ភ្នំពេញ ៖ រាជរដ្ឋាភិបាលស្វាគមន៍ជានិច្ច ចំពោះប្រជាពលរដ្ឋខ្មែររស់នៅបរទេសដែលធ្លាប់ជេរប្រមាថលើរាជរដ្ឋាភិបាលមកលេងស្រុក។ នេះជាប្រសាសន៍សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីកម្ពុជាក្នុងពិធីបើកការដ្ឋានសាងសង់ លើកម្រិតគុណភាពផ្លូវជាតិលេខ៤១ នាព្រឹកថ្ងៃទី២៦ ធ្នូ ។
ក្នុងឱកាសនោះសម្តេចបានបក់ដៃហៅអ្នកធ្លាប់ជេរសម្ដេចថា «នៅក្រៅប្រទេស អ្នកខ្លះគិតថា ធ្លាប់បានជេររដ្ឋាភិបាល មិនហ៊ានមកផ្ទះ…អត់ទេ ទាល់តែមានដីកាតុលាការអាហ្នឹងទើបជាបញ្ហា ប៉ុន្ដែអ្នកអត់មានដីកាតុលាការ មកលេងស្រុកមក មកមើលមក តើដូចគេនិយាយទេ។ ប៉ុន្ដែអ្នកមានចេតនាបំផ្លាញហើយ ទោះបីយើងធ្វើល្អប៉ុណ្ណា ក៏នៅដដែល»។
ព្រមជាមួយគ្នានេះដែរ សម្តេចតេជោ សម្តែងការ ហួសចិត្តចំពោះក្រុមប្រឆាំង មិនដែលចេះអបអរសាទរចំពោះសមិទ្ធផលជាតិ ខណៈសមិទ្ធផលរបស់ជាតិ គឺជារបស់រួម មិនមែនតែជារបស់បក្សប្រជាជនកម្ពុជានោះឡើយ៕ ដោយ៖ រិន ចំរើន