាតឱ្យបានរួចរាល់ក្នុងរយៈពេល ១សប្តាហ៍ ដោយគិតចាប់ពីថ្ងៃទី០៩ ដល់ថ្ងៃទី១៦ ខែមករា ឆ្នំា២០២៣។
លោកបន្តថា ប្រសិនបើក្នុងរយៈពេលមួយសប្តាហ៍នេះ ម្ចាស់សំណង់មិនស្នើសូមច្បាប់អនុញ្ញាឱ្យបានត្រឹមត្រូវទេ រដ្ឋបាលខេត្តនឹងឱ្យមេធាវីរដ្ឋបាលខេត្ត សហការជាមួយមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី រៀបចំឯកសារដាក់ពាក្យបណ្តឹង។
លោកបន្ថែមថា ចំពោះ អាចម៍ដី ដែលបានចាក់រំលោភចូលព្រែក ម្ចាស់សំណង់ត្រូវកាយយកអាចដីនេះចេញវិញ (កាយចេញ១០ម៉ែត្រ)។ និង របងដែលបានសាងសង់ រំលោភចូលចំណីផ្លូវ ម្ចាស់សំណង់ត្រូវរុះរើចេញ។ ក្នុងករណី ម្ចាស់សំណង់ចង់សាងសង់របងឡើងវិញ ត្រូវសហការ ជាមួយមន្ត្រីជំនាញពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋាន។
បើតាម លោក សុខ សុទ្ធី ករណីសំណង់គ្មានច្បាប់អនុញ្ញាតនេះ រដ្ឋបាលខេត្តនឹងចេញលិខិតជូនដំណឹងទៅម្ចាស់សំណង់ ហើយរដ្ឋបាលស្រុកស្រែអំបិល ត្រួតពិនិត្យ តាមដានការអនុវត្ត នៃខ្លឹមសារលិខិតរបស់រដ្ឋបាលខេត្ត៕