សម្ដេចតេជោ ៖ អនាគតត្រីប្រាកម្ពុជា នឹងនាំទៅចិន ដោយផ្ទាល់

ភ្នំពេញ ៖ ជាដំណឹងល្អសម្រាប់ប្រជាពលរដ្ឋដែលជាអ្នកចិញ្ចឹមត្រីហើយ ដោយសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីកម្ពុជា បានប្រកាសថា នាថ្ងៃខាងមុខត្រីប្រារបស់កម្ពុជា នឹងនាំចេញទៅផ្សារចិនដោយផ្ទាល់ លែងពឹងពាក់ប្រទេសទី៣ហើយ។

នាឱកាសអញ្ជើញជាអធិបតីក្នុងពិធីបើកការដ្ឋានសាងសង់ លើកកម្រិតគុណភាពផ្លូវជាតិលេខ៤១ នាព្រឹកថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២២ សម្ដេចតេជោ មានប្រសាសន៍ថា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាង កម្ពុជា-ចិន បានចូលជាធរមាន ដើម្បីបើកឱកាសឱ្យកម្ពុជាពង្រីកទីផ្សារនាំចេញ ទៅកាន់ចិន។

សម្ដេចតេជោ រំលឹកបន្តិចថា ពីមុនទំនិញរបស់កម្ពុជានាំចេញ ទៅចិន ត្រូវឆ្លងកាត់ប្រទេសទី៣ ប៉ុន្តែឥឡូវតាមរយៈកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាង កម្ពុជា-ចិន ទំនិញរបស់កម្ពុជា បាននាំចូលទៅកាន់ប្រទេសចិនដោយផ្ទាល់ ដូចជា៖ ផ្លែចេក ស្វាយ មៀន ជាដើម។

សម្ដេចតេជោ បានបញ្ជាក់ថា «ខាងមុខនេះ នឹងមាន នាំចេញទៅត្រីប្រារបស់កម្ពុជា ចូលទៅទីផ្សាររបស់ចិន ដែលនោះវាបានផ្ដល់ផលប្រយោជន៍ច្រើនណាស់សម្រាប់កម្ពុជា ចិនមានប្រជាជនជាង ១ពាន់លាននាក់»។

សម្ដេចបន្តថា ទីផ្សាររបស់ចិន គឺជាផ្សារដ៏ធំដែលកម្ពុជា អាចផលិតផលរបស់ខ្លួនទៅ ។ សម្តេចក៏បានណែនាំឲ្យកែច្នៃឱ្យបានត្រឹមត្រូវ ដោយមានអនាម័យខ្ពស់ សម្រាប់នាំចេញទៅទីផ្សាររបស់ចិន៕ ដោយ៖ រិន ចំរើន