ភ្នំពេញ៖ សៀវភៅ សម្ដេច ហ៊ុន សែន ៣យន្តការឈ្នះកូវីដ-១៩ ជាស្នាដៃរបស់ លោក ពៅ សុខ ទីប្រឹក្សាផ្ទាល់សម្តេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន និងជាសមាជិកក្រុមប្រឹក្សាភិបាល សមាគមអ្នកនិពន្ធខ្មែរ បានបង្ហាញកាន់តែច្បាស់អំពីភក្ដីភាពដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលចំពោះជាតិមាតុភូមិ និង ប្រជាជនគ្រប់ស្រទាប់វណ្ណៈ ជាពិសេស និងយល់កាន់តែច្បាស់អំពីទេពកោសល្យសិល្បៈនៃកការដឹកនាំ ការចាត់ចែង ការបែងចែកការងារដ៏ប៉ិនប្រសប់របស់សម្ដេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងការប្រយុទ្ធប្រឆាំង ការទប់ស្កាត់ ការរីករាលដាលជំងឺដ៏កាចសាហាវកូវីដ-១៩។
សារព័ត៌មានខ្មែរឈានមុខ នឹងផ្សាយមួយវគ្គម្ដងៗនូវខ្លឹមសារក្នុងសៀវភៅនេះ ដើម្បីឱ្យសាធារណជនជ្រួតជ្រាបពីកិច្ចខិតខំប្រឹងប្រែងដោយមិនគិតពីការនឿយហត់ ក្នុងការជួយសង្គ្រោះជីវិតប្រជាជន ការស្រោចស្រង់សេដ្ឋកិច្ចជាតិឡើងវិញ ក្នុងព្រឹត្តិការណ៍ដ៏រន្ធត់នៃជំងឺកូវីដ-១៩ ហើយលោកអ្នកនឹងនឹកឃើញនូវអនុស្សាវរីយ៍របស់ខ្លួនដែលបានឆ្លងកាត់ដ៏ញាប់ញ័រក្នុងពេលបិទខ្ទប់ និងការបែងចែកតំបន់ក្រហម តំបន់លឿង និងលឿងទុំ។
វគ្គ១«ការស្នើឱ្យប្រជាជនចូលរួមអនុវត្តតាមគោលការណ៍របស់រាជរដ្ឋាភិបាល»
ចាប់តាំងពីការផ្ទុះកូវីដ-១៩ ឬដំបូងគេហៅថា ជំងឺផ្លូវដង្ហើមកូរ៉ូណាមក សម្តេច ហ៊ុន សែន មិនដែលព្រងើយកន្តើយចំពោះសុខុមាលភាពប្រជាជននោះទេ គឺសម្តេច លោកតែងតែយកចិត្តទុកដាក់ និងគិតគូរយ៉ាងខ្ពស់ និងហ្មត់ចត់បំផុត។ ឆ្លើយនឹងសំណួរដ៏រសើបមួយបានសួរទៅកាន់សម្តេច អំពីកិច្ចប្រជុំអាស៊ាន ការបោះឆ្នោតឃុំ សង្កាត់ និងការប្រកួតស៊ីហ្គេម ដែលកម្ពុជា ត្រូវធ្វើជាម្ចាស់ផ្ទះនៅឆ្នាំ២០២២ ឆ្នាំ២០២៣ សម្តេចបានមានប្រសាសន៍ដោយម៉ឺងម៉ាត់ និងយ៉ាងខ្លីថា សុខុមាលភាពប្រជាជន គឺជារឿងសំខាន់ និងត្រូវគិតគូរមុនគេ យកចិត្តទុកដាក់ជាងគេទាំងអស់។ នេះគឺជាប្រសាសន៍កើតចេញពីបេះដូង ពី ដួងចិត្តដ៏ស្មោះត្រង់របស់មេដឹកនាំកម្ពុជា គឺសម្តេច ហ៊ុន សែន។
ចាប់តាំងពីដើមទីគឺពីដើមខែមករាឆ្នាំ២០២០ រហូតដល់ចុងឆ្នាំគឺខែតុលា ២០២០ កម្ពុជា មិនមានការឆ្លងនៅក្នុងប្រទេស ឬហៅថា ការឆ្លងសហគមន៍ទេ ប៉ុន្តែ ចាប់ពីដើមខែវិច្ឆិកា ឆ្នាំ២០២០ ទើបកម្ពុជាមានការឆ្លង ដែលសម្តេចហៅថា ព្រឹត្តិការណ៍ឆ្លងសហគមន៍ ក្រោយពីជំនួបរវាងសម្តេចតេជោ ហ៊ុន សែន និងរដ្ឋមន្រ្តីការបរទេសហុងគ្រី លោក ភីធើ ស៊ីចាតូ នៅថ្ងៃទី០៣ ខែវិច្ឆិកា និងរដ្ឋមន្រ្តីការបរទេសរូបនេះ បានជួបនឹងរដ្ឋមន្រ្តីកម្ពុជាជាច្រើនរូបទៀត។ ព្រឹត្តិការណ៍នេះ នាំឱ្យមនុស្សប្រមាណ៦២៨នាក់ រួមទាំងកងអង្គរក្សរបស់សម្តេចនាយករដ្ឋមន្រ្តីផង ដែលបានប៉ះពាល់ដោយប្រយោល ត្រូវធ្វើតេស្តរកមេរោគកូវីដ-១៩ ភ្លាមៗ នៅថ្ងៃទី៤ ខែវិច្ឆិកាឆ្នាំ២០២០។ ជាលទ្ធផល ពុំមានអ្នកណាម្នាក់មានវិជ្ជមានកូវីដ-១៩ឡើយ ហើយចំពោះសម្តេចផ្ទាល់ គឺត្រូវក្រុមគ្រូពេទ្យតម្រូវឱ្យធ្វើតេស្តចំនួន៤លើកទើបសម្រេចយកជាការថា គ្មានការឆ្លងពីរដ្ឋមន្រ្តីរូបនោះ។ សម្តេចនាយករដ្ឋមន្រ្តី ក៏តម្រូវឱ្យធ្វើចត្តាឡីស័កនៅភូមិគ្រឹះ ដូចពលរដ្ឋទូឬទៅដែរ។
ប៉ុន្តែតាំងពីមុននេះ កម្ពុជាអាចរកឃើញអ្នកឆ្លងកូវីដ-១៩ តែតាមរយៈអ្នកធ្វើដំណើរម ក ពីក្រៅប្រទេស ដែលក្រសួងសុខភិបាលហៅថា ការនាំចូលតែប៉ុណ្ណោះ។
ទោះជាយ៉ាងនេះក្តី ដោយក្តីគោរព និងស្រឡាញ់ប្រជាជនខ្លួនឯង សម្តេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅតែបានក្រើនរម្លឹក និងអំពាវនាវជាដរាប ឱ្យប្រជាជនមានការប្រយ័ត្នប្រយែង ឬថាបើគ្មានការចាំបាច់ សូមកុំចេញពីផ្ទះជាដើម។ កាលប្បវត្តិ នៃការអំពាវនាវគេអាចមើលឃើញ តាមរយៈការផ្សព្វផ្សាយ នៃសារព័ត៌មានទាំងនៅកម្ពុជា និងក្រៅប្រទេសជាបន្តបន្ទាប់។
នៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២០ ក្នុងជំនួបជាមួយក្រុមគ្រួពេទ្យស្ម័គ្រចិត្តសម្តេចតេជោ TYDA ប្រមាណជាង៤០០នាក់ នៅវិមានសន្តិភាព សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលពាក់អាវធំ បង់ក ក្រមា បានអំពាវនាវឱ្យប្រជាពលរដ្ឋកុំចេញពីផ្ទះប្រសិនបើគ្មានការចាំបាច់។ ការអំពាវនាវដោយទន់ភ្លន់ និងមនោសញ្ចេតនានេះ ធ្វើឡើងបន្ទាប់ពីក្រសួងសុខភិបាលរកឃើញថា គិតត្រឹមថ្ងៃទី២៥ខែមីនា មានអ្នកឆ្លងដោយសារជំងឺកូវីដ-១៩ ចំនួន ៩៣នាក់ក្នុងនោះជនជាតិខ្មែរ ៣៥នាក់ និងបរទេស៥៨នាក់។
នៅអំឡុងពេលនោះដែរ ក្រៅពីការអំពាវនាវឱ្យប្រជាពលរដ្ឋគោរពវិធានសុខាភិបាល ដូចជា៣ការពារ និង៣កុំ រាជរដ្ឋាភិបាលក៏បានដាក់ចេញ នូវវិធានការជាបន្តបន្ទាប់ ដើម្បីបង្ការ និងទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ ក្នុងនោះ មានការអនុវត្តវិស្សមកាលមុនការកំណត់ របស់សិស្ស និស្សិត ការបិទក្លឹបកម្សាន្ត ខារ៉ាអូខេ រង្គសាល រោងភាពយន្ត និងសារៈមន្ទីរជាដើម។ ក្រៅពីនេះ រាជរដ្ឋាភិបាលក៏បានរៀបចំសណ្ឋាគារ សាលារៀន ផ្ទះសំណាក់ ដើម្បីធ្វើជាទីតាំង ឬជាកន្លែងធ្វើចត្តាឡីស័ក ឬសម្រាប់ព្យាបាលអ្នកដែលវិជ្ជមានកូវីដ-១៩។
សម្តេចប្រមុខរាជរដ្ឋាភិបាល នៅតែបន្តអំពាវនាវមិនដាច់ពីមាត់ ស្ទើរតែរាល់ថ្ងៃ អំពីការប្រុងប្រយ័ត្ន ចំពោះការឆ្លង កូវីដ-១៩។
ក្រោយព្រឹត្តិការណ៍សហគមន៍៣វិច្ឆិកា ទោះបីធ្វើតេស្តអវិជ្ជមានលើកទី២សម្តេចតេជោ នាយករដ្ឋមន្រ្តី បានផ្ញើសារជាពិសេស សម្រាប់ប្រជាជនកម្ពុជាគ្រប់រូប។ សម្តេច មានប្រសាសន៍ថា បងប្អូនប្រជាពលរដ្ឋ កុំឱ្យមានការភ័យខ្លាច និងស្លន់ស្លោរចំពោះសភាពការណ៍ នៃជំងឺកូវីដ-១៩ ព្រោះសភាពការ ឬស្ថានភាពអាចគ្រប់គ្រងបាន។
មូលហេតុ ដែលធ្វើឱ្យសម្តេចតេជោសម្រេចចេញសារពិសេសបែបនេះ ដោយសារក្នុងព្រឹត្តិការណ៍សហគមន៍៣វិច្ឆិកា ត្រូវបានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ បានកើនឡើងដល់៤នាក់ ក្នុងនោះមានតំណាងរាស្រ្ត មន្រ្តីក្រសួងកសិកម្ម និងមន្រ្តីទូតហុងគ្រីប្រចាំកម្ពុជា។ ការកើនឡើងនេះ ធ្វើឱ្យប្រជាពលរដ្ឋខេត្តកណ្តាល ជាពិសេសអ្នករស់នៅរាជធានីភ្នំពេញ មានភាពរំជើបរំជួលយ៉ាងខ្លាំង។ ទោះជាយ៉ាងនេះក្តី សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់នៅក្នុងសារពិសេសរបស់សម្តេចថា ស្ថានការនេះ ពិតមែនតែធ្ងន់ធ្ងន់ធ្ងរ ប៉ុន្តែ មិនទាន់ដល់កម្រិត ដែលធ្វើឱ្យមានការភ័យខ្លាចខ្លាំង ដែលនាំទៅដល់ការដំឡើងថ្លៃទំនិញនោះទេ។
សម្ដេចតេជោ ក៏បានក្រើនរម្លឹកផងដែរថា អ្វីដែលជាកង្វល់ពិតប្រាកដ នៅពេលនេះ គឺការធ្វើចត្តាឡីស័ករបស់ថ្នាក់ដឹកនាំ និងមន្ត្រីទាំងអស់ ក្នុងព្រឹត្តិការណ៍០៣ វិច្ឆិកា។ សម្តេចតេជោ ក៏បានស្តីបន្ទោសដល់ភរិយា ថ្នាក់ដឹកនាំ និងមន្ត្រី ឬអ្នកចូលរួមក្នុងព្រឹត្តិការណ៍ ថ្ងៃ០៣ វិច្ឆិកា ដែលគិតថា ខ្លួនបានត្រឹមប៉ះពាល់ដោយប្រយោល ទើបទៅចូលរួមក្នុងពិធីផ្សេងៗ គឺជាការធ្វេសប្រហែសមួយដ៏ធំ ដែលអាចឈានទៅដល់ការអន្តរាយ។
សម្តេចបានស្នើជាថ្មី និងដោយទទូច ចំពោះអ្នកប៉ះពាល់ដោយផ្ទាល់ រួមទាំងប្រពន្ធកូន និងក្រុមគ្រួសារទាំងអស់ មេត្តាដាក់ខ្លួននៅក្នុងផ្ទះ ដោយធ្វើចត្តាឡីស័កឱ្យបានត្រឹមត្រូវ និងម៉ត់ចត់បំផុត ព្រោះនេះគឺជាបញ្ហាសំខាន់ ដែលយើងមិនត្រូវនាំខ្លួនយើងទៅចម្លងមេរោគឱ្យអ្នកដទៃ ឬឱ្យទៅសង្គមនោះទេ។
សម្តេចតេជោ ហ៊ុន សែន បានចេញបញ្ជា ឱ្យរាល់អ្នកទាំងអស់ដែលធ្វើចត្តាឡីស័ក គឺត្រូវធ្វើឱ្យបានត្រឹមត្រូវ និងម៉ត់ចត់បំផុត ហើយចំពោះអ្នកចត្តាឡីស័កតាមផ្ទះ បើសិនអ្នកដែលធ្វើចត្តាឡីស័កពុំបានត្រឹមត្រូវទេនោះ អាជ្ញាធរមូលដ្ឋានត្រូវរៀបចំពិនិត្យតាមដានឱ្យបានច្បាស់លាស់ និងនាំពួកគេទៅធ្វើចត្តាឡីស័កនៅផ្នែកដែលរៀបចំដោយក្រសួងសុខាភិបាល មិនថានៅទីក្រុង ឬនៅបណ្តាខេត្តឡើយ ហើយត្រូវមានការការពារ និងយាមកាមយ៉ាងត្រឹមត្រូវ។ នោះមិនមែនជាការដាក់ឃុំទេ ក៏ប៉ុន្តែនោះជាតម្រូវការចាំបាច់ នៃការដាក់ខ្លួនឱ្យដាច់ដោយឡែក ដោយប្រជាពលរដ្ឋមានសិទ្ធិក្នុងការជ្រើសរើសថា ត្រូវធ្វើចត្តាឡីស័កនៅផ្ទះរបស់ខ្លួន ដោយអនុវត្តឱ្យបានត្រឹមត្រូវ នូវវិធានចត្តាឡីស័ក ឬត្រូវធ្វើចត្តាឡីស័ក ដោយមានការចាប់បញ្ជូនទៅកន្លែងចត្តាឡីស័ក។ សម្តេចតេជោ ក៏បានស្នើដោយទទូច ចំពោះអ្នកដែលពាក់ព័ន្ធគឺមេត្តាធ្វើចត្តាឡីស័កដោយប្រុងប្រយ័ត្ន និងម៉ត់ចត់បំផុត ចៀសវាងការរីករាលទៅក្នុងសហគមន៍កាន់តែធំ ដែលអាចក្លាយជាគ្រោះមហន្តរាយសម្រាប់ប្រទេសជាតិ។
ទោះជាយ៉ាងណា ដោយសារមានការគ្រប់គ្រង និងវិធានការទប់ស្កាត់បានហ្មត់ចត់ ក្រោមការដឹកនាំដ៏ឈ្លាសវាងវៃរបស់សម្តេច ព្រឹត្តិការណ៍៣វិច្ឆិកា ដែលបណ្តាលឱ្យសម្តេចតេជោ នាយករដ្ឋមន្រ្តី ធ្វើចត្តាឡីស័កក្នុងភូមិគ្រឹះ១៤ថ្ងៃ ត្រូវបានសម្តេច ប្រកាសបិទបញ្ចប់នៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២០ បន្ទាប់ពីសម្តេចធ្វើតេស្តរកមេរោគកូវីដ-១៩ លើកទី៤អវិជ្ជមាន។ ប៉ុន្តែ សម្តេច មិនទាន់អនុញ្ញាតឱ្យកូន ឬចៅរបស់សម្តេចចូលមកក្បែរនោះទេ ព្រោះដើម្បីសុវត្ថិភាព និងធានាឱ្យបានប្រាកដថា លោកពិតជាគ្មានមេរោគចម្លងទៅកូនៗ និងចៅៗ។
គេគួរតែដឹងផងដែរថា គិតត្រឹមថ្ងៃទី១៨ ខែវិច្ឆិកា ជាថ្ងៃដែលត្រូវបិទបញ្ចប់នេះ ស្ថានភាពជំងឺកូវីដ-១៩ នៅកម្ពុជាមានអ្នកឆ្លងសរុបចំនួន៣០៤នាក់ ក្នុងនោះអ្នកព្យាបាលជាសះស្បើយមានចំនួន ២៩១នាក់ និងអ្នកសម្រាកព្យាបាលនៅមន្ទីរពេទ្យរដ្ឋ ចំនួន១៣នាក់។ ព្រឹត្តិការណ៍០៣វិច្ឆិកា បានបញ្ចប់ដោយជោគជ័យ ដោយកម្ពុជាបានរក្សាសុវត្ថិភាព សុខភាពសាធារណៈ ជូនពលរដ្ឋបានល្អប្រសើរ ដោយមិនមានការឆ្លងលើសពី៤នាក់ឡើយ។ ប៉ុន្តែ បញ្ហាកូវីដ-១៩ មិនទាន់ចប់ឡើយ ដោយពិភពលោក និងកម្ពុជា នៅតែប្រឈមជាមួយនឹងជំងឺដ៍កាចសាហាវនោះដដែល។
សម្តេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន បានហៅព្រឹត្តិការណ៍៣វិច្ឆិកាថា ជាករណីធ្ងន់ធ្ងរ ដែលមិនធ្លាប់មាន រយៈពេល១០ខែ ដែលកម្ពុជាបានគ្រប់គ្រងកូវីដ-១៩ បានដ៏ល្អប្រសើរ ហើយទទួលបានការសរសើរពីបណ្តាលប្រទេសជាច្រើននោះ។ បន្ទាប់ពីបញ្ចប់ ព្រឹត្តិការណ៍នេះ សម្តេច ហ៊ុន សែន បានប្រកាសទៅកាន់អាជ្ញាធរសមត្ថកិច្ច គ្រប់លំដាប់ថ្នាក់ ពិសេសអភិបាលរាជធានី ខេត្ត ទាំងអស់ឱ្យអនុញ្ញាតឱ្យរៀបអាពាហ៍ពិពាហ៍ ពិធីបុណ្យ រួមទាំងការជួបជុំខាងសាសនា សាលារៀន ពហុកីឡដ្ឋាន សារមន្ទីរ និងរោងភាពយន្ត ជាដើម ត្រូវបើកឡើងវិញ ប៉ុន្តែត្រូវយកចិត្តទុកដាក់ខាងអនាម័យ រក្សាគម្លាតសុវត្ថិភាព វាស់កម្ដៅ និងលាងដៃដោយអាល់កុល តាមការណែនាំរបស់ក្រសួងសុខាភិបាល។ សម្តេចតេជោ ហ៊ុន សែន នៅតែក្រើនរម្លឹកថា ប្រយ័ត្ន នៅតែប្រយ័ត្ន ប៉ុន្តែ មិនត្រូវបិទដង្ហើមសេដ្ឋកិច្ច និងចលនាសេដ្ឋកិច្ចសង្គមផ្សេងទៀតនោះទេ។
ការបិទបញ្ចប់ ព្រឹត្តិការណ៍៣វិច្ឆិកា កន្លងផុតទៅមិនយូរប៉ុន្មាន នៅ២៥ថ្ងៃក្រោយមក គឺនៅថ្ងៃទី២៨ ខែវិច្ឆិកា ២០២០ដដែល កម្ពុជា ក៏ពើបប្រទះ នូវព្រឹត្តិការណ៍សហគមន៍ដ៏រន្ធត់ម្ដងទៀត ដោយសារការធ្វេសប្រហែសរបស់អ្នកធ្វើចត្តាឡីស័ក ដែលជាកូនមន្រ្តី នៃនាយកដ្ឋានពន្ធនាគារម្នាក់។ ព្រឹត្តិការណ៍នេះ ក៏ធ្វើឱ្យមានការភ្ញាក់ផ្អើល និងរំជើបរំជួលដូចព្រឹត្តិការណ៍៣វិច្ឆិកាដែរ។
ក្នុងនាមជាមេដឹកនាំ ដែលប្រកបដោយគុណធម៌ ការសន្តោសប្រណី ចំពោះប្រជាជន និងមន្រ្តីក្រោមឱវាទ បើទោះបីព្រឹត្តិការណ៍២៨វិច្ឆិកា បង្កឡើងដោយកូនស្រី និងមន្រ្តីជាន់ខ្ពស់ពន្ធនាគារ ក៏សម្តេច ស្នើដោយសេចក្តីថ្លៃថ្នូរកុំឱ្យហៅព្រឹត្តិការណ៍នេះជាព្រឹត្តិការណ៍មន្រ្តីពន្ធនាគារ ប៉ុន្តែត្រូវហៅថា ព្រឹត្តិការណ៍២៨វិច្ឆិកា និងនៅតែទទូចឱ្យប្រជាពលរដ្ឋជាពិសេសអ្នកពាក់ព័ន្ធត្រូវទៅធ្វើតេស្តរកមេរោគកូវីដ១៩ និងត្រូវធ្វើចត្តាឡីស័កឱ្យបានត្រឹមត្រូវ។ សម្តេចបានជំរុញឱ្យអ្នកពាក់ព័ន្ធទាំងអស់ នាំគ្នាទៅធ្វើតេស្ត និងធ្វើចត្តាឡីស័កឱ្យបានត្រឹមត្រូវនិង គ្រប់ៗគ្នា ចៀសវាងគិតថា ខ្លួនឯងមិនមានមេរោគកូវីដ-១៩ ហើយចម្លងដល់អ្នកដទៃ ហើយពេលវេលានេះ មិនមែនជាពេលវេលា ដែលត្រូវស្តីបន្ទោស ឬទម្លាក់កំហុសឱ្យគ្នានោះទេ ប៉ុន្តែ ត្រូវរួមគ្នាដើម្បីទប់ស្កាត់ និងកម្ចាត់កូវីដ ១៩។
ក្រោយមក នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២០ សម្តេចតេជោ បានស្នើឱ្យអាជ្ញាធរ និងស្ថាប័នពាក់ព័ន្ធតាមស្វែងរក ដានដែលបាត់ នៃអ្នកដែលពាក់ព័ន្ធព្រឹត្តិការណ៍២៨ វិច្ឆិកា។ សម្តេចតេជោ បានសុំការយោគយល់ពីប្រជាពលរដ្ឋ ក្នុងការរក្សាស្ថានភាពដូចពេលនេះមួយយរយៈទៀត ដើម្បីធានាឱ្យប្រាកដថា កូវីដ-១៩ ដែលបានឆ្លងចូលសហគមន៍២៨វិច្ឆិកា បានផុតរលត់ពិតប្រាកដ។ សម្តេច ហ៊ុន សែន បានថ្លែងទៅកាន់ប្រជាពលរដ្ឋតាមកញ្ចក់ទូរទស្សន៍ជាតិកម្ពុជាថា យើងគ្រប់គ្រងព្រឹត្តិការណ៍២៨វិច្ឆិកា បាន ប៉ុន្តែមិនទាន់បញ្ចប់ឡើយ ព្រោះការគ្រប់គ្រងស្ថានការណ៍កូវីដ-១៩ ពិតជាមានការលំបាក និងមហា
ស្មុគ្រស្មាញ។
ក្រោយការប្រយុទ្ធ ដោយវិធានការក្តៅផង ត្រជាក់ផង មួយខែក្រោយមក គឺនៅថ្ងៃទី២៨ ខែធ្នូ សម្តេច ហ៊ុន សែន បានសម្រេចប្រកាសបិទបញ្ចប់ព្រឹត្តិការណ៍ ២៩វិច្ឆិកា ដ៏រំជើបរំជួល។ នៅថ្ងៃដែលសម្តេច ប្រកាសបិទព្រឹត្តិការណ៍២៨វិច្ឆិកានេះ សម្តេចតេជោ ហ៊ុន សែន បានកោតសរសើរក្រសួងសុខាភិបាល មន្ត្រីពេទ្យ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋ ដែលចូលរួមទប់ស្កាត់កូវីដ១៩ និងបញ្ចប់ព្រឹត្តិការណ៍សហគមន៍ ២៨វិច្ឆិកា។ សម្តេច ក៏មិនភ្លេចអរគុណដល់ដៃគូ អង្គការសុខភាពពិភពលោក ដែលចូលរួមចំណែកក្នុងការទប់ស្កាត់ព្រឹត្តិការណ៍សហគមន៍២៨ វិច្ឆិកា។ ប៉ុន្តែ ទោះបីជាសម្តេច ប្រកាសបិទបញ្ចប់ព្រឹត្តិការណ៍២៨វិច្ឆិកាក្តី ក៏សម្តេចតេជោនៅតែអំពាវនាវ ឱ្យប្រជាពលរដ្ឋបន្តប្រុងប្រយ័ត្នខ្ពស់ចំពោះកូវីដ-១៩។
សម្តេច ហ៊ុន សែន នៅតែអំពាវនាវឱ្យប្រជាពលរដ្ឋបន្ត ការពារខ្លួនដោយពាក់ម៉ាស លាងដៃនឹងអាល់កុល និងរក្សាគម្លាតសុវត្តិភាពឱ្យបានយ៉ាងតិច១ម៉ែត្រកន្លះ និងកុំទៅចូលរួមជួបជុំគ្នីគ្នាច្រើន និងកុំស្និទ្ធស្នាលគ្នាខ្លាំងពេក។ សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បាន ជំរុញឱ្យអនុវត្តឱ្យបានត្រឹមត្រូវតាមការណែនាំរបស់ក្រសួងសុខាភិបាល ចំពោះ អ្នកធ្វើចត្តាឡីស័ក្តិ។
ការបិទបញ្ចប់ព្រឹត្តិការណ៍២៨វិច្ឆិកា ធ្វើឱ្យពិភពលោចូលរួមអបអរសាទរជាមួយប្រជាជនកម្ពុជា ជាពិសេសប្រជាពលរដ្ឋកម្ពុជា មានការសប្បាយរីករាយ ដោយសារមានអារម្មណ៍ធូរស្រាលមកវិញ បន្ទាប់ពីព្រឹត្តិការណ៍ដ៏ត្បៀតអារម្មណ៍មួយនេះកើតឡើង។
ប៉ុន្តែ ភាពធូរស្រាលនេះ មិនបានយូរប៉ុន្មាន នៅ២ខែក្រោយមក គឺថ្ងៃទី២០ ខែកុម្ភៈ ព្រឹត្តិការណ៍ ដ៏មហារន្ធត់មួយទៀតបានកើតឡើង គឺការឆ្លងសហគមន៍ដ៏ញាប់ញ័រ។ ការឆ្លងនេះ កើតឡើងដោយសារការធ្វេសប្រហែសរបស់សន្តិសុខម្នាក់ ដែលអនុញ្ញាតឱ្យជនបរទេស ដែលមានកាតព្វកិច្ចធ្វើចត្តាឡីស័ក អាចចេញក្រៅ ឬរត់ចេញពីកន្លែងធ្វើចត្តាឡីស័ក។
ក្រោយព្រឹត្តិការណ៍នេះពីរថ្ងៃ នៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២១ សម្តេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន បានអង្វរដោយទទូចសុំឱ្យប្រជាជននៅរាជធានីភ្នំពេញមានការប្រុងប្រយ័ត្ន ហើយបើគ្មានការចាំបាច់កុំចេញពីផ្ទះ។ សម្តេច មានប្រសាសន៍ថា ខ្ញុំសូមអង្វរករ សូមឱ្យអនុវត្ត នូវវិធានការ ៣ការពារ និង៣កុំឱ្យបានល្អ។ សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បានអំពាវនាវផងដែរ ទៅដល់ប្រជាពលរដ្ឋ ដែលមានការពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ ដូចជា អ្នករត់តាក់ស៊ី ម៉ូតូកង់បី ឬហៅថាតុកតុក និងម៉ូតូឌុប ត្រូវទៅធ្វើតេស្តរកមេរោគកូវីដ-១៩និងធ្វើចត្តាឡីស័កឱ្យបានត្រឹមត្រូវ។
សម្តេចទទូចដោយពាក្យអង្វរថា «ខ្ញុំសុំអង្វរករ ដល់ប្រជាពលរដ្ឋនៅក្នុងរាជធានីភ្នំពេញ ប្រសិនបើមិនមានការចាំបាច់ទេ សូមមេត្តាកុំចេញទៅខាងក្រៅ ដើម្បីចៀសវាង នូវការឆ្លងដោយមើលមិនឃើញ។ យើងអាចនិយាយបានថា នៅពេលនេះ យើងមានការលំបាកជាងព្រឹត្តិការណ៍៣វិច្ឆិកា និង២៨វិច្ឆិកាទៅទៀត ដោយសារយើងឃើញពន្លឺខ្លះ ប៉ុន្តែនៅទីងងឹត នៅតែមានច្រើន ដែលយើងមិនទាន់អាចរកឃើញ»។
ដោយសារការឆ្លងមានសភាពកាចសាហាវ នៅថ្ងៃទី៤ ខែមីនា ឆ្នាំ២០២១ ក្នុងឱកាសអញ្ជើញចាក់វ៉ាក់សាំង AstraZeneca នៅមន្ទីរពេទ្យកាល់ម៉ែត សម្តេចប្រមុខរាជរដ្ឋាភិបាល បានបន្ដប្រកាសអំពាវនាវឱ្យប្រជាពលរដ្ឋ ដែលរស់នៅក្នុងរាជធានីភ្នំពេញ បើគ្មានការចាំបាច់ទេ សូមនៅក្នុងផ្ទះបណ្ដោះអាសន្ន ដើម្បីរួមចំណែកទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ដែលផ្ទុះក្នុងសហគមន៍ជាលើកទី៣នេះ។
ដូច្នេះសូមបងប្អូនប្រយ័ត្នប្រយែង ដើម្បីយើងអាចត្រួតត្រា នឹងបញ្ចប់ព្រឹត្តិការណ៍នេះ។ សម្ដេចតេជោនាយករដ្ឋមន្ដ្រី ក៏បាន អំពាវនាវដល់ប្រជាពលរដ្ឋផ្សេងទៀត ប្រសិនបើមិនមានការងារអ្វីចាំបាច់នោះទេ កុំធ្វើដំណើរទៅខេត្តព្រះសីហនុ ក្នុងកាលៈទេសៈដែលខេត្តមួយនេះ កំពុងតែឆ្លងរីករាលដាលជំងឺកូវីដ-១៩ នៅក្នុងព្រឹត្តិការសហគមន៍២០កុម្ភៈ ហើយអ្នកដែលកំពុងរស់នៅ ឬធ្វើការនៅខេត្តព្រះសីហនុ កុំទាន់បំផ្លាស់ទី ឬចេញពីខេត្តព្រះសីហនុ ទៅកាន់បណ្ដាខេត្តផ្សេងៗ។ មូលហេតុ ដែលសម្តេច ហាម ឬស្នើកុំឱ្យប្រជាពលរដ្ឋ ធ្វើដំណើរឆ្លងពីខេត្តមួយទៅខេត្តមួយ គឺដោយសារជំងឺកូវីដ-១៩ ដែលផ្ទុះក្នុងសហគមន៍ជាលើកទី៣នេះ ឆ្លងលឿន ឆ្លងរហ័ស និងសាហាវ។ ជាមួយគ្នានេះ អាជ្ញាធររាជធានីភ្នំពេញ បានសម្រេចបិទទីតាំងដែលមានការពាក់ព័ន្ធនឹងអ្នកកើតជំងឺកូវីដ-១៩ ចំនួនប្រមាណជិត១០០ទីតាំង។
ដោយសារការឆ្លងមិនព្រមថមថយ នៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២១ សម្តេច តេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន បានចេញមកអំពាវនាវដល់ប្រជាពលរដ្ឋម្ដងទៀតថា ប្រជាពលរដ្ឋ ត្រូវប្រុងប្រយ័ត្នខ្ពស់ ចំពោះវីរុសកូវីដ-១៩ បំប្លែងថ្មី កាចសាហាវ ហើយបើមិនចាំបាច់កុំចេញពីផ្ទះ ការជួបជុំរៀបមង្គលការ ឡើងផ្ទះ និងបុណ្យទាន សូមពន្យារពេល ឬផ្អាកសិន។
ពីរថ្ងៃបន្ទាប់ គឺថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២១ សម្តេច ហ៊ុន សែន ក្នុងនាមជានាយករដ្ឋមន្រ្តី នៅតែទទូចសុំកុំឱ្យប្រជាពលរដ្ឋចេញពីផ្ទះ ព្រោះកូវីដ-១៩ កំពុងរាតត្បាតខ្លាំង។ សម្តេច នាយករដ្ឋមន្ត្រី បានបង្ហោះសារនៅលើហ្វេសប៊ុករបស់សម្តេចថា សូមបងប្អូនប្រជាពលរដ្ឋគ្រប់ក្រុមគ្រួសារ បើមិនមានការចាំបាច់ទេ គឺកុំចេញក្រៅផ្ទះ ហើយប្រសិនបើចេញក្រៅផ្ទះត្រូវតែពាក់ម៉ាសឱ្យបានហ្មត់ចត់ ព្រោះឥឡូវនេះយើងមិនដឹងថា ជំងឺកូវីដ-១៩ ពិតប្រាកដនៅទីណានោះទេ ហើយដើម្បីការពារពីជំងឺកូវីដ-១៩ ប្រជាពលរដ្ឋគ្រប់រូបអនុវត្តតាមវិធានសុខាភិបាលឱ្យបានហ្មត់ចត់ និងបន្តចូលរួមជាមួយវិធានការ៣ការ ពារ និង៣កុំ ឱ្យបានល្អប្រសើរ។
ប្រាំបីថ្ងៃក្រោយមក គឺថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២១ ដោយសារការរាតត្បាតគ្មានការថមថយ សម្តេចតេជោនាករដ្ឋមន្រ្តី នៅតែចេញមកស្នើឱ្យប្រជាពលរដ្ឋ មានការប្រុងប្រយ័ត្ន ចំពោះការឆ្លងកូវីដ១៩។ សម្តេចតេជោហ៊ុន សែន មានប្រសាសន៍ថា ដោយសារពេលនេះ ជំងឺកូវីដ-១៩ កំពុងវាយលុកក្នុងសហគមន៍ សូមបងប្អូនកុំចេញក្រៅផ្ទះ ប្រសិនបើគ្មានការចាំបាច់។ ត្រូវតែពាក់ម៉ាសដាច់ខាត និងត្រូវឧស្សាហ៍ដុសលាងសម្អាតដៃជាមួយសាប៊ូ ជែល ឬអាល់កុល។ ប្រសិនបើចាំបាច់ត្រូវជួបមនុស្សនៅខាងក្រៅ ត្រូវរក្សាគម្លាតឱ្យឆ្ងាយពីគ្នាយ៉ាងហោចណាស់១ម៉ែត្រកន្លះ។
ដើម្បីជាការលើកទឹកចិត្ត សម្តេចតេជោ ហ៊ុន សែន ក៏បានថ្លែងអំណរគុណជនរួមជាតិដែលបានធ្វើតាមការណែនាំរបស់ក្រសួងសុខាភិបាល ក្នុងការទប់ស្កាត់ជំងឺឆ្លងរាតត្បាតកូវីដ-១៩ និងអរគុណចំពោះការយោគយល់របស់ពលរដ្ឋក្នុងពេលដែលប្រទេសជាតិ កំពុងស្ថិតក្នុងស្ថានភាពប្រុងប្រយ័ត្នខ្ពស់ ព្រមទាំងសូមជូនពរជនរួមជាតិ ចៀសផុតពីជំងឺឆ្លងកូវីដ-១៩ ហើយសូមបន្តអនុវត្តតាមវិធានការ ៣ការពារ និង៣កុំឱ្យបានត្រឹមត្រូវខ្ជាប់ខ្ជួន។ សម្តេច ក៏បានអំពាវនាវឱ្យបន្តអនុវត្តតាមវិធានសុខាភិបាលឱ្យបានម៉ត់ចត់ និងបន្តចូលរួមជាមួយវិធានការ«៣ការពារ ៣កុំ» ឱ្យបានម៉ឺងម៉ាត់ជាទីបំផុត។
ខ្លឹមសារ ដែលជាពាក្យគន្លឹះ ៣កុំ និង៣ការពារ នៃវិធានសុខាភិបាល ដ៏មានប្រសិទ្ធភាពបំផុត ដែលសម្តេច ហ៊ុន សែន បានបង្កើត និងដាក់ឱ្យអនុវត្តន៍នោះគឹ «៣កុំ» មានន័យថា៖ ទី១៖ កុំចាប់ដៃគ្នាដោយងាកមកប្រើវប្បធម៌សំពះរបស់ខ្មែរយើងជាជំនួសវិញ ទី២៖ កុំទៅកន្លែងណា ដែលមានមនុស្សច្រើន និងទី៣៖ កុំនៅក្នុងបន្ទប់បិទជិត គ្មានខ្យល់ចេញចូល ជាពិសេសបន្ទប់ដែលមានម៉ាស៊ីនត្រជាក់។ ចំណែក«៣ការពារ»គឺ ៖ ទី១៖ ត្រូវនាំគ្នាពាក់ម៉ាសឱ្យបានគ្រប់គ្នា និងគ្រប់ទីកន្លែង ជាពិសេសនៅតាមទីកន្លែងសាធារណៈ។ ទី២៖ ត្រូវលាងសម្អាតដៃជាមួយអាល់កុល ឬជែលជាប្រចាំ និងឱ្យបានញឹកញាប់ ជាពិសេសមុនពេល បរិភោគអាហារ និងក្រោយពេលបានប៉ះពាល់វត្ថុផ្សេងៗ និងទី៣៖ ត្រូវរក្សាគម្លាតសុវត្ថិភាពបុគ្គល ដោយត្រូវនៅឃ្លាតពីគ្នាយ៉ាងតិចមួយម៉ែត្រកន្លះជាដើម។
គួរចងចាំថា គិតត្រឹមព្រឹកថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២១ កម្ពុជាបានរកឃើញអ្នកឆ្លងកូវីដ១៩ សរុបចំនួន ១៣០៥នាក់នៅទូទាំងប្រទេស ក្នុងនោះអ្នកជាសះស្បើយចំនួន៦៤៧នាក់,អ្នកជំងឺកំពុងសម្រាកព្យាបាលចំនួន៦៥៦នាក់, ស្លាប់ដោយសារកូវីដ-១៩ ម្នាក់ និងម្នាក់ទៀត ស្លាប់ដោយសារការរើថ្នាំញៀនធ្ងន់ធ្ងរពេលកំពុងទទួលការព្យាបាល៕ ដោយ៖ គង់ សេដ្ឋាមុនី