ភ្នំពេញ ៖ គម្រោងសាងសង់អគារទីស្ដីការក្រសួងមហាផ្ទៃថ្មី គិតមកដល់ថ្ងៃ៤ ធ្នូនេះ បានសាងសង់សម្រេចបាន៦៥%លឿនជាងផែនការគម្រោងទុក។
លោក សក់ សេដ្ឋា រដ្ឋលេខាធិការប្រចាំការ ក្រសួងមហាផ្ទៃ បានលើកឡើងនាថ្ងៃ៤ ធ្នូ ក្នុងឱកាស
ដឹកនាំប្រជុំពីការសាងសង់អគារទីស្ដីការក្រសួងមហាផ្ទៃថ្មីថា គិតមកដល់ពេលនេះ មានរយៈពេលជាង ១ឆ្នាំហើយ តាមកិច្ចសន្យារវាងក្រសួងមហាផ្ទៃ ជាមួយក្រុម ហ៊ុនសាងសង់ គឺប្រើរយៈពេលជាង២០ខែ ដោយបញ្ចប់នៅខែសីហា ឆ្នាំ២០២៣ ខាងមុខ។
លោកថា «បើតាមសេចក្ដីរាយការណ៍សង្ខេបពីក្រុមហ៊ុននាពេលកន្លងទៅ គម្រោងសាងសង់ទីស្ដីការក្រសួងមហាផ្ទៃថ្មីនេះ គឺសាងសង់បានលឿនជាងតាមផែនការដែលបានគម្រោងទុក។ អគារទីស្ដីការក្រសួងថ្មីនេះ គឺសាងសង់បានត្រឹមត្រូវ និងតាមស្ដង់ដារសំណង់ ដោយបានសាងសង់យ៉ាងយកចិត្តទុកដាក់បំផុតផងដែរ»។
លោករដ្ឋលេខាធិការ បានចាត់ទុកថា អគារទីស្ដីការក្រសួងមហាផ្ទៃថ្មីនេះ ក៏មានផ្ទៃក្រឡាទំហំធំជាងគេ ក្នុងចំណោមអគាររបស់រដ្ឋ នៅកន្លែងដទៃទៀត។
សូមរំលឹកថា អគារទីស្តីការរបស់ក្រសួមហាផ្ទៃនេះស្ថិតនៅលើទីតាំងចាស់ តាមបណ្ដោយផ្លូវព្រះនរោត្តម ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន មានទំហំ ១៥៣ម៉ែត្រ គុណ៨៣ម៉ែត្រ មានកម្ពស់៩ជាន់ មិនរាប់បញ្ចូលជាន់ផ្ទាល់ដី និងជាន់សម្រាប់ចំណតរថយន្ត ដែលអាចចតរថយន្តក្នុងអគារបានសរុបចំនួន ៣៣០គ្រឿង។ ប្លង់ស្ថាបត្យកម្ម នៃអគារទីស្តីការថ្មីរបស់ក្រសួងមហាផ្ទៃនេះ ជាប្រភេទស្ថាបត្យកម្ម ក្លាសិក រចនាបទខ្មែរដំបូលប្រក់ក្បឿងស្រកាលិញ មានបុស្បបុកចំនួនប្រាំ លំនាំតាមប្រាសាទអង្គវត្តកំពូលប្រាំ ដោយអនុលោមតាមគោលការណ៍សមមាត្រនៃរូបរាងអគារ នឹងបានគិតគូរយ៉ាងហ្មត់ចត់អំពីពន្លឺ ខ្យល់ធម្មជាតិ ចេញចូលគ្រប់គ្រាន់ ប្រកបដោយផាសុខភាព ស័ក្តិសមជាទីកន្លែងធ្វើការបែបសម័យទំនើបថ្មី៕ ដោយ៖ រិន ចំរើន