ត្បូងឃ្មុំ៖ រដ្ឋបាលខេត្តត្បូងឃ្មុំ កាលពីថ្ងៃទី ៤ ខែមករា ឆ្នាំ ២០២២ ចេញសេចក្តីបំភ្លឺ ពីការរមិនឃើញកំហុសករណីលោកប្រធាន មន្ទីរអប់រំ យុវជន និងកីឡាខេត្តត្បូងឃ្មុំ ដែលត្រូវបានមន្ត្រី លោកគ្រូ អ្នកគ្រូ នៃមន្ទីរអប់រំ យុវជន និងកីឡាខេត្ត ដាក់ពាក្យបណ្តឹងមករដ្ឋបាលខេត្ត ដើម្បីពិនិត្យ និងដោះស្រាយ។
បើតាមរដ្ឋបាលខេត្តត្បូងឃ្មុំ ករណីខាងលើនេះ ក៏មានអ្នកសារព័ត៌មាន និងបណ្តាញសង្គមមួយចំនួន បានបង្ហោះតាមគេហទំព័រ ហ្វេសប៊ុកចោទប្រកាន់ ដូចខាងក្រោម ៖ ១.ការប្រើប្រាស់ថវិកាគ្របង្រៀនពីរថ្នាក់ ពីរពេល ថ្នាក់គួប បានដាក់សាច់ញាតិ បងប្អូន មិត្តភក្តិ ដែលមានថវិកាចំនួន ២០២,៨៩៥,០០០រៀល(ពីររយពីរលាន ប្រាំបីរយកៅសិបប្រាំពាន់រៀលគត់)។
២.ការកាត់ប្រាក់ឧបត្ថម្ភគ្រូបង្រៀនជាប់កិច្ចសន្យានៅស្រុកមេមត់ នៅខែមករា ឆ្នាំ២០២២ ចំនួន ៩៥នាក់ ដែលមានទឹកប្រាក់សរុបចំនួន ៩៦,៨៣៧,២៥០រៀល(កៅសិបប្រាំមួយលាន ប្រាំបីរយ សាមសិបប្រាំពីរពាន់ ពីររយហាសិបរៀលគត់)។ ៣.គ្រូបង្រៀនថ្នាក់គួបចំនួន ៧នាក់ និងគ្រូបង្រៀនពីរថ្នាក់ ពីរពេល ចំនួន ៦នាក់ សរុប ១៣នាក់ ដែលទទួលបានប្រាក់ឧបត្ថម្ភពុំគ្រប់ខែដែលបានបង្រៀននោះ។
ផ្អែកលើករណីបណ្ដឹងនេះ រដ្ឋបាលខេត្តត្បូងឃ្មុំ បានបង្កើតក្រុមការងារថ្នាក់ខេត្ត ដើម្បីពិនិត្យ សិក្សា ស្រាវជ្រាវ អង្កេត និងដោះស្រាយ ដោយបានចុះទៅមន្ទីរអប់រំ យុវជន និងកីឡាខេត្តត្បូងឃ្មុំ ធ្វើការពិនិត្យ ឃាំងយកចិត្តទុកដាក់ និងហ្មត់ចត់ តាមរយៈការចុះសាកសួរមន្ត្រី លោកគ្រូ អ្នកគ្រូ និងអ្នកពាក់ព័ន្ធដោយ រក្សាការសម្ងាត់ និងស្រាវជ្រាវ ប្រមូលឯកសារធាតុចូលនៃអង្គហេតុនីមួយៗ និងបានដាក់ឆ្លងកិច្ចប្រជុំ គណៈអភិបាលខេត្ត ដើម្បីពិនិត្យ ពិភាក្សាករណីខាងលើ ដោយឈរលើគោលការណ៍ច្បាប់ និងប្រកប ដោយអព្យាក្រឹត្យភាព។
ជាមួយគ្នានេះដែរ ក្នុងកិច្ចប្រជុំគណៈអភិបាលខេត្តមិនត្រឹមតែរកមិនឃើញនូវកំហុសឆ្គងដូចការចោទប្រកាន់ប៉ុណ្ណោះទេ ថែមទាំងបានរកឃើញអំពីលក្ខណៈសម្បត្តិល្អប្រសើរក្នុង ការដឹកនាំ គ្រប់គ្រងរបស់លោកប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តត្បូងឃ្មុំ ព្រមទាំង បានសម្រេច ការងារ និងសមិទ្ធផលក្នុងវិស័យអប់រំជាច្រើន ជាពិសេស លោកប្រធានមន្ទីរ បានខិតខំប្រឹងប្រែង យក អស់កម្លាំងកាយ កម្លាំងចិត្ត ប្រាជ្ញាស្មារតី សម្ភារ និងធនធាន ជួយកិច្ចការសង្គម និងមនុស្សធម៌ផងដែរ៕ ដោយ៖ពុទ្ធិពល