ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីកម្ពុជានឹងទទួលជួបសំណេះសំណាលជាមួយសិស្សប្រឡងជាប់បាក់ឌុបនិទ្ទេសA នាខែកុម្ភៈ ឆ្នាំ២០២៣ ខាងមុខ ។
ដូចរាល់ដងនៃការប្រកាសជួបសិស្សជាប់និទ្ទេស A ដើម្បីលើកទឹកចិត្តបន្តការសិក្សាថ្នាក់មហាវិទ្យាល័យក៏ដូចផ្តល់អនុសាសន៍ណែនាំមួយចំនួន សម្ដេចក៏បានលើកទឹកចិត្តដល់សិស្សានុសិស្ស កុំផ្ដោតទៅលើនិទ្ទេសពេក សំខាន់លើសមត្ថភាព។
នាឱកាសអញ្ជើញជាអធិបតីក្នុងពិធីបើកការដ្ឋានសាងសង់ លើកម្រិតគុណភាពផ្លូវជាតិលេខ៤១ នាព្រឹកថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២២ សម្ដេចតេជោកោតសរសើរក្រសួងអប់រំ យុវជន និងកីឡា អាជ្ញាធរ និងភាគីពាក់ព័ន្ធជាច្រើនរូទៀត បានចាត់ចែងការប្រឡងបាក់ឌុបប្រកបដោយជោគជ័យ។
សម្ដេចតេជោ បន្ដថា អ្នកប្រឡងបាក់ឌុបឆ្នាំ២០២២នេះ មានអ្នកជាប់រហូតដល់ជាង ៧២ភាគរយ ខណៈសិស្សនិទ្ទេសA ជាង ១០០០នាក់។ ទោះបីជាយ៉ាងណា ក៏ដោយ សម្តេចបានស្នើកុំឲ្យមានការផ្តោតនិទ្ទេស ជាពិសេស លើការសម្រេចជោគវាសនាអនាគត។
សម្ដេចតេជោបញ្ជាក់ថា «ពិតហើយនិទ្ទេសA ត្រូវបានលើកទឹកចិត្តជួបនាយករដ្ឋមន្ដ្រី ហើយគម្រោងនៃការជួបនេះ គឺត្រូវធ្វើប្រហែលជាក្នុងខែកុម្ភៈ ដោយសារការបញ្ជាទិញ Ipad សម្រាប់ចែកជូនសិស្សពូកែរបស់យើង»។
ជាមួយគ្នានេះ សម្ដេចតេជោ ក៏បានលើកទឹកចិត្តអាជ្ញាធរគ្រប់ខេត្ត ផ្តល់ការលើកទឹកចិត្តដោយឡែកពីនាយករដ្ឋមន្រ្តីដល់សិស្សឆ្នើមផងដែរ ។ ក្នុងនោះសម្តេចក៏បានលើកពីអភិបាលខេត្តកំពង់ស្ពឺដែលផ្តល់ម៉ូតូដល់ជ័យលាភីនិទ្ទេស A ទាំង២២នាក់។ សម្តេច ក៏អំពាវនាវដល់សិស្សធ្លាក់បាក់ឌុប ឱ្យបន្តប្រឹងសិក្សា ដើម្បីប្រលងនៅឆ្នាំក្រោយទៀត។
សូមបញ្ជាក់ថា លទ្ធផលនៃការប្រឡងសញ្ញាបត្រ មធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) សម័យប្រឡងនាថ្ងៃ៥ ខែធ្នូ ឆ្នាំ២០២២ មានសិស្សជាប់៩០៩៥០នាក់ស្មើនឹង៧២.៣៣% និទ្ទេស A ចំនួន១០៤៩នាក់, និទ្ទេស B ចំនួន៧២៣២នាក់, និទ្ទេស C ចំនួន១៩០៥៣នាក់, និទ្ទេស D ចំនួន៣១១៦៦នាក់ និង និទ្ទេស E ចំនួន៣២៤៥០នាក់៕ ដោយ៖ រិន ចំរើន